Hello VOA៖ លោក សុន ឆ័យ ថា បើបេក្ខជនគណបក្សលោកជាប់ឆ្នោតនឹង«ធ្វើជាគំរូ»ដល់គណបក្សកាន់អំណាច
នៅសល់មិនដល់មួយសប្តាហ៍ទៀតទេ ថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នឹងឈានមកដល់ គឺនៅថ្ងៃសៅរ៍នេះ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះបេក្ខជនមកពីគណបក្សភ្លើងទៀនត្រឹមតែ ១៦២៣ ឃុំសង្កាត់ បើទោះគណបក្សនេះបានចុះឈ្មោះបេក្ខជនខ្លួននៅក្នុងឃុំសង្កាត់ចំនួន ១៦៤៩ ក៏ដោយ។ នេះមានន័យថា មុនថ្ងៃបោះឆ្នោតឈានមកដល់ គណបក្សភ្លើងទៀនបាត់បង់ឃុំសង្កាត់ចំនួន ២៦។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បាននិយាយថាចំនួននេះ«មិនធំធេង»ទេ ក៏ប៉ុន្តែ វាជារឿង«អយុត្តិធម៌» ចំពោះគណបក្សលោក។ លោកក៏បន្តថា ប្រសិនបើបេក្ខជនមេឃុំចៅសង្កាត់របស់គណបក្សលោកជាប់ឆ្នោត ពួកគេនឹង«ធ្វើជាគំរូ»ដល់គណបក្សកាន់អំណាច៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២)