ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះពេជ្រ​ពង្រីក​កាន់​តែ​ធំ​ធ្វើ​ឱ្យ​អ្នក​បរិស្ថាន​ព្រួយ​បារម្ភ


សំណង់​ថ្មី​មួយ​នៅ​កោះពេជ្រ។ (ឃួន ធារ៉ា/វីអូអេ)
សំណង់​ថ្មី​មួយ​នៅ​កោះពេជ្រ។ (ឃួន ធារ៉ា/វីអូអេ)
តំបន់​កោះ​ពេជ្រ​ដែល​ដើម​ឡើយ​គ្រាន់​តែ​ជា​លំនៅដ្ឋាននិង​កន្លែង​ដាំ​បន្លែរបស់​គ្រួសារ​ក្រីក្រ​ប៉ុន្មាន​រយ​នាក់នោះ ឥឡូវនេះ​បាន​ប្រែ​ក្លាយ​មុខ​មាត់​ទាំងស្រុង​ទៅជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​សំណង់​ដ៏​លេច​ធ្លោ​មួយ​របស់​កម្ពុជា។

​កោះ​ទំហំ​១០០​ហិកតា​ដែល​នៅ​ប្រសព្វ​នឹង​ទន្លេ​បួន​មុខ​នេះ ត្រូវ​បាន​អភិវឌ្ឍ​នៅ​ឆ្នាំ​២០០៦​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (Overseas Cambodian Investment Corporation) របស់​ធនាគារ​កាណាឌីយ៉ា ​បន្ទាប់​ពី​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ​នៅ​ទី​នោះ​លក់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ដ៏​ទាប​មួយ។

ក្រុមហ៊ុន​កម្ពុជា​ដ៏​ធំមួយ​នេះ​បាន​លក់​ដី​មួយ​ចំនួន​បន្ត​ឬ​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុនឯកជន​មួយ​ចំនួន​ទៀត ដើម្បី​សាងសង់​សំណង់​ទំនើប​ៗ​ដែល​មាន​តម្លៃ​សរុប​ជា​ច្រើន​ពាន់​លាន​ដុល្លារ។ ​គម្រោង​ធំៗ​ទាំង​នោះ​មាន​ដូច​ជា​គម្រោងRiviera ដែល​មាន​តម្លៃ​៧០០​លាន​ដុល្លារ ដែល​មាន​ខុនដូ​៣៣​ជាន់​ចំនួន​៣​អគារ ខុនដូ​២៩​ជាន់​ចំនួន​២​អគារ អាង​ហែល​ទឹក ផ្សារ​ទំនើប មន្ទីរពេទ្យ និង​សាលារៀន​លំដាប់​អន្តរជាតិ និង​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧ គម្រោង​ខុនដូ Casa Meridian គម្រោង​ផ្សារ​ទំនើប​La Siene គម្រោង​បុរី​វរជន​ជា​ដើម និង​គម្រោង​សំណង់​អគារ​ពេជ្រ​ដែល​មាន​កម្ពស់​រហូត​ដល់​៥៥៥​ម៉ែត្រជា​ដើម។
គម្រោង​សំណង់ Riviera នៅ​កោះពេជ្រ
គម្រោង​សំណង់ Riviera នៅ​កោះពេជ្រ
លោកស្រី អ៊ុំ ប៊ុនអាន អ្នក​គ្រប់គ្រង​ផ្នែក​លក់​របស់​អគារ​ខុនដូ Casa Meridian ដែល​ទើប​តែ​បើក​ការដ្ឋាន​សាងសង់​នៅ​ផ្នែក​ខាង​លិច​កោះ​នេះ ថ្លែង​ថា​សំណង់​ខុនដូ​ភ្លោះ​កម្ពស់​៣៣​ជាន់​នេះ ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ហុងកុង​មួយ​ក្នុង​ទឹក​ប្រាក់៧៥​លាន​ដុល្លារ លើ​ទំហំ​ដី​៥.០០០​ម៉ែត្រ​ការ៉េ ហើយ​គ្រោង​នឹង​បញ្ចប់ការ​សាងសង់​នៅ​ឆ្នាំ​២០១៧។

លោកស្រី អ៊ុំ ប៊ុនអាន បន្ថែម​ថា​ក្រុមហ៊ុន​នេះ​បាន​លក់​អគារ​អស់​ប្រមាណ​៧៥​ភាគរយ​ហើយ ក្នុង​តម្លៃ​ចាប់​ពី​៨​ម៉ឺន​ទៅ​ដល់​៥៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ល្វែង ក្រោយ​ពីបានបើក​លក់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដែល​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ឆ្ងាយ។ អ្នក​ទិញ​ទំាង​នោះ​៧០​ភាគរយជា​ជនជាតិ​ខ្មែរ និង​ផ្សេង​ទៀត​ជា​ជន​បរទេស​ដូចជាជនជាតិ​ចិន ជប៉ុន និង​ជនជាតិ​អូស្ត្រាលី​ជា​ដើម។

