ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អគារ​បន្ត​ឡើង​ខ្ពស់ៗ​ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​ប្លង់​មេ

  • គង់ សុឋានរិទ្ធ

ការ​ដ្ឋាន​សំណង់​នៃ​គម្រោង​ក្រុង Olympia City ដែល​ស្ថិត​នៅ​ភាគ​ជើង​ឆៀង​ខាង​កើត​នៃ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)

សំឡេង​កម្មករ​ផ្សារដែក​និង​ចូក​ល្បាយ​ស៊ីម៉ង់​ហាក់​ដូចជា​ស៊ាំ​ត្រចៀក​លោកអ៊ុំ សារិន ​ទៅ​ហើយ។

អង្គុយ​នៅ​លើកៅអី​ផ្លាស្ទីក​មួយជាប់​នឹង​តុ​ដែល​គាត់លក់​បាយ​ជា​ប្រចាំ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣០២ ក្នុង​ចន្លោះ​មហាវិថី​ព្រះ​មុន្នីវង្ស ​និង​ផ្លូវ​លេខ​៦៣ ​ក្នុង​សង្កាត់​បឹង​កេង​កង​១ ​ លោកអ៊ុំ សារិន ​បែរ​មុខ​ទៅ​រក​អគារ​កម្ពស់​៧​ជាន់​មួយ​ដែល​កំពុងតែ​ស្ថិត​ក្នុង​ការសាងសង់ ​ជាប់​នឹង​របង​ផ្ទះ​ចំណាស់​របស់​លោក។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អគារ​ខ្ពស់ៗ​បាន​រីកដុះដាល​ព្រោង​ព្រាតនៅ​ក្នុង​តំបន់​ដែល​លោក​តាំង​លំនៅ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧​មក​ម៉្លេះ។

លោក​អ៊ុំ​ សារិន​រំលឹក​ឡើង​វិញ​ថា៖«ពីមុន​ដីទីនេះ​សុទ្ធ​តែវាល ​គ្មាន​ផ្ទះ។ ឥឡូវ​សុទ្ធ​តែ​ផ្ទះ​ថ្ម​អស់​ហើយ»។

តំបន់​បឹង​កេងកង​មួយ​មិន​ត្រឹមតែ​ជា​តំបន់​ដែល​មាន​ផ្ទះវីឡា​និង​ផ្ទះថ្ម​រីកដុះដាល​នោះ​ទេ ​ប៉ុន្តែ​ជា​តំបន់​មួយ​ក្នុង​ចំណោម​ខណ្ឌ​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ខណ្ឌ​ចំការមន​និង​ខណ្ឌ​ទួល​គោក​ដែល​សំបូរ​ដោយ​អគារ​ខ្ពស់ៗ​ទើប​នឹង​សាងសង់រួច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នៅពីមុខ​ផ្ទះ​របស់​លោកអ៊ុំ សារិន ​ឆៀង​ឆ្វេង​ដៃ​បន្តិច​មានអគារ​ De Castle ​មួយ​កម្ពស់​៣២​ជាន់​ដែល​នៅ​មិន​ឆ្ងាយ​ពី​អគារ​៤២​ជាន់​ Golden Tower ​លើ​មហាវិថី​ព្រះមុន្នីវង្ស​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់​ជាច្រើន​ឆ្នាំ​មក​ហើយ​ប៉ុន្តែ​នៅ​ក្នុង​រង្វង់​១០០ម៉ែត្រ​ពីផ្ទះ​របស់​លោក សារិន ​យ៉ាងហោច​ណាស់​មាន​អគារ​ខ្ពស់ៗ​ចំនួន​បួន​ទៀត​កំពុង​ស្ថិតក្នុង​ការ​សាងសង់​ដែរ។

​លោកចេង ខេង ​ប្រធាន​ក្រុម​ហ៊ុន​អចលនទ្រព្យ​CPL​និង​ជា​ប្រធាន​សមាគមអ្នកវាយតម្លៃ​អចលន​ទ្រព្យ​ពន្យល់​ថា​ការរីកដុះ​ដាល​នៃ​អគារ​ខ្ពស់ៗ​កប់​ពពក​ក្នុ​ងក្រុង​ភ្នំពេញ​បាន​បង្ហាញ​ពី​សញ្ញា​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច។

