Hello VOA៖ អ្នកឃ្លាំមើលបង្ហាញក្ដីសង្ឃឹមលើវិស័យសារព័ត៌មានទោះមានក្ដីបារម្ភ
របបសារព័ត៌មានសេរីនៅកម្ពុជាត្រូវបានវាយតម្លៃថា បានរងការធ្លាក់ថយក្រោយបន្ទាប់ពីមានការចាត់វិធានការជាបន្តបន្ទាប់របស់រដ្ឋាភិបាលអំឡុងមុនពេលការបោះឆ្នោតជាតិឆ្នាំ២០១៨។ ស្ថាប័នព័ត៌មានមួយចំនួនដែលមិនចំណុះរដ្ឋអំណាច និងធ្លាប់រាយការណ៍ព័ត៌មានអំពីចំណុចរសើបរបស់រដ្ឋាភិបាលដោយមិនសំចៃមាត់ ត្រូវប្រឈមនឹងវិធានការផ្សេងផ្នែកផ្លូវច្បាប់ ដែលចាត់ចែងដោយរដ្ឋាភិបាល។ អំឡុងពេលក្រោយការបោះឆ្នោតជាតិ គេសង្កេតឃើញមានការសើរើធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កជាក្ដីសង្ឃឹម និងការបារម្ភព្រមពេលជាមួយគ្នា។ ស្ថាប័នតុលាការនៅតែបន្តអូសបន្លាយរឿងក្ដីក្ដាំប្រឆាំងអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់ដែលជាប់ចោទពីបទប្រគល់ព័ត៌មានឱ្យរដ្ឋបរទេស។ លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ «វិស័យសារព័ត៌មាននៅកម្ពុជាទៅថ្ងៃមុខនឹងសេរីប៉ុណ្ណា?»៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ០៣ តុលា ២០១៩)