ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះទឹកជំនន់​នៅ​ភាគខាង​ត្បូង​ប្រទេស​មីយ៉ាន់ម៉ា​បង្ខំ​ឱ្យ​មាន​ការជម្លៀស​មនុស្ស​ជាង ១ម៉ឺន​នាក់


អ្នក​ស្រុក​ដើរ​កាត់​ផ្លូវ​លិច​ទឹក​ក្បែរ​វត្ត Shwe Maw Taw ក្នុង​ក្រុង Bago ចម្ងាយ​ប្រហែល​៨០ គីឡូម៉ែត្រ ភាគ​ឦសាន​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៩ ខែ​តុលា ឆ្នាំ២០២៣។
អ្នក​ស្រុក​ដើរ​កាត់​ផ្លូវ​លិច​ទឹក​ក្បែរ​វត្ត Shwe Maw Taw ក្នុង​ក្រុង Bago ចម្ងាយ​ប្រហែល​៨០ គីឡូម៉ែត្រ ភាគ​ឦសាន​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៩ ខែ​តុលា ឆ្នាំ២០២៣។

គ្រោះ​ទឹកជំនន់​បណ្ដាល​ឱ្យ​មាន​ការធ្លាក់​ភ្លៀង​រដូវ​មូសុង​យ៉ាង​ខ្លាំង​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​បាន​បង្ខំ​ឱ្យមាន​ការ​ជម្លៀស​មនុស្ស​ជាង ១ម៉ឺន​នាក់ ​ហើយ​នឹង​បង្ក​ការរំខាន​ដល់​ការធ្វើ​ចរាចរណ៍​តាម​រថភ្លើង​ដែល​តភ្ជាប់​ទីក្រុង​ធំៗ​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាល​ពី​ថ្ងៃ​ចន្ទ។

អ្នកស្រី Lay Shwe Zin Oo មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រសួង​សុខុមាលភាព​សង្គម សង្គ្រោះ​និង​ការតាំង​ទីលំនៅ​ថ្មី​បាន​ឲ្យ​ដឹង​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​ Bago បាន​ចាប់​ផ្ដើម​កាល​ពី​សប្ដាហ៍​មុនបណ្ដាល​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​នៅ​តំបន់​ទំនាប​នៃ​រដ្ឋធានី ​និង​ទីក្រុង Bago។ អ្នកស្រី​បន្តទៀត​ថា រហូត​មក​ទល់​ពេល​នេះ មិន​មាន​ករណី​មនុស្ស​ស្លាប់​ណាមួយ​ត្រូវ​បានរាយការណ៍​ទេ ប៉ុន្តែ​មនុស្ស​ជាង១ម៉ឺន​នាក់​ បាន​បោះ​បង់ចោល​ផ្ទះ​សម្បែង​របស់​ពួក​គេ​ដើម្បី​ស្វែង​រក​ទី​មាន​សុវត្ថិភាព។

កម្រិត​ទឹកភ្លៀងនៅ​ទីក្រុង Bago មាន​កម្ពស់២០០មីលីម៉ែត្រ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល៥៩ឆ្នាំ​ចុងក្រោយ​នេះ។ នេះ​បើ​តាម​នាយកដ្ឋាន​ឧត្តុនិយម​មីយ៉ាន់ម៉ា​ដែល​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ។

ប្រធាន​ក្រុម​ជួយ​សង្គ្រោះគ្រា​មាន​អាសន្ន​ម្នាក់​នៅ​ទីក្រុង Bago បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា ​ទឹក​ជំនន់​មាន​កម្ពស់​ទាប​បំផុត២.៤៤ម៉ែត្រ​នៅ​តំបន់​ដីទាប​នៃ​ទីក្រុង​និង​មានកម្ពស់១.២១ម៉ែត្រ​នៅ​កណ្ដាល​ទីក្រុង។