«ចំពោះ​អតិថិជន​មាន​លក្ខណៈ​ចម្រុះ។ ខ្មែរ​យើង​ក៏​មាន​ ភាគ​ច្រើន​គាត់​ទិញ​សម្រាប់​ជួល​ឬ​ឱ្យ​កូន​សម្រាប់​រស់នៅ។ ឯ​ចំណែក​បរទេស​វិញ​គាត់មិន​អាច​ទិញ​ផ្ទះ​ល្វែង​ឬ​ផ្ទះ​វីឡា​អ្វី​បាន​ទេ។ អញ្ចឹង​នេះ​ជា​ជម្រើស​ទី​មួយ​របស់​គាត់​ហើយ។ ហើយ​ដី​នេះ​ពេល​គាត់​ទិញ​ហើយ​គាត់​មាន​សិទ្ធិ​ធ្វើ​ប្លង់​រឹង​បាន​ហើយ»។

ស្រប​ពេល​ដែល​សំណង់​ធំៗ​ទាំង​កំពុង​សាងសង់​ ​សំណង់​មិន​មែន​ជាលំនៅដ្ឋាន​ជា​ច្រើនបាន​ដាក់​ឱ្យ​ដំណើរការ​ហើយ ក្នុង​នោះ​មាន​ដូចជា​សាល​រៀប​មង្គលការ កន្លែង​វាយ​កូន​ហ្គោល ស្ថានីយ៍​ពន្លត់​អគ្គិភ័យ និង​សាល​តាំង​ពិពណ៌​កោះ​ពេជ្រ និង​ភោជនីយដ្ឋាន​ជាប់​មាត់​ទន្លេ​ជា​ដើម ដែល​បាន​ទាក់ទាញ​យុវជន​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​ក្រុង​ភ្នំពេញ​សម្រាប់​ជិះ​កម្សាន្ត​និង​សម្រាក​លំហែ​កាយ​នៅ​ទី​នេះ។

កំពុង​អង្គុយ​លើ​បង់​មួយ​ជាមួយ​មិត្តភក្តិ កញ្ញា អ៊ាន សុគន្ធារី អាយុ​១៨​ឆ្នាំ ជា​សិស្ស​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ ថ្លែង​ថា ​គេ​បាន​មក​លំហែ​នៅ​ទី​នេះ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ខែ។

«យូរៗ​មក​ម្តង។ ពេល​ខ្លះ​ចេញ​ពី​រៀន ចេះ​តែ​ជិះ​លេង​ជុំវិញ​ហ្នឹង​ហើយ​ទៅ​វិញ។ មក​លក្ខណៈ​លំហែ​កាយ​ជាមួយ​មិត្តភក្តិ​ហើយ​ជាមួយ​គ្រួសារ​ពេល​ខ្លះ។

លោក លីវ អាន ជា​ម្ចាស់​ភោជនីយដ្ឋាន​តូច​មួយ​នៅ​ទី​នោះ។

«ល្ងាច​ឡើង​ត្រជាក់​គេ​ជិះ​មក​លំហែ​កាយ​ឬ​ក៏​មក​មើល​អ្វី​ទៅ ហើយ​អ្នក​ខ្លះ​គេ​ចូល​ហូប​អ្វី​បន្តិច​បន្តួច​ក៏​ត្រឡប់​ទៅ​វិញ​ទៅ»។

លោក ទូច សំណាង នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជាមិន​អាច​ទំនាក់​ទំនង​សូម​អត្ថាធិប្បាយ​ជុំ​វិញ​គម្រោង​អភិវឌ្ឍន៍​និង​ទឹកប្រាក់​វិនិយោគ​លម្អិតបាន​ទេជា​ច្រើនថ្ងៃមក​នេះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលាក្រុង​ភ្នំពេញ​អះអាង​ថា ​លោក​មិន​បាន​ដឹង​ពី​លក្ខខណ្ឌ​ចរចា​នៅ​តំបន់​កោះពេជ្រ​នោះ​ទេ។

«ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ។ ខ្ញុំ​អត់​ដឹង​រហូត​ដល់​រឿង​ចំនួន​ទឹក​ប្រាក់​អ្វី​នោះ​ទេ»។

