ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​ពង្រឹង​ការ​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ Mers


រូប​ឯកសារ៖ សមាជិក​របស់​ក្រសួងសុខាភិបាល​ និង​សហព័ន្ធ​បុគ្គលិក​រពេទ្យរបស់​កូរ៉េ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​មជ្ឈមណ្ឌល​សុខភាព​របស់ Samsung ក្នុងការ​មិន​អាច​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Mers នៅ​កណ្តាល​ទីក្រុង Seoul នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃសុក្រ ទី១៩ ខែ​មិថុនា ឆ្នាំ២០១៥។
រូប​ឯកសារ៖ សមាជិក​របស់​ក្រសួងសុខាភិបាល​ និង​សហព័ន្ធ​បុគ្គលិក​រពេទ្យរបស់​កូរ៉េ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​មជ្ឈមណ្ឌល​សុខភាព​របស់ Samsung ក្នុងការ​មិន​អាច​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Mers នៅ​កណ្តាល​ទីក្រុង Seoul នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃសុក្រ ទី១៩ ខែ​មិថុនា ឆ្នាំ២០១៥។

នៅ​ក្រោយ​ពី​ការ​លេច​ចេញ​នូវ​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ Mers​ មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ថ្លែង​ថា​ ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ការ​ និង​ទប់​ស្កាត់​ ហើយ​និង​ព្យាបាល​ជំងឺ​ឆ្លង​នេះ។

នៅ​ក្រោយ​ពី​ការ​លេច​ចេញ​នូវ​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ Mers​ មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ថ្លែង​ថា​ ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ការ​ និង​ទប់​ស្កាត់​ ហើយ​និង​ព្យាបាល​ជំងឺ​ឆ្លង​នេះ។​

មន្ត្រី​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ ខ្លួន​បាន​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់ និង​បង្ហាត់​បង្រៀន​មន្ត្រី​ និង​ប្រជា​ពលរដ្ឋ​ ជាពិសេស​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ទៅកាន់ប្រទេស​ស្ថិត​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ចូលរួម​ពិធី​សាសនា​នោះ​ ដើម្បី​ឲ្យគេស្វែង​យល់​ពី​ការ​បង្ការ ​និង​រក​សេវា​ព្យាបាល​នៅ​ពេល​សង្ស័យ​ថា ​មាន​ជំងឺ​ Mers។

ជំងឺ​ Mers​ បាន​ឆ្លង​ទៅ​មនុស្ស​រាប់រយ​នាក់​ក្នុង​ពិភពលោក ​ហើយ​បាន​ធ្វើ​ឲ្យមនុស្ស​រាប់ពាន់​នាក់​ទៀត​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​ទៀត។ ​ជំងឺ​នេះ​បាន​កើត​មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ឆ្នាំ​២០១២​ ហើយ​បាន​រីករាល​ដាល​ទៅ​ប្រទេស​មួយ​ចំនួន​ទៀត។​

លោក​ លី​ សុវណ្ណ ​អ្នក​នាំពាក្រ​របស់​ក្រសួង​សុខាភិបាល​ បាន​ប្រាប់​វីអូអេ​ថា ​លោក​ និង​មន្ត្រី​សុខាភិបាល​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​តាម​ដាន​អ្នក​ដែល​សង្ស័យ​ថា​មាន​ជំងឺ​នេះ។​ លោក​បាន​និយាយ​ថា​ ប្រព័ន្ធ​តាម​ដាន​ត្រូវ​បាន​ដាក់​នៅ​តាម​ច្រក​ចេញ​ចូល​តាម​ព្រំដែន​ ដើម្បី​ចាប់​យក​សញ្ញា​សង្ស័យ​ផ្សេងៗនៃ​ជំងឺ​នេះ​ពី​អ្នក​ធ្វើ​ដំណើរ​ជាតិ​ និង​អន្តរជាតិ ​ជា​ពិសេស​អ្នក​ដែល​មក​ពី​ប្រទេស​ស្ថិត​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

«ទោះ​បី​ជា​យើង​មិន​មាន ​Mers​ ក៏​ដោយ​គឺ​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៣​ តាំង​ពី​ផ្ទុះ​ជំងឺ​សា​មក​ម្ល៉េះ​យើង​បាន​ចាប់​ផ្តើម​ពង្រឹង​នូវ​ប្រព័ន្ធ​តាម​ដាន​រោគ​សញ្ញា​នៃ​ជំងឺ​ Mers​ តាម​ព្រំដែន ​តាម​មន្ទីរពេទ្យ​ និង​តាម​សហគមន៍​ ហើយ​ចំពោះ​ការ​តាម​ដាន​ជំងឺ​ Mers ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​នៅ​មជ្ឈិម​បូព៌ា​មក​រហូត​ពេល​នេះ»។​

