Hello VOA៖ CEOរបស់ MRCsថា ការធ្វើអន្តរជាតូបនីយកម្មតំបន់មេគង្គជារឿងល្អ តែចិនគួរចែករំលែកទិន្នន័យថែមទៀត
អ្នកដឹកនាំលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (Mekong River Commission Secretariat) ដែលជាស្ថាប័នអន្តររដ្ឋាភិបាល ធ្វើការងារសម្របសម្រួលបញ្ហាទឹកក្នុងមហាអនុតំបន់ទន្លេមេគង្គ បានលើកឡើងថា ការធ្វើឲ្យតំបន់មេគង្គក្លាយជាចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិនឹងជួយដល់បណ្តាប្រទេសមេគង្គ ជាពិសេសប្រទេសនៅតាមខ្សែទឹកខាងក្រោមរួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម។ លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃ MRCsមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOAកាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការចែករំលែកព័ត៌មានអំពីជលសាស្ត្រនៃទំនប់របស់ចិនចំនួន២កាលពីពេលថ្មីៗនេះ ជាកាយវិការគួរឲ្យសាទរហើយ ប៉ុន្តែលោកថា បណ្តាប្រទេសមេគង្គដទៃទៀត ត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីពួកគេអាចព្យាករណ៍ទឹកជំនន់និងគ្រោះរាំងស្ងួត បានកាន់តែប្រសើរជាងនេះ៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០)