Hello VOA៖ អ្នកជំនាញថាសេរីភាពសារព័ត៌មាននៅកម្ពុជា នៅតែមិនល្អ ដោយអ្នកសារព័ត៌មាន៧១នាក់រងការធ្វើទុក្ខបុកម្នេញក្នុងឆ្នាំ២០២០
អ្នកតស៊ូមតិខាងសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា លើកឡើងថាក្នុងឆ្នាំ២០២០ មានការចាប់ខ្លួន ឃាត់ខ្លួននិងធ្វើទុក្ខបុកម្នេញចំនួន៣៦ករណីលើអ្នកសារព័ត៌មានសរុបយ៉ាងតិច៧១នាក់ក្នុងខេត្តក្រុងចំនួន១៥ក្នុងប្រទេសកម្ពុជា។ លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បានថ្លែងនៅក្នុងកម្មវិធី Hello VOAកាលពីថ្ងៃច័ន្ទទី១១ខែមករាឆ្នាំ២០២១ថាទោះបីជាករណីខ្លះមិនជាប់ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានអាជីពក៏ដោយ ក៏អ្នកសារព័ត៌មានភាគច្រើនត្រូវបានធ្វើទុក្ខបុកម្នេញក្នុងពេលពួកគេបំពេញវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន។ លោកថ្លែងថា «កាលណាយើងមានការចោទប្រកាន់ ការប្តឹងផ្តល់តាមផ្លូវតុលាការ បងប្អូនអ្នកសារព័ត៌មាន ជា[ពិសេស]អ្នកដែលមានការស្រលាញ់ ពេញចិត្តចំពោះវិជ្ជាជីវៈជាអ្នកសារព័ត៌មាន...រង់ចាំតែត្រូវចោទប្រកាន់នេះ ខ្ញុំគិតថាវាមានភាពអយុត្តិធម៌ខ្លាំងណាស់ដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ហ្នឹង»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១១ មករា ២០២១)