Hello VOA៖ សង្គមស៊ីវិល ស្នើរដ្ឋាភិបាលឲ្យធ្វើការស្ទង់មតិពលរដ្ឋលើការកែប្រែរដ្ឋធម្មនុញ្ញចុងក្រោយ
អ្នកដឹកនាំអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា លើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើការស្ទង់មតិថ្នាក់ជាតិមួយ ដើម្បីស្រង់មតិយោបល់ពលរដ្ឋថា តើពួកគេគាំទ្រការធ្វើវិសោធនកម្ម ឬការកែប្រែរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលទាំង៤របស់ជាតិដែរឬទេ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១៖ «ខ្ញុំគិតថាយើងអាចប្រើគោលការណ៍ហ្នឹង ដើម្បីជំរុញឲ្យមានការធ្វើការស្ទង់មតិថ្នាក់ជាតិមួយ ដើម្បីឲ្យដឹងថា ពលរដ្ឋចង់ឲ្យមានការកែប្រែត្រង់ចំណុចហ្នឹងដែរឬទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១)