លោក​បន្ថែម​ថា៖ ​«ទោះ​បី​ជា​ពេល​បច្ចុប្បន្ន ​យើង​មិន​មាន​ជំងឺ ​Mers​ ​យ៉ាងណា​ក៏ដោយ​ យើង​នៅ​បន្ត​ការ​តាម​ដាន​ប្រជា​ពលរដ្ឋ​ដែល​គាត់​អញ្ជើញ​មក​ពី​មជ្ឈិម​បូពា​ ឬ​ក៏​ដូច​ជា​ឆ្លង​កាត់​ទី​នោះ»។​

លោក​ គូ សំសារិត ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ថៃ​ បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ខេត្ត​បាន​ដាក់​ប្រព័ន្ធ​តាម​ដាន​នៅ​ច្រក​ចេញ​ចូល ​ហើយ​ខេត្ត​នេះ​ក៏​មាន​មន្ទីរពេទ្យ​ដែល​អាច​ផ្តល់​សេវា​ដល់​អ្នក​ជំងឺ​ផង​ដែរ។​

លោក​ លី សុវណ្ណ​មាន​ប្រសាសន៍​បន្ថែម​ថា​ ជំងឺ​នេះ​មាន​គ្រោះ​អាសន្ន​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ដែល​អាច​ឆ្លង​លឿន។ អង្គការ​សុខភាព​ពិភព​លោក​តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ​អនុវត្ត​វិធាន​ការ​ការពារ​ និង​ព្យាបាល​ឲ្យ​បាន​ច្បាស់លាស់។​

លោក​បាន​បន្តថា​ ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​ដែល​អាច​កើត​មាននោះ ចំនួន​បុគ្គលិក​គ្រូពេទ្យ​ក៏​ដូច​ជា​ចំនួន​អ្នកចូល​ទៅសួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​ត្រូវ​បាន​កំណត់​ ព្រោះ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ចេញ​ចូល​ច្រើន​អាច​ជា​ឱកាស​ដែល​នាំ​ឲ្យ​មាន​ការ​ថ្លោះ​ធ្លោយ។ ទំនាក់ទំនង​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ។​

លោក​បាន​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ ​ដែល​សង្ស័យ​ថា​មាន​ជំងឺ​នេះ​ មាន​ការ​អត់ធ្មត់​ចំពោះ​ការ​រង​ចាំ និង​ការ​ព្យាបាល​ ដែល​តម្រូវ​ឲ្យ​ដាក់​អ្នក​ជំងឺ​ដាច់​ដោយ​ឡែក​ពី​អ្នក​ផ្សេង​ទៀត​ ហើយ​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​អាច​មាន​រយៈពេល​ពីរ​ថ្ងៃ​ ចាប់​តាំង​ពី​ការ​យក​ឈាម​ទៅ​ពិនិត្យ។​

«ករណី​សង្ស័យ​គឺ​ខ្ញុំ​សំណូមពរ​ឲ្យ​គាត់​នៅ​ក្នុង​បន្ទប់​ដែល​ដាច់​ដោយ​ឡែក​ពី​២៤​ទៅ​៤៨​ម៉ោង។​ សូម​ឲ្យ​គាត់​មាន​ការ​អត់ធ្មត់​បាទ ​ពីព្រោះ​លទ្ធផល​ពី​មន្ទីរពិសោធន៍​គឺ​យើង​មិន​អាច​មើល​ភ្លាម​ដឹង​ភ្លាម​ទេ»។​

នៅ​ក្នុង​ពេល​សាសនា​របស់​បង​ប្អូន​ឥស្លាម​ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​បាន​សហការ​គ្នា​ដើម្បី​អប់រំ​ប្រជា​ពលរដ្ឋ​អំពី​វិធាន​ការ​ការ​ពារ​ជំងឺ​នេះ។​