លោក That Zin Maung ប្រធាន​មូលនិធិ​សប្បុរសធម៌ Mizzima Thukha បានថ្លែង​ប្រាប់តាម​ទូរស័ព្ទ​ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ស្ទើរ​តែ​គ្រប់​តំបន់​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ត្រូវ​បាន​ជន់​លិច។ នេះ​ជាគ្រោះ​ទឹក​ជំនន់​លើក​ទី៣​ហើយ នៅ​ទីក្រុង​នេះ​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​វា​ក៏​ជា​ទឹក​ជំនន់​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ។ វត្ត​អារាម​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​បាន​បង្កើត​ជំរំ​ដើម្បី​ជួយ​សង្គ្រោះ​អ្នករងគ្រោះ។ អង្គការ​សប្បុរសធម​ជាច្រើន​ក៏​កំពុង​ជម្លៀស​មនុស្ស​ពី​តំបន់​ដីទាប​តាម​តែ​អាច​ធ្វើ​បាន»។

អ្នក​ស្ម័គ្រ​ចិត្ត​អុំទូក​នៅ​លើ​ផ្លូវ​លិច​ទឹក​ក្នុង​ក្រុង Bago ចម្ងាយ​ប្រហែល៨០ គីឡូម៉ែត្រ ភាគ​ឦសាន​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៩ ខែ​តុលា ឆ្នាំ២០២៣។
អ្នក​ស្ម័គ្រ​ចិត្ត​អុំទូក​នៅ​លើ​ផ្លូវ​លិច​ទឹក​ក្នុង​ក្រុង Bago ចម្ងាយ​ប្រហែល៨០ គីឡូម៉ែត្រ ភាគ​ឦសាន​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៩ ខែ​តុលា ឆ្នាំ២០២៣។

ស្ត្រី​ម្នាក់​អាយុ៥៥ឆ្នាំ ​រស់​នៅ​តំបន់ Pan Hlaing នៃ​ទីក្រុង Bago បាន​និយាយ​តាម​ទូរស័ព្ទ
​ថា ​កម្រិត​ទឹក​ជំនន់​មាន​កម្ពស់១.៨ ម៉ែត្រ​នៅ​ក្នុង​តំបន់​ដែល​អ្នកស្រី​រស់​នៅ។ គ្រួសារ​អ្នកស្រី​និង​សមាជិក​ដទៃ​ទៀត​កំពុង​ស្នាក់​នៅ​ជាន់​ទី២ ឬ​ទី៣នៃ​ផ្ទះ​របស់​ពួក​គេ។

ស្ត្រី​រូបនេះ​បាន​ថ្លែង​ប្រាប់​អំពី​ស្ថានភាព​ទឹកជំនន់​នេះ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ការបញ្ចេញ​ព័ត៌មាន។ អ្នកស្រី​និយាយ​ថា ​កម្រិត​ទឹក​នៅ​តែ​បន្ត​ឡើង​ឥតឈប់​ឈរ​នៅ​ក្នុង​តំបន់​របស់​អ្នកស្រី​ដែល​ជា​តំបន់​មិន​ធ្លាប់​មាន​ទឹក​ជំនន់​អាក្រក់​បែប​នេះ​ទេ​កាល​ពី​ពេល​មុន។

អ្នកស្រី Lay Shwe Zin Oo មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​សុខុមាលភាព​សង្គម​បាន​ថ្លែង​ថា ពលរដ្ឋ​រងគ្រោះ​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​សង្គ្រោះ​ចំនួន៣២និង​នៅ​តាម​សាលារៀន​ ក៏ដូច​ជា​តាម​វត្ត​អារាម​ក្នុង​ទីក្រុង Bago ខណៈ​ដែល​អាជ្ញាធរ​កំពុង​ចែក​ស្បៀង​អាហារ ទឹក និង​ជំនួយ​ចាំបាច់​ផ្សេង​ទៀត៕

ប្រែ​សម្រួលដោយលោក នៀម ឆេង

XS
SM
MD
LG