ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្អាក់​មួយ​រយៈ​ខ្លី​ដល់​ការ​ជួយ​សង្គ្រោះ​ការ​រញ្ជួយ​ដី​នៅ​​ហៃទី​


អ្នក​ស្រុក​ហៃទី​​លុយ​ទឹក​ជំនន់​​​នៅ​​ផ្លូវ​មួយ​កន្លែង​ ក្រោយ​​ការ​បោកបក់​នៃ​ព្យុះ​ត្រូពិច​ឈ្មោះ ​Grace​​ នៅ​តំបន់ Trou Mahot ប្រទេស​ហៃទី​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។
អ្នក​ស្រុក​ហៃទី​​លុយ​ទឹក​ជំនន់​​​នៅ​​ផ្លូវ​មួយ​កន្លែង​ ក្រោយ​​ការ​បោកបក់​នៃ​ព្យុះ​ត្រូពិច​ឈ្មោះ ​Grace​​ នៅ​តំបន់ Trou Mahot ប្រទេស​ហៃទី​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​អាក្រក់​នៅ​ប្រទេស​ហៃទី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​នាំ​ឱ្យ​ប្រតិបត្តិការ​ជួយ​សង្គ្រោះផ្អាក​មួយ​រយៈខ្លី​និង​បន្ថយ​ការ​ឆ្លើយតប​របស់​ភ្នាក់ងារ​ជំនួយ​ហើយ​ទីភ្នាក់ងារ​ការពារ​ពលរដ្ឋហៃទី​បាន​និយាយ​ថា​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជិត​២.០០០​នាក់​និង​ជិត​១០.០០០​នាក់​រង​របួស។​

មន្រ្តី​នានា​បាន​និយាយ​ថា​ការ​រញ្ជួយ​ដី​មាន​កម្លាំង​រំញ័រ​៧,២​រ៉ិចទ័រ​បាន​បំផ្លាញផ្ទះ​ប្រហែល​១២.០០០​ខ្នង​រួមជា​មួយ​មន្ទីរពេទ្យ​សាលារៀន​ និង​ព្រះ​វិហារ។​ ប្រជាជន​ជាង​៣០.០០០​គ្រួសារ​គ្មាន​ជម្រក។​

​មជ្ឈមណ្ឌល​ជាតិ​អាមេរិកតាម​ដាន​ព្យុះបាន​និយាយ​ថា​គិត​ត្រឹម​ថ្ងៃ​អង្គារព្យុះ​ត្រូពិច​ឈ្មោះ ​Grace នាំឱ្យទឹក​ភ្លៀង​មាន​កម្ពស់​៣៨​សង់ទីម៉ែត្រ​នៅភាគ​ខាងត្បូង​ប្រទេស​ហៃទី​ដោយ​នាំ​ឱ្យ​មាន​ទឹក​ជំនន់​និង​អាចបាក់ដី។

លោក ​Bruno Maes ​តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​ប្រទេស​ហៃទី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​ថា៖​ «គ្រួសារ​ហៃទី​រាប់មិន​អស់​ដែល​បាន​បាត់​បង់អ្វីៗ​ទាំងអស់​ដោយសារ​ការ​រញ្ជួយ​ដី​ឥឡូវ​នេះ​កំពុង​រស់​នៅក្នុង​ទឹក​ដោយសារ​ទឹក​ជំនន់»។​

កិច្ចខិត​ខំប្រឹង​ប្រែង​ស្វែង​រក​និង​ជួយ​សង្គ្រោះ​ដែលផ្អាក​ដោយសារ​ព្យុះបាន​បន្ត​ឡើង​វិញ​កាលពី​ថ្ងៃ​អង្គារ​ដែល​ភាគ​ច្រើន​ជា​អ្នកស្រុក​និង​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ជារឿយៗ​មានឧបករណ៍​មិន​សូវ​ល្អ។​

អ្នក​ស្ម័គ្រ​ចិត្ត​ជនជាតិ​កាណាដា​ឈ្មោះ​ Randy Lodder​ នាយក​សាលា​គ្រិស្តសាសនា​ក្នុង​ប្រទេស​ហៃទី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press ​ថា​៖ «អ្វី​ដែល​យើង​មាន​គឺញញួរ​និង​ដៃ​ប៉ុណ្ណោះ។ ​នេះជា​ផែន​ការ»។​

ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់អភិវឌ្ឍន៍​អន្តរជាតិ (USAID) មាន​បុគ្គលិក​នៅ​ទី​នោះ​ហើយ​បញ្ជាការដ្ឋាន​អាមេរិក​ខាងត្បូង​បាន​និយាយ​ថា​ខ្លួន​កំពុង​បញ្ជូន​ឧទ្ធម្ភាគចក្រ​ចំនួន​៨​គ្រឿង​ពី​ប្រទេស​ហុងឌូរ៉ាស​និង​នាវា​ឆ្មាំ​សមុទ្រ​អាមេរិក​ចំនួន​៧​គ្រឿង​ដើម្បី​ជួយ​ក្រុម​របស់​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់អភិវឌ្ឍន៍​អន្តរជាតិ។​នាវា​ឆ្មាំសមុទ្រ​២​គ្រឿង​បាន​ទៅ​ដល់រួម​ជា​មួយឧទ្ធម្ភាគចក្រ​២​គ្រឿងនិង​យន្តហោះ​P-8​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក​ដែល​កំពុង​ថត​រូបភាព​ពី​លើអាកាស​នៃ​តំបន់​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​នោះ។​នេះបើតាមទីភ្នាក់ងារ​ព័ត៌មាន​AP។​

អង្គការ​យូនីសេហ្វ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​កុមារ​ប្រមាណ​៥៤០.០០០​នាក់​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​១,២​លាននាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​រញ្ជួយដី​នៅ​ក្នុង​ប្រទេស​ហៃទី៕​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press, Reuters​ និង​ Agence France-Presse)

XS
SM
MD
LG