លោក​ចេង ខេង​បន្ថែម​ថា៖

«យើង​ឃើញ​ថា​ប្រទេស​រីក​ចម្រើនបង្អួតគ្នា​លើ​សំណង់​អគារ​ខ្ពស់ៗ​ហ្នឹង​ហើយ​ដែល​អ្នក​វិនិ​យោគ​មក​បោះទុន។ ឥឡូវ​ប្រទេស​យើង​ក៏​កំពុង​ចាប់​ផ្តើម​ការ​ប្រកួត​ប្រជែង​នេះ​ដែរ»។

​អគារ​ខ្ពស់​នៅ​ក្នុ​ងទី​ក្រុង​ភ្នំពេញ​មាន​ដូចជា​Apartment ​សម្រាប់​ជួល​ស្នាក់​នៅ​ មាន ខុនដូ ​ដែល​ជន​បរទេស​ឬ​ពលរដ្ឋ​កម្ពុជា​អាច​ទិញ​សម្រាប់​ស្នាក់​នៅ​បាន។​

លោកចេង ខេង ​មាន​ប្រសាសន៍​ថា​នេះ​មិន​ត្រឹម​តែ​ជា​ការបង្ហាញ​នូវ​ការ​វិនិយោគ​ផ្នែក​សំណង់​នោះ​ទេ​ប៉ុន្តែ​វាក៏ជា​ការ​ប្រកួត​ប្រជែង​លើ​វិស័យ​សេដ្ឋកិច្ច​ក្នុ​ងស្រុក​ដែរ។

«ពីមុន​មក​យើង​ឃើញ​ថា​មាន​អគារ​ខ្ពស់​ត្រឹម​តែ​១០ជាន់​ឬ​១៥​ជាន់​តែ​ប៉ុណ្ណោះ។​ប៉ុន្តែ​បច្ចុប្បន្ន​មាន​៣០​ជាន់​ ៤៥​ជាន់។​ហើយ​នៅចុង​ឆ្នាំ​នេះ​មាន​ការ​ប្រកាស​ថា​នឹង​មាន​រហូត​ដល់​៥០​ទៅ​៥២​ជាន់»។

មក​ដល់​ឆ្នាំ​២០១៤ មាន​ខុន​ដូ​ជាង​២០​ ត្រូវបាន​សាងសង់​រួច​និង​កំពុង​សាងសង់​នៅ​ក្រុង​ភ្នំពេញ។

អគារ​ទាំង​នោះ​រីក​ដុះដាល​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្លុក​សង្កាត់​បឹង​កេងកង​ នៃ​ខណ្ឌ​ចំការមន ​តំបន់​នៃ​សង្កាត់​ទន្លេបាសាក់ ​នៅ​តំបន់ទី​ប្រជុំជន​នៃ​ខណ្ឌទួលគោក ​មួយ​ចំនួន​នៅ​ខណ្ឌដូន​ពេញ​និង​តំបន់​សង្កាត់​ជ្រោយ​ចង្វា​នៅត្រើយ​ម្ខាង​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់។

​ប៉ុន្តែ​អគារ​ដែល​ខ្ពស់​ជាង​គេ​បំផុត​មាន​ចំនួន​បួន​ដែល​ទើបសង់​រួចគឺអគារ​De Castle Royal Tower

ក្នុង​ខណ្ឌ​ចំការមន​ដែល​មាន​កម្ពស់​១១៧​ម៉ែត្រ​និង​៣៣​ជាន់សាងសង់​រួចនៅ​ឆ្នាំ​២០១៣​និង​អគារ​ធនាគារ​វឌ្ឍនៈ​ក្នុង​ខណ្ឌដូន​ពេញ​កម្ពស់​១១៨​ម៉ែត្រ​ដែល​មាន​កម្ពស់​៣៨​ជាន់សង់រួច​រាល់​ក្នុ​ងឆ្នាំ​២០១៤​នេះ​ រីឯ​អគារ​Golden Tower 42 ​ទី​១​និងទី​២​កម្ពស់​១៩២​ម៉ែត្រ​និង៤២​ជាន់​កំពុង​ស្ថិត​ក្រោម​ការសាងសង់។

