នៅក្នុងប្រទេសស៊ូដង់ មានសេចក្តីរាយការណ៍ថាមានការប្រយុទ្ធគ្នាខ្លាំងនៅក្នុងនិងនៅជុំវិញរដ្ឋធានីខាទុំ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទោះជាមានការឈប់បាញ់មួយអាទិត្យយល់ព្រមដោយភាគីទាំងពីរនៅក្នុងជម្លោះនេះក៏ដោយ។
កងទ័ពស៊ូដង់និងកងទាហានប៉ារ៉ានៃកងកម្លាំងការពាររហ័សហាក់ដូចជាប្រឹងប្រែងរុញច្រានក្រុមមួយទៀតឱ្យចេញពីផ្នែកកណ្តាលក្រុងខាទុំ និងតំបន់ត្រូវកាន់កាប់នៅជុំវិញវិមានប្រធានាធិបតីនិងទីបញ្ជាការធំបស់កងទ័ព។
កាលពីថ្ងៃពុធម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នាក្នុងប្រទេសស៊ូដង់ និងឱ្យមានការគាំទ្រអន្តរជាតិដល់ប្រជារាស្ត្រស៊ូដង់ ដែលលោកបាននិយាយថា កំពុងប្រឈមនឹងមហន្តរាយមនុស្សធម៌។
លោក Guterres បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ថា «គេត្រូវអនុញ្ញាតឱ្យមានការបញ្ជូនជំនួយទៅក្នុងប្រទេសស៊ូដង់ហើយយើងត្រូវការឱ្យមានជំនួយដោយសុវត្ថិភាព និងជាបន្ទាន់សម្រាប់ចែកចាយដល់ប្រជារាស្ត្រដែលត្រូវការខ្លាំងបំផុត។ ក្រុមជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវតែបានការពារ ហើយក្រុមអ្នកធ្វើការខាងមនុស្សធម៌និងធនធានពួកគេក៏ត្រូវតែគោរពដែរ»។
ក្រសួងសុខាភិបាលស៊ូដង់និយាយថា មនុស្សជាង ៥០០ នាក់ ត្រូវបានសម្លាប់និងជិត ៥ពាន់នាក់ទៀតបានរបួស តាំងពីមានការប្រយុទ្ធគ្នាកាលពីថ្ងៃទី ១៥ ខែមេសា នៅក្នុងការ ដណ្តើមអំណាចគ្នារវាងពួកមេដឹកនាំនៃកងកម្លាំងរដ្ឋាភិបាលស៊ូដង់ និងកងកម្លាំងប៉ារ៉ាគាំទ្ររហ័ស។
ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់ អ.ស.ប. (IOM) បាននិយាយក្នុងសប្តាហ៍នេះថា មានមនុស្សយ៉ាងតិចណាស់ ៣សែន ៣ម៉ឺន ៤ពាន់នាក់ បានទៅរស់នៅក្នុងកន្លែងផ្សេងខាងក្នុងប្រទេស ដោយសារមានការប្រយុទ្ធគ្នាបន្ថែមលើមនុស្ស ១សែននាក់ទៀត ដែលរត់គេចខ្លួនចេញពីប្រទេស។ ទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប. បានព្រមានថាការប្រយុទ្ធគ្នាអាចនាំឱ្យមានមនុស្សជាង ៨សែននាក់ រត់គេចខ្លួនចេញពីប្រទេសនេះក្នុងប៉ែកឦសាន្តទ្វីបអាហ្វ្រិក។
មនុស្សជាច្រើននាក់បានទៅកាន់ប្រទេស ៧ មានព្រំដែនជាប់ប្រទេសស៊ូដង់ រួមមានប្រទេសឆាត ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល អេហ្សីបនិងប្រទេសអេត្យូពី៕