ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​៨​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនឈាម​


មន្ត្រី​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​​ប្រជា​ពលរដ្ឋ​​សម្អាត​ធុង​ទឹក​​និង​ពាងទឹក​ឲ្យ​​បាន​យ៉ាងហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ និង​ឲ្យ​​ប្រជាជន​លុប​បំបាត់​របស់​ដែល​អាច​ដក់ទឹក​បាន​ ដែល​ជា​កន្លែង​​សត្វ​មូសខ្លា​អាច​បង្កើត​កូន​បាន។​

ចំនួន​សរុប​នៃ​អ្នកឆ្លង​ជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ទៅ​ដល់​ជិត​៧.០០០​នាក់​ ដែល​កើន​ឡើង​លើស​កាល​ពីឆ្នាំមុន​ដែល​មាន​ប្រមាណ​២.០០០​នាក់។​

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រាំបី​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ឈាម​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​ខែ​ ដែល​ជំរុញ​ឱ្យ​ក្រុម​មន្ត្រី​សុខាភិបាល​ព្រមាន​ដល់​ប្រជាជន​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បង្ការ​ជំងឺ​នេះ។​

តួលេខអ្នកជំងឺ​ស្លាប់​ចុង​ក្រោយ​បំផុត​ អំឡុង​ពេល​បី​សប្តាហ៍​កន្លងទៅ​នេះ​បាន​ធ្វើ​ឲ្យចំនួន​មនុស្សស្លាប់​ដោយ​សារ​ជំងឺ​ ដែល​បង្ក​ឡើង​ដោយ​សត្វ​មូសខ្លា​នេះ បានកើន​ឡើង​ដល់​២៤​នាក់។​ មន្ត្រី​សុខាភិបាល​បាន​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋសម្អាត​ធុង​ទឹកនិង​ពាងទឹក​ឲ្យបាន​យ៉ាងហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ និង​ឲ្យប្រជាជន​លុប​បំបាត់​របស់​ដែល​អាច​ដក់ទឹក​បាន​ ដែល​ជា​កន្លែងសត្វ​មូសខ្លា​អាច​បង្កើត​កូន​បាន។​

ពួកគេ​ក៏បាន​ចែក​ចាយ​បន្ថែម​នូវ​សារធាតុ​គីមី​មួយ​ដែល​អាច​សម្លាប់​សត្វ​មូសខ្លា​នៅ​ក្នុង​ពាង​និង​ឧបករណ៍​ស្តុក​ទឹក​ផ្សេងៗទៀត។​

ចំនួន​សរុប​នៃ​អ្នកឆ្លង​ជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ទៅ​ដល់​ជិត​៧.០០០​នាក់​ ដែល​កើន​ឡើង​លើស​កាល​ពីឆ្នាំមុន​ដែល​មាន​ប្រមាណ​២.០០០​នាក់។​ តួលេខ​ឡើងចុះ​នេះជា​រឿង​ធម្មតា​ដោយ​សារ​តែ​នៅ​ក្នុង​ឆ្នាំ​ខ្លះ​ជំងឺ​នេះ​មាន​ភាព​អសកម្ម។​

លៀង រិទ្ធា​ ប្រធាន​កម្មវិធី​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម ​នៅ​ក្រសួង​សុខាភិបាល​បាន​និយាយថា៖​ «ឆ្នាំ​២០១៤គឺ​ជា​ឆ្នាំ​ដែល​ប្រជាជន​ធូស្រាល​ពីជំងឺ​គ្រុន​ឈាម»។​

ទោះ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​២០១៥​ ​ជំងឺ​នេះ​បាន​កើន​ឡើង​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​សៀមរាប​ខេត្ត កំពង់ធំ​ ខេត្ត កំពង់ចាម​ ខេត្ត​កណ្តាល ​ខេត្ត​បាត់ដំបង​ ខេត្ត​ឧត្តរមានជ័យ​ព្រម​ទាំង​រាជធានី​ភ្នំពេញ។​

លោក ​កែវ វណ្ណៈ​ ប្រធាន​មន្ទីរ​សុខាភិបាល​ ខេត្ត​ត្បូងឃ្មុំ​ បាន​និយាយ​ថា ​លោកមើល​ឃើញ​ថា ចំនួន​នៃ​ការ​ឆ្លង​មេរោគ​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​ក្នុង​ខេត្ត​របស់​លោក​ ហើយ​មន្រ្តី​សុខភាព​របស់​លោក​កំពុង​រវល់​អប់រំ​ប្រជាជន​អំពី​ជំងឺ​នេះ។​

លោក​បាន​ថ្លែង​ថា៖​ «យើង​កំពុង​តែ​ធ្វើ​យុទ្ធនាការ ​និង​បន្ត​អប់រំ​ប្រជាជន។ ​យើង​រំឭកប្រជាជន​នៅ​ក្នុង​សហគមន៍​ឲ្យការពារ​ការ​ឆ្លង​នៃ​ជំងឺ​គ្រុន​ឈាម»។​

លោក​បាន​និយាយ​ថា​ ការ​ឆ្លង​មេរោគ​នេះ​អាច​នៅ​មាន​កម្រិត​ខ្ពស់​នៅ​រដូវ​ប្រាំង​ផងដែរ ​ប្រសិន​បើ​ប្រជាជន​មិន​បាន​កម្ចាត់​កន្លែង​ និង​ឧបករណ៍​ដែល​អាច​ដក់​ទឹក​ដែល​ជា​ជម្រក​របស់​មូស​ខ្លា។

លោក​បាន​ដាស់​តឿន​ប្រជាជន​ឲ្យប្រញ៉ាប់ប្រញ៉ាល់​យក​កូន​ទៅ​មណ្ឌល​សុខភាព ​ប្រសិន​បើ​មាន​រោគ​សញ្ញា​ជំងឺ​គ្រុនឈាម៕

XS
SM
MD
LG