Hello VOA៖ អ្នកតស៊ូមតិស្នើដំឡើងពន្ធស្រាបៀ និងពន្លឿនច្បាប់គ្រឿងស្រវឹង
អង្គការសង្គមស៊ីវិលមួយដែលតាមដានលើវិស័យគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជាកំពុងប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ក្នុងគោលបំណងដើម្បីស្នើទៅរដ្ឋាភិបាលដំឡើងពន្ធស្រាបៀ និងគ្រឿងស្រវឹងផ្សេងៗ ហើយពន្លឿនដំណើរការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹងសម្រាប់ប្រទេសកម្ពុជា ដែលត្រូវបានពន្យារពេលជាយូរមកហើយ។ ការដំឡើងពន្ធលើស្រាបៀ និងគ្រឿងស្រវឹងនេះ ត្រូវបានមើលឃើញថា នឹងអាចកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងពីការសេពគ្រឿងស្រវឹង។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព ថ្លែងថា៖ «ការដំឡើងពន្ធនេះ វាជាគោលនយោបាយឈ្នះៗដែរ រដ្ឋក៏បានចំណូលពន្ធច្រើន ហើយបញ្ហាសុខភាពក៏ត្រូវបានលើកកម្ពស់ ការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដោយសារគ្រឿងស្រវឹងក៏ត្រូវបានកាត់បន្ថយ»៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី២៩ ខែឧសភា ឆ្នាំ២០២៣)