Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ខ្សែជីវិតពីស្រ្តីលក់ស្រាបៀរក្លាយជាមេដឹកនាំសហជីព
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម បានថ្លែងថា អ្នកស្រីមានមោទនភាពដែលបានសម្រេចនូវអ្វីដែលជាក្តីស្រម៉ៃរបស់អ្នកស្រី បើទោះបីជាអ្នកស្រីមិនបានក្លាយជាមេធាវីដូចអ្វីដែលអ្នកស្រីធ្លាប់ប៉ងប្រាថ្នាកាលពីនៅក្មេងក៏ដោយ ប៉ុន្តែអ្នកស្រីបានប្រើតួនាទីរបស់អ្នកស្រីជាតំណាងកម្មករនិយោជិត ផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងពន្យល់ពួកគេអំពីសារៈសំខាន់របស់សហជីព និងការប្រើប្រាស់សិទ្ធិ និងទាមទារនូវអ្វីដែលជាអត្ថប្រយោជន៍ ដែលកម្មករនិយោជិតគួរទទួលបានដើម្បីអាចរស់បាននៅក្នុងភាពថ្លៃថ្នូរ។ អ្នកស្រីបានបន្ថែមថា អ្នកស្រីបានយកការប្រមាថមាក់ងាយលើអ្នកស្រី ធ្វើជាថ្នាំប៉ូវដើម្បីឲ្យអ្នកស្រីមានថាមពលកាន់តែខ្លាំងតស៊ូជម្នះនឹងឧបសគ្គនានាដើម្បីសម្រេចតាមគោលដៅ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២)