ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន WHO ថា​ពិភពលោក​មិន​អាច​ធ្វើ​ព្រងើយ​ចាត់​ទុក​ថា​ជំងឺ​រាតត្បាត​ចប់​ទេ


រូប​ឯកសារ៖ លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
រូប​ឯកសារ៖ លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក ​(WHO) ​ព្រមាន​ថា​ «គ្មាន​ប្រទេស​ណា​មួយ​ដែលអាច​ធ្វើ​ព្រងើយ​ថា​ជំងឺ​រាតត្បាត​បាន​កន្លង​ផុត​នោះ​ទេ»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អនឡាញ​ពី​ទីស្នាក់ការនៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃចន្ទ​ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានថ្លែង​ថា​ប្រទេស​នានា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ ​«ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ និងសង្គ្រោះ​ជីវិត» ​ប្រសិន​បើ​ពួកគេ​ពិចារណា​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​ក្នុង​គ្រា​ដែល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩។

លោកវេជ្ជបណ្ឌិត ​Tedros ​បាន​បញ្ជាក់​ថា៖

«ប្រទេស​ណា​ដែល​គ្រប់​គ្រង​វីរុស​បាន​កាន់តែ​ខ្លាំង​ គឺ​ពួកគេ​កាន់​តែ​អាច​បើក​ដំណើរការ​បាន​ច្រើន។ ការ​បើក​ដំណើរការ​ដោយ​គ្មាន​ការ​គ្រប់​គ្រង​គឺ​ជា​រូបមន្ត​នៃ​គ្រោះ​មហន្តរាយ»។

លោកវេជ្ជបណ្ឌិត​ Tedros ​បាន​ផ្តល់ ​«ដំបូន្មាន​បួន​សំខាន់ៗ» ​ដល់ប្រទេស​ ទីក្រុង​ និង​បុគ្គល​នានា​សម្រាប់​ធ្វើ​តាម​ដើម្បី​គ្រប់គ្រង​វីរុស​ឱ្យ​បាន​ ក្នុង​នោះ​មាន​ការពារ​មិន​ឱ្យ​មាន​ការ​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ​នៅ​កីឡដ្ឋាន និង​ក្លឹប​កម្សាន្ត​រាត្រី និង​អនុវត្ត​កម្មវិធី​តេស្ត​រក​វីរុសឱ្យ​បាន​ហ្មត់ចត់ តាមដាន​ការ​ប៉ះពាល់​គ្នា និង​ដាក់​ឱ្យ​នៅ​ដោយ​ឡែក។ លោក​បន្ថែម​ថា ​ប្រទេស​ទាំងនោះ​គួរ​តែ​អនុវត្ត​វិធានការ​ដែល​ការពារ​ពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​នោះ​មនុស្ស​ចាស់ អ្នក​ដែល​មាន​ជំងឺរ៉ាំរ៉ៃស្រាប់ និង​បុគ្គលិក​ការងារ​ចាំបាច់ ដោយ​លោក​អះអាង​ថា​នឹង​ជួយ​សង្គ្រោះ​ជីវិត ​និង​ជួយ​សម្រាល​បន្ទុក​លើ​ប្រព័ន្ធ​សុខាភិបាល​នៃ​បណ្តា​ប្រទេស​ទាំងនោះ។

លោក​វេជ្ជបណ្ឌិត​ Tedros ​ក៏​ទទូច​ដល់​មនុស្ស​គ្រប់​គ្នា​ឱ្យពាក់​ម៉ាស​ រក្សា​គម្លាត​ពីគ្នា និង​លាងដៃ​ជាប្រចាំ។

ក្នុង​ពេល​ជាមួយ​គ្នានេះ​ដែរ​ ទីភ្នាក់ងារ​សុខភាព​ពិភព​លោក​ក៏​ប្រាប់​ឱ្យ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ខិតខំ​ប្រណាំង​គ្នា​ប្រញ៉ាប់​ផលិត​វ៉ាក់សាំង​កូវីដ​១៩​មួយ​ដែល​មាន​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ ដែល​ជា​ការឆ្លើយតប​នឹង​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Stephen Hanh ​ប្រធាន​រដ្ឋបាល​គ្រប់គ្រង​ស្បៀង​អាហារ​របស់​សហរដ្ឋអាមេរិក​ដែលថ្លែង​ថា​ទីភ្នាក់ងារ​នេះ​កំពុង​តែ​ពិចារណា​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​មុន​ពេល​បញ្ចប់​ការ​ធ្វើ​តេស្ត​លើ​មនុស្សនៅ​ដំណាក់កាល​ចុងក្រោយ៕

XS
SM
MD
LG