លោក បេង សុជាតិខេមរ៉ូ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​នគរូបនីយកម្ម​និង​សំណង់ ថ្លែង​ថា​តំបន់​កោះ​ពេជ្រ​កំពុង​ដើរ​តួ​ជា​តំបន់​សេវា​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។

​«កោះ​ពេជ្រ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដូចជា​ការ​តាំង​ពិព័រណ៍និង​ពិធី​ផ្សេង​ៗ​ដូចជា​ពិធីការ​អញ្ចឹង​នៅ​កោះពេជ្រ​នេះ​ប្រមូល​ផ្តុំ។ ​វា​នឹង​ក្លាយ​ជា​តំបន់​សេវា​ពាណិជក្ម​មួយ​ទៅ​ថ្ងៃ​អនាគត​ប្រសិន​បើ​គម្រោង​ទាំង​អស់​នេះ​បាន​ទទួល​ជោគជ័យ»។

វិស័យ​សំណង់​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា បន្ទាប់​ពី​វិស័យ​កាត់ដេរ​និង​ទេសចរណ៍។ ហើយ​ការ​សាងសង់​សំណង់​ខ្ពស់​ៗ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ពិសេស​សំណង់​នៅ​តំបន់​កោះពេជ្រ​មាន​កំណើន​ខ្ពស់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តាម​របាយការណ៍​របស់​ក្រសួង​នគរូបនីយកម្ម​និង​សំណង់ ត្រឹម​៤​ខែ​ដើម​ឆ្នាំ​២០១៤ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យនៅ​កម្ពុជា​មាន​តម្លៃ​១,៤​ពាន់​លាន​ដុល្លារ​ ដែល​កើន​ឡើង​ប្រមាណ​៣០០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៣។

លោក នួន ឬទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ ប៊ុនណា គ្រុប ឱ្យ​ដឹង​ថា​ដី​នៅ​តំបន់​កោះពេជ្រ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​ចន្លោះ​ពី​២.៥០០​ដុល្លារ​ទៅ​៣.៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដោយ​សារ​ទីតាំង​ភូមិសាស្ត្រ​ល្អ​និង​មាន​តម្រូវការ​ខ្ពស់ ដែល​ធ្វើ​ឱ្យកោះពេជ្រក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​ឈាន​មុខ​មួយ​របស់​ក្រុង​ភ្នំពេញ។

«វា​កំពុង​ក្លាយ​ជា​តំបន់​ឈាន​មុខ​គេ​ក្នុង​កណ្តាល​ទីក្រុង​ ជា​បេះ​ដូង​ហើយ​បើ​យើង​ធៀប​ទៅ​ថ្ងៃ​អនាគត។​ ​បើ​ប្រៀបធៀប​ប្រទេស​ជិត​ខាង យើង​នៅ​គ្រាន់​បើ​ជាង​គេ​ច្រើន​បើ​និយាយ​ពី​តម្លៃ​ ហើយ​ក្នុង​តំបន់​អាស៊ាន យើង​មាន​ទី​តាំង​ចំ​កណ្តាល​បេះដូង​នៃ​អាស៊ាន បើ​និយាយ​ពី​ការ​ហោះហើរ​ពី​កម្ពុជា​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មិន​លើស​ពី​២​ម៉ោង​ទេ។ ហើយ​បើ​និយាយ​ពី​អាកាសធាតុ​យើង​ក្តៅ​ល្មម ហើយ​មិន​មាន​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ»។

កាល​ពី​ឆ្នាំ​២០១០ កម្ពុជា​បាន​អនុម័ត​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​ជនជាតិ​បរទេស​ទិញ​ផ្ទះចាប់​ពី​ជាន់​ទី​មួយ​ឡើង​ទៅ ដែល​នាំ​ឱ្យ​ការ​សាងសង់​ខុនដូ​និង​សំណង់ខ្ពស់ៗ​ជា​បន្ត​បន្ទាប់។ មក​ដល់​ឆ្នាំ​២០១៤ មាន​ខុន​ដូ​ជាង​២០​អគារហើយ​ដែល​បាន​សាងសង់​រួច​និង​កំពុង​សាងសង់​នៅ​ក្រុង​ភ្នំពេញ ហើយ​យ៉ាង​ហោច​ណាស់​មាន​ខុនដូ​ចំនួន​៥​អគារទៀត​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​រួម​ទាំង​ខុនដូ​នៅ​តំបន់​កោះ​ពេជ្រ​ផង​ដែរ។
ដៃ​ទន្លេ​បាសាក់​ហូរ​កាត់​កោះពេជ្រ
ដៃ​ទន្លេ​បាសាក់​ហូរ​កាត់​កោះពេជ្រ
យ៉ាង​ណា​ក៏​ដោយ ​ការ​អភិវឌ្ឍ​តំបន់​កោះពេជ្រ​ក៏​កំពុង​តែ​ស្ថិត​ក្រោម​ការ​រិះគន់​ពី​អ្នក​បរិស្ថាន​និង​គណបក្ស​ប្រឆាំង​ផង​ដែរ បន្ទាប់​ពី​មាន​ការ​ចាក់​ដី​ខ្សាច់ដើម្បី​ពង្រីក​កោះ​ដ៏​មាន​តម្លៃ​មួយនេះ​ទៅ​ផ្នែក​ខាង​ជើងប្រវែង​៥០០​ម៉ែត្រ​។