ដោយឡែក​អគារ​ដែលមាន​កម្ពស់​១១៨​ម៉ែត្រ​ចំនួន​៦​ត្រូវ​បាន​សាងសង់​រួច​រាល់កាល​ពីបួន​ឆ្នាំ​មុនក្នុង​នោះ​មាន​អគារ​ធនាគារ​កាណាឌីយ៉ា​ ដែល​មាន​៣២​ជាន់​ផង​ដែរ។​

​ម្យ៉ាងវិញទៀត​យ៉ាង​ហោច​ណាស់​មាន​ខុនដូ​កម្ពស់​៣៣​ជាន់​និង​កម្ពស់​២២​ជាន់​ចំនួន​ប្រាំគ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់នៅ​តំបន់​កោះ​ពេជ្រ​ហើយ​គម្រោង​សាងសង់​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧។​ក្រៅ​ពីនោះ​នៅ​កោះពេជ្រ​ដដែល​នេះ​ក៏នឹង​មាន​សំណង់​អគារ​មួយ​ដែល​មាន​ឈ្មោះ​ថា​អគារ​ពេជ្រ​ដែល​នឹង​មាន​កម្ពស់​ខ្ពស់​ដាច់គេ​ប្រចាំ​តំបន់​គឺ​រហូត​ដល់​កម្ពស់​៥៥៥​ម៉ែត្រ។

​បើទោះជា​បែប​នេះ​ក្តី​រាជរដ្ឋា​ភិបាល​កម្ពុជា​ហាក់​ដូចជា​មិន​ទាន់មាន​ផែន​ការជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ដើម្បី​កំណត់​តំបន់​ដែល​អាច​សាងសង់​អគារ​ខ្ពស់ៗ​ឬ​ផែនទី​សំណង់​ជាក់​លាក់​សម្រាប់​ការ​រៀប​ចំ​ក្រុង​ច្បាស់​លាស់​នោះ​ទេ។

វិស័យ​សំណង់​គឺជា​គ្រឹះ​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​របស់​ប្រទេស​កម្ពុជា។​ការវិនិយោគ​លើ​អគារ​ខ្ពស់ៗ​នាពេល​កន្លងមក​ដឹក​នាំ​ដោយ​ប្រទេស​ចំនួន​ប្រាំ។​នៅ​ក្នុង​នោះ​ប្រទេស​កូរ៉េ​និង​ចិន​គឺជា​ប្រទេស​នាំ​មុខ​គេ។​

តាម​របាយការណ៍​របស់​ក្រសួង​នគរូបនីយកម្ម​និង​សំណង់ ត្រឹម​៤​ខែ​ដើម​ឆ្នាំ​២០១៤ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យនៅ​កម្ពុជា​មាន​តម្លៃ​១,៤​ពាន់​លាន​ដុល្លារ​ ដែល​កើន​ឡើង​ប្រមាណ​៣០០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៣។
តែទោះជា​យ៉ាងណា​លោកចេង ខេង ​ប្រធាន​ក្រុម​ហ៊ុន​អចលនទ្រព្យ​CPL​និង​ជា​ប្រធាន​សមាគមអ្នកវាយតម្លៃ​អចលន​ទ្រព្យ​ព្រួយបារម្ភ​ថា​រដ្ឋា​ភិបាល​មិន​មាន​ផែន​ការ​ជាក់​លាក់​ក្នុង​ការកំណត់​ការសាងសង់​អគារ​ខ្ពស់ៗ​ទាំងនេះ។

