លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងថា រដ្ឋាភិបាលរំពឹងខាតបង់ប្រាក់ជាង១០០លានដុល្លារអាមេរិកនៅឆ្នាំនេះ ដើម្បីទប់ទល់នឹងការមិនបង្កើនតម្លៃអគ្គិសនីក្នុងប្រទេស ខណៈការផលិតអគ្គិសនីត្រូវការចំណាយប្រាក់បន្ថែម ដោយសាររងផលប៉ះពាល់ពីសង្រ្គាមនៅអ៊ុយក្រែន។
លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យសន្សំសំចៃទៅលើការប្រើប្រាស់អគ្គិសនី បើទោះលោកមិនទាន់ព្រមានអំពីហានិភ័យនៃកង្វះខាតអគ្គិសនីក្នុងប្រទេសកម្ពុជាទៅថ្ងៃខាងមុខក៏ដោយ។ លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្របពេលដែលវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កំពុងតែឡើងកម្តៅ ហើយបាននិងកំពុងជះឥទ្ធិពលយ៉ាងអាក្រក់ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសតម្លៃប្រេងសាំងហក់ឡើងយ៉ាងគំហុក។
បើតាមលោក ហ៊ុន សែន រដ្ឋាភិបាលរំពឹងខាតបង់ប្រាក់ជាង១០០លានដុល្លារអាមេរិកនៅក្នុងការផ្គត់ផ្គង់អគ្គិសនី ដោយសារមិនមានការដំឡើងថ្លៃនាពេលនេះ បើទោះត្រូវចំណាយច្រើនក្នុងការផលិតអគ្គិសនី។
លោក ហ៊ុន សែន ថ្លែងថា៖ «បើសិនរាជរដ្ឋាភិបាលគិតតែពីរឿងប្រាក់ចំណេញរបស់អគ្គិសនី មកដល់ពេលនេះប្រជាពលរដ្ឋប្រើអគ្គិសនីថ្លៃមួយជាពីររួចស្រេចទៅហើយ»។
លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យស្ថាប័នរដ្ឋប្រើប្រាស់ភ្លើង ដោយសន្សំសំចៃនាពេលនេះ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តីបានលើកឡើងអំពីកម្រិតទឹកភ្លៀងច្រើនក្នុងប្រទេស ដែលនាំឲ្យកម្ពុជាអាចផលិតថាមពលអគ្គិសនីបាន តាមរយៈទំនប់វារីអគ្គិសនីក្នុងប្រទេស។
លោកថ្លែងថា៖ «ឆ្នាំនេះចេះទេវតាជួយយើង។ នៅត្រង់ថាភ្លៀងច្រើន ទឹកចូលអាងវារីអគ្គិសនីយើងបានដើរ បូកជាមួយនឹងពន្លឺព្រះអាទិត្យ យើងកាត់បន្ថយបានចំនួនខាតបង់មួយចំនួន»។
ប្រទេសកម្ពុជាពឹងផ្អែកលើការផលិតអគ្គិសនី ដែលបានមកពីទំនប់វារីអគ្គិសនី និងការដុតធ្យូងថ្ម ដែលមានប្រមាណ៨០%នៃទំហំថាមពលប្រើប្រាស់សរុបក្នុងប្រទេស ក្នុងរយៈពេលមួយឆ្នាំ។
បើតាមលោក ហ៊ុន សែន ប្រទេសតូចដូចជាកម្ពុជាមិនមានឥទ្ធិពល ដើម្បីឱ្យប្រទេសធំៗពិចារណាពីការឈប់ដាក់ទណ្ឌកម្មឡើយ។ លោកបន្ថែមថា នៅពេលទណ្ឌកម្មត្រូវបានដាក់រវាងប្រទេសមហាអំណាច នោះវាក៏បានធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចប្រទេសតូចៗផងដែរ។
លោកបន្ថែមថា៖ «អ៊ីចឹងចំណុចនេះ លទ្ធផលវាបានឃើញហើយ។ តើសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនវាដល់ណាចប់ ហើយអាមធ្យោបាយទណ្ឌកម្មពេលណាទើបវាចប់? ទណ្ឌកម្មវាមិនខុសគ្នាជាមួយហ្នឹងការដែលយើងបិទទ្វារ។ យើងក៏ចេញមិនបាន គេក៏ចូលមិនបាន»។
មេដឹកនាំសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់វីអូអេថា តម្លៃប្រេងឡើងថ្លៃបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋដែលមានចំណូលតិចតួច។ លោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាកាត់បន្ថយពន្ធលើការនាំចូលប្រេងឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់ និងបញ្ចុះតម្លៃប្រេងឥន្ធនៈត្រឹមតម្លៃមួយសមរម្យ ក្នុងការសម្រួលដល់ការប្រើប្រាស់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ មេដឹកនាំសហជីពរូបនេះជំរុញឱ្យរដ្ឋាភិបាលមានចំណាត់ការបន្ថែមទៀត បើទោះជារដ្ឋាភិបាលអះអាងថា រដ្ឋបានចំណាយ និងខាតថវិកាយ៉ាងច្រើនទៅលើការផលិតថាមពលអគ្គិសនីក៏ដោយ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែយើងក្នុងនាមជាអ្នកដឹកនាំនៃប្រទេសមួយត្រូវតែគិតគូរធ្វើម៉េច ដើម្បីឱ្យមានការទប់ទល់ រកវិធី រកវិធានដោះស្រាយជូនប្រជាពលរដ្ឋ។ យើងមិនត្រូវទុកឱ្យចេះតែឡើងតាមអំពើចិត្តនោះទេ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល លោកបណ្ឌិត គី សេរីវឌ្ឍ ថ្លែងថា ការដែលរដ្ឋាភិបាលមិនដំឡើងថ្លៃអគ្គិសនី ហើយសុខចិត្តខាតបង់ថវិកាជាតិ គឺជាឧបត្ថម្ភធនមួយ។ ទោះជាយ៉ាងណា លោកថាដើម្បីទប់ស្កាត់កុំឱ្យមានបញ្ហាកង្វះថាមពលអគ្គិសនី រដ្ឋាភិបាលគួរតែដំឡើងថាមពលដែលដើរដោយពន្លឺព្រះអាទិត្យ ឬហៅថាសូឡា ក៏ដូចជាថាមពលខ្យល់ឱ្យបានច្រើន។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ដោយសារតែការប្រើប្រាស់ប្រេង ហើយនិងការទិញអគ្គិសនីពីប្រទេសជិតខាងនៅមានកម្រិតដែលយើងមិនអាចគ្រប់គ្រងបាន ការប្រើប្រាស់សូឡា ហើយនឹងថាមពលខ្យល់ វាអាចជួយឱ្យកម្ពុជាអាចនឹងបង្គ្រប់នូវអគ្គិសនី ដែលយើងកំពុងតែប្រើប្រាស់ ដែលយើងកំពុងតែមានការខ្វះខាត»។
គួរបញ្ជាក់ថា តម្លៃប្រេងសាំងបានបន្តហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺក្រោយការផ្ទុះសង្គ្រាមនៅប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