Hello VOA៖ អ.ស.ប. និងកម្ពុជា ទំនងជាត្រូវការដំណោះស្រាយនយោបាយលើសំណុំរឿងខ្មែរក្រហមបន្ថែម បើចង់បន្តនីតិវិធី
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ ត្រូវការកិច្ចចរចាផ្នែកនយោបាយមួយ ប្រសិនបើគេចង់ឃើញដំណើរការសំណុំរឿងដែលនៅសេសសល់ ០០៣ របស់អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត និងសំណុំរឿង០០៤ របស់អតីតកម្មាភិបាលខ្មែរក្រហមលោក យឹម ទិត។ លោកមេធាវី ឡុង បញ្ញាវុធ ដែលជាអតីតអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម បានថ្លែងក្នុងកម្មវិធីហេឡូវីអូអេ ដែលសម្របសម្រួលដោយលោក សុខ ខេមរា នៃវីអូអេ នៅថ្ងៃព្រហស្បតិ៍ថា សំណុំរឿងទាំងពីរដែលគេរង់ចាំមើលជាយូរមកហើយនេះ អាចនឹងមានបញ្ហាខ្វែងគំនិតគ្នានិងរងការរិះគន់ពីដំណើរការសាលាក្តី ពីកេរដំណែលសាលាក្តី។ លោកថា បើមិនមានការដោះស្រាយទេ ភាគីនីមួយៗមានការបកស្រាយរៀងខ្លួនទៅលើការបញ្ជូនទៅជំនុំជម្រះ។ ភាគីអន្តរជាតិយល់ថា សំណុំរឿង០០៣ ជនជាប់ចោទ គឺជាអ្នកទទួលខុសត្រូវខ្ពស់បំផុត ដែលគួរត្រូវនាំខ្លួនទៅកាត់ទោស តែភាគីកម្ពុជាយល់ថា មិនអាចបញ្ជូនបានទេ ដោយត្រូវតម្កល់ទុកនៅបណ្ណសារនៃសាលាក្តីសម្រាប់ជាឯកសារនិងអ្នកស្រាវជ្រាវ នៅថ្ងៃក្រោយ ដោយសារសំណុំរឿងទាំងនេះមិនស្ថិតក្នុងយុត្តាធិការតុលាការ ឬជាជនទទួលខុសត្រូវខ្ពស់បំផុតនិងជាមេដឹកនាំកំពូលទេ៕ (លោក សុខ ខេមរា, HelloVOA, វ៉ាស៊ីនតោន, ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១)