លោក Ian Baird សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​ភូមិសាស្ត្រ​នៅ​សកលវិទ្យាល័យ Wisconsin-Madison នៃ​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​ឯកទេស​ផ្នែក​បរិស្ថាន​ក្នុង​តំបន់​ទន្លេ​មេគង្គ​អះអាង​តាម​សារ​អេឡិចត្រូនិក​មក​កាន់​វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក​ថា​កោះ​ពេជ្រ​ជា​តំបន់​ត្រី​បម្លាស់ទី​ដ៏​សំខាន់​រវាង​បឹង​ទន្លេ​សាប​និង​ទន្លេ​មេគង្គ ហើយ​ត្រី​ផ្លាស់ទី​ក្នុង​ចំនួន​យ៉ាង​ច្រើន​ពី​បឹង​ទន្លេ​សាប​នៅ​ចុង​រដូវ​វស្សា​និង​ត្រឡប់​ទៅ​បឹង​ទន្លេ​សាប​វិញ​នៅ​ដើម​រដូវ​វស្សា។ ដូច្នេះ​លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​ធានា​ឱ្យ​បាន​ថា​ការ​ពង្រីក​ដី​នៅ​ទី​នោះមិន​ប៉ះពាល់​ដល់​ធនធាន​ត្រី​និង​ការ​បម្លាស់ទី​របស់​ត្រី។

កាល​ពី​ដើម​ឆ្នាំ​២០១៣ គណបក្ស​ប្រឆាំង​ក៏​បាន​សរសេរ​លិខិត​សូម​ការ​ឆ្លើយ​បំភ្លឺ​អំពី​ការ​ចាក់​ដី​ពង្រីក​កោះ​ពេជ្រ​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រីនិង​ក្រសួង​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផង​ដែរ​ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប។

លោក សុន ឆ័យ តំណាងរាស្ត្រជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ការ​ពង្រីក​ដី​នៅ​ទី​នោះ​កំពុង​ប៉ះពាល់​ដល់​បរិស្ថាន​ដែល​នៅ​ជុំ​វិញ​នោះ។

«​ការ​ពង្រីក​បន្ថែម​នេះ​ប៉ះពាល់​លើ​បរិស្ថាន​ពីរ​យ៉ាង។ ទី​មួយ​គឺ​ចរន្ត​ទឹក​ទន្លេ​មេគង្គ​ដែល​ធ្លាក់​មក​ហើយ​ត្រូវ​ស្ទះ​ដោយ​សារ​ការ​ពង្រីក​កោះ​នេះ ធ្វើ​ឱ្យ​ច្រក​ចុះ​ទៅ​ក្រោម​គឺ​ចង្អៀត​អាច​នាំ​ឱ្យ​បាក់​ដី​នៅ​ត្រើយ​ម្ខាង​ដែល​មាន​ពលរដ្ឋ​រស់​នៅ​ជា​ច្រើន។ ទី​ពីរ​វា​ធ្វើ​ឱ្យ​ចរន្ត​ទឹក​ហូរ​មាន​ការ​ប្រែ​ប្រួល​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធនធាន​ត្រី»។

យ៉ាង​ណា​ក៏​ដោយ លោក បេង ហុងសុជាតិខេមរ៉ូ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​នគរូបនីយកម្ម​និង​សំណង់ អះអាង​ថា​ ការ​អភិវឌ្ឍ​តំបន់​កោះ​ពេជ្រ​មាន​ការ​សិក្សា​យ៉ាង​ល្អិត​ល្អន់​ពី​ផល​ប៉ះពាល់​ផ្នែក​សង្គម​និង​បរិស្ថាន​មុន​នឹង​ដាក់​ឱ្យ​ធ្វើ​ការ​អភិវឌ្ឍ​និង​ពង្រីក​ដី​នៅ​ទីនោះ៕
XS
SM
MD
LG