«អគារ​ខ្ពស់ៗ​កាលណា​សង់ទៅ​ធ្វើ​ឲ្យ​ចរាចរ​ស្ទះ​ ដូច្នេះ​រដ្ឋា​ភិបាល​ត្រូវរៀប​ចំ​ជា​ផែនការ​មេ​ថា​តើ​អគារ​ខ្ពស់ៗ​គួរ​នៅ​តំបន់​ណា​ពីព្រោះ​ដូច​នៅ​តំបន់​បឹង​កេងកង​សង់​អគារ​ខ្ពស់ៗ​ច្រើន​ ហើយ​មាន​ផ្លូវ​ក៏​តូចៗ។ យើង​មាន​ប្រព័ន្ធ​លូនៅ​មាន​កម្រិត»។

លោកស៊ីន បូរ៉ាមី ​នាយក​ទីចាត់ការ​រៀបចំ​ក្រុង​ ឲ្យ​ដឹង​ថា​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការសិក្សា​លើ​បញ្ហា​នេះ​និង​បាន​បញ្ជូន​ទៅ​កាន់​ក្រសួង​ដែនដី​ នគររូបនីយកម្ម​និង​សំណង់រួច​ហើយ។

ហើយ​កាលពីថ្ងៃ​១១ ​ខែកញ្ញា​កន្លងមក​គណៈកម្មការ​ជាតិ​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​បានឯកភាព ​លើប្លង់​គោល​នៃ​រាជធានី​ភ្នំពេញ​សម្រាប់​ការ​អនុវត្ត​រហូត​ដល់​ឆ្នាំ​២០៣៥។

ប្លង់​នេះ​បាន​កំណត់​តំបន់​សាងសង់​អគារ​ខ្ពស់ ​និង​លក្ខណៈ​សំណង់​បែបណា​ និង​កំណត់​ពី​ទីតាំង​អភិ​រក្ស​ផងដែរ​ដូចជា​តំបន់​ជុំវិញ​ព្រះ​បរម​រាជវាំង​ វិមាន​ឯករាជ្យ​ និង​វត្តភ្នំ​ជាដើម។
លោកស៊ីន បូរ៉ាមី ​បញ្ជាក់​ថា​ប្លង់គោល​នេះនឹង​ត្រូវ​អនុម័ត​ដោយ​រាជរដ្ឋា​ភិបាល​ទើប​មាន​សុពល​ភាព​សម្រាប់​យក​ទៅ​អនុវត្តន៍​បាន។

«នៅ​ក្នុង​ប្លង់​គោល​នេះ​បាន​កំណត់​តំបន់​មួយ​ចំនួន​រួចហើយ។​វា​ជា​ត្រីវិស័យ​មួយសម្រាប់​ឲ្យ​យើង​សិក្សា​ពី​ប្លង់​លម្អិត​តាម​ខណ្ឌ​និមួយៗ​តទៅ​ទៀត។ ឧទាហរណ៍​តើត្រូវ​រៀប​ចំ​ប្លង់​តាម​ខណ្ឌ។​គណៈ​កម្មការ​សំណង់​និង​នគររូបនីយ​កម្ម​ត្រូវ​ធ្វើ​ប្លង់​លម្អិត​អំពី​ប្លង់​ប្រើ​ប្រាស់​ដីនៅ​ពេល​នោះ​ទើប​មាន​ច្បាប់​ត្រូវ​សង់​របៀប​ណា ​កម្ពស់​ប៉ុន្មាន​និង​ឃ្លាត​ពី​ផ្លូវ​ប៉ុន្មាន»។​

លោកហ៊ុយ ណារ៉ា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សំណង់​នៃ​ក្រសួង​ដែន​ដី​ នគររូបនីយ​កម្ម​និង​សំណង់ ​មាន​ប្រសាសន៍​ថា​អគ្គនាយក​ដ្ឋាន​រៀប​ចំ​ដែន​ដី​និង​នគររូបនីយ​កម្ម​បាន​កំណត់​រួច​ហើយ​ដែរ​តាម​គម្រោង​បំព្រួញ​ដោយ​កម្រិត​តាម​ទំហំ​ដី​និង​តំបន់​នៃ​ទីតាំង​សាងសង់​ផង​ដែរ៕

XS
SM
MD
LG