Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការងារក្នុងប្រព័ន្ធផ្សព្វផ្សាយអាចជួយផ្លាស់ប្តូរឥរិយាបថសាធារណជនលើតួនាទីរបស់ស្ត្រីក្នុងសង្គម
អ្នកស្រី អ៊ុង ច័ន្ទថុល បានក្លាយជានាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលជាស្ថាប័នសារព័ត៌មានស្ត្រីតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើការផ្សព្វផ្សាយអំពីសិទ្ធិ តួនាទី និងសារៈសំខាន់នៃការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមនៃប្រទេសកម្ពុជា ចាប់តាំងឆ្នាំ ១៩៩៥ មក។ បើទោះបីជាអ្នកស្រីមិនមានជំនាញខាងវិស័យសារព័ត៌មាន អ្នកស្រីបានបំពេញតួនាទីជាអ្នកដឹកនាំស្ត្រីមួយរូបក្នុងវិស័យដែលគ្របដណ្តប់ដោយបុរសនេះ ដោយសង្ឃឹមថា អ្នកស្រីអាចជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថសាធារណជនលើតួនាទីរបស់ស្ត្រីក្នុងសង្គម។ ស្របពេលជាមួយគ្នានោះ អ្នកស្រីក៏បានសង្កេតឃើញថា សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជានៅរងការរឹតបន្តឹង ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំណែកឯសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន ក៏មានការប្រឈមនឹងហានិភ័យ ដែលជាហេតុធ្វើឱ្យស្ត្រីក្នុងវិស័យសារព័ត៌មានមានចំនួនតិច ពោលគឺមានចំនួនជិត ៥០០ នាក់ ស្មើនឹងប្រមាណ៩ ភាគរយប៉ុណ្ណោះក្នុងចំណោមអ្នកសារព័ត៌មានសរុបប្រមាណជា ៥.០០០ នាក់នៅកម្ពុជា។ អ្នកស្រី អ៊ុង ច័ន្ទថុល បានឱ្យដឹងទៀតថា ស្ត្រីក្នុងវិស័យសារព័ត៌មាន ប្រឈមនឹងបញ្ហាជាច្រើន រួមមានការបៀតបៀនផ្លូវភេទ ពាក្យសម្តីអសុរស និងអសុវត្ថិភាព៕ (អ្នកស្រី ធីតា វីន, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, ភ្នំពេញ, ១ ឧសភា ២០២៣)