Hello VOA៖ អ្នកវិភាគព្រមានថា ទណ្ឌកម្មអាមេរិកថែមទៀតអាចបង្កហានិភ័យដល់កម្ពុជាដោយសារការពឹងផ្អែកលើប្រទេសចិនខ្លាំងពេក
អ្នកវិភាគនយោបាយនិងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា លើកឡើងថាការពឹងផ្អែកខ្លាំងពេករបស់កម្ពុជាទៅលើមហាអំណាចណាមួយ អាចនឹងបង្កហានិភ័យដល់កម្ពុជា ក្នុងគ្រាដែលចិននិងសហរដ្ឋអាមេរិករឹតតែប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំងឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបណ្ឌិត មាស នី បានថ្លែងនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២០ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនចិននៅកម្ពុជាក្នុងពេលថ្មីៗនេះ បង្ហាញសញ្ញាឲ្យកម្ពុជាប្រុងប្រយ័ត្នចំពោះការពឹងផ្អែកខ្លាំងពេកទៅលើចិន។ «ប្រសិនបើការដាក់ទណ្ឌកម្មនេះអាចនឹងមានជាបន្តទៀត ដោយសារកម្ពុជាមានការពឹងផ្អែកទៅលើការវិនិយោគច្រើនលើសលប់ជាមួយប្រទេសចិន។ បើយើងពឹងផ្អែកទៅលើតែប្រទេសមួយខ្លាំងពេក ហើយបើប្រទេសហ្នឹងក្លាយជាការប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ដូចជាចិននិងសហរដ្ឋអាមេរិកបែបនេះ បើអាមេរិកមានបំណងធ្វើអីបន្តទៀត ធ្វើឲ្យក្រុមហ៊ុនចិនដទៃទៀតអាចពិបាកនិងព្រួយបារម្ភដែរ ប្រសិនបើមានបញ្ហាអីកើតឡើងនៅពេលខាងមុខ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១២ តុលា ២០២០)