លោក​បាន​និយាយ​ថា៖​ «យើង​ប្រាប់​គាត់​អំពី​វិធាន​ការ​បង្ការ ​ដូច​ជា​យើង​កុំ​នៅ​ជិត​អ្នក​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម។ ប្រសិន​បើ​យើង​នៅ​ជិត​គឺ យើង​គួរ​តែ​ការពារ​ពាក់​ម៉ាស់ ឧស្សហ៍​លាង​ដៃ​នឹង​សាប៊ូ​ និង​ទឹក។ បើ​សិន​ជា​គាត់​មាន​រោគ​សញ្ញា​ គាត់​ត្រូវ​រក​ការ​ព្យាបាល​ជា​បន្ទាន់​ ដោយ​ទាក់​ទង​គ្រូពេទ្យ​ដែល​នៅ​ជាមួយ​គាត់​ ឬមួយ​ក៏​រក​ការ​ព្យាបាល​នៅ​ទី​នោះ។​ ហើយ​ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ បើ​សិន​ជា​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ​លើស​ពី​៣៨,៥​អង្សាសេ មាន​ក្អក ​មាន​ឈឺ​ក​គឺ​ថា ​សូមមេត្តា​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។ ​ហើយ​សូម​ប្រាប់​ជូន​គ្រូពេទ្យ​ពី​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​គាត់​ផង​ ពីព្រោះ​ថា ​ការណ៍​ដែល​គាត់​រាយ​ការណ៍​ទាន់​ពេល​វេលា ​ហើយ​ចូលរួម​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ក៏​ដូច​ជា​មន្ទីរពេទ្យ​ហ្នឹង ​ប្រៀប​ដូច​ជា​គាត់​បាន​ជួយ​សង្រោះ​ប្រជា​ពលរដ្ឋ​របស់​យើង​ ដែល​យើង​មាន​១៤​លាន​នាក់​ហើយ។ ​ខ្ញុំ​ក៏​សូម​អំពាវនាវ​បង​ប្អូន​ឲ្យ​មាន​ការ​ចូលរួម​ហើយ​អត់ធ្មត់»។

លោក​ស្រី​ Vicky Houssiere ​មន្ត្រី​ទំនាក់​ទំនង​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយ​ថា​ អង្គការ​សុខភាព​ពិភព​លោក​នៅ​តែ​បន្ត​ជួយ​ក្រសួង​សុខាភិបាល​ទៅ​លើ​ការ​បង្ការ​ និង​ព្យាបាល​ជំងឺ​ឆ្លង​ផ្សេងៗ។ អង្គការ​នេះ​បាន​គាំទ្រ​ក្រសួង​សុខាភិបាល​នូវ​កត្តា​ផ្សេងៗ​ ដូច​ជា​បច្ចេកទេស ​ការ​អប់រំ​ប្រជា​ពលរដ្ឋ​ឲ្យយល់​ពី​ការ​បង្ការ​រោគ​សញ្ញា​ និង​ការ​ស្វែង​រក​ការ​ព្យាបាល​ជំងឺ​នេះ​ជាដើម។​

«ពួក​គេ​ទៅ​សហគមន៍​ និង​បាន​ណែនាំ ​មាន​សំណួរ​ និង​ចម្លើយ ​មាន​កិច្ច​ពិភាក្សា​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ប្រជា​ពលរដ្ឋ​ទាំង​នេះ​បាន​ដឹង​ថា ​ត្រូវ​ធ្វើ​អ្វី​មុន​ពេល​ចេញ​ដំណើរ។ ​មាន​សារ​អំពី​អនាម័យ​ជា​ច្រើន ​ដូចជា​លាង​សំអាត​ដៃ​ កុំ​ផឹក​ទឹក​ដោះ​អូដ្ឋ។ សារ​ទាំង​នោះ​គឺ​សម្រាប់​នៅពេល​ដែល​ពួកគេ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ឱកាស​បុណ្យ​ Haj។ ហើយ​យើង​ថែម​ទាំង​ផ្តល់​ឱ្យ​ពួកគេ​នូវ​ព័ត៌មាន​ពេល​ពួក​គេ​ត្រឡប់​មក​វិញ​នៅ​ក្នុង​ករណី​ដែល​ពួក​គេ​ឈឺ»។​

លោកស្រី​និយាយ​ថា ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បង្ការ​ ការ​អប់រំ​ និង​ព្យាបាល​នៅ​តែ​បន្ត​កាល​ណា​ជំងឺ​នេះ​នៅ​តែ​មាន។​

លោក​ស្រី​បាន​បន្ថែម​ថា៖ ​«វា​មិន​អាស្រ័យ​លើពេល​វេលា​នោះ​ទេ។ ​វា​អាស្រ័យ​លើ​ស្ថានភាព​នៃ​ជំងឺ។​ ដោយ​សារ​តែ​ឥឡូវ​នេះ​ជំងឺ ​Mers​ នៅ​តែ​ឆ្លង​នៅ​ក្នុងតំបន់មជ្ឈិម​ប្រទេស យើង​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន»។​

លោក​ លី ​សុវណ្ណ​ បាន​និយាយ​ថា ​មាន​មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ ដូច​ជា​មន្ទីរ​ពេទ្យកាលម៉ែត្រ ​និង​មិត្តភាព​ខ្មែរ​រុស្សី ហើយ​និង​មន្ទីរពេទ្យ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ដូច​ជា​ខេត្ត​ស្វាយរៀង ​ខេត្ត​សៀមរាប​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាដើម ដែល​ត្រៀម​ខ្លួន​បង្ការ អប់រំ និង​ព្យាបាល​ជំងឺ Mers នេះ៕​

XS
SM
MD
LG