អ្នកជំនាញមួយចំនួនលើកឡើងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតក្នុងប្រទេសចិន និងរុស្ស៊ី មានគុណវិបត្តិដ៏ធំមួយ ដោយការផលិតនោះគឺផ្អែកទៅលើវីរុសនៃជំងឺផ្តាសាយធម្មតាដែលកើតទៅលើមនុស្សជាច្រើន ដែលនេះអាចធ្វើឱ្យវ៉ាក់សាំងការពារនេះជំងឺកូវីដ១៩នេះខ្វះប្រសិទ្ធភាព។
ប្រភេទថ្នាំវ៉ាក់សាំងបង្កើតដោយក្រុមហ៊ុនចិន CanSino Biologic ដែលត្រូវបានអនុញ្ញាតឱ្យមានការ ប្រើប្រាស់លើកងយោធារបស់ចិននោះ គ្រាន់តែផ្អែកលើការកែច្នៃនៃវីរុសបង្កជំងឺផ្តាសាយធម្មតាដែលពាក្យបច្ចេកទេសហៅកាត់ថា Ad5 តែប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងនេះកំពុងស្វែងរកការយល់ព្រមសម្រាប់ការប្រើប្រាស់ក្នុងករណីសង្គ្រោះបន្ទាន់មួយក្នុងបណ្តាប្រទេសជាច្រើន មុនពេលដែលត្រូវដាក់ឱ្យសាកល្បងក្នុងទ្រង់ទ្រាយធំ នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន the Wall Street Journal កាលពីសប្តាហ៍មុន។
ដោយឡែកវ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថាន Gamaleya ក្នុងទីក្រុងមូស្គូនៃប្រទេសរុស្ស៊ីវិញនោះ ដែលត្រូវបានរដ្ឋាភិបាលប្រទេសរុស្ស៊ីយល់ព្រមកាលពីដើមខែសីហា បើទោះបីមិនមានការធ្វើតេស្តសាកល្បងទូលំទូលាយក្តី គឺជាប្រភេទវ៉ាក់សាំងដែលផលិតចេញពីវីរុស Ad5 ដែរ និងវីរុសមួយទៀតដែលកម្រមានជាង។
លោកស្រី Anna Durbin អ្នកស្រាវជ្រាវវ៉ាក់សាំងនៃសាកលវិទ្យាល័យ Hopkins Universityលើកឡើងថា វ៉ាក់សាំងដែលផ្អែកលើវីរុស Ad5 ធ្វើឱ្យលោកស្រីមានការបារម្ភ ព្រោះដោយសារមានមនុស្សជាច្រើនមានភាពស៊ាំទៅនឹងវីរុសនេះហើយ។ លោកស្រីបញ្ជាក់ថា ខ្ញុំមិនច្បាស់ទេពីយុទ្ធសាស្រ្តរបស់គេ តែប្រហែលជាវ៉ាក់សាំងនេះមិនអាចមានភាពស័ក្តិសិទ្ធិ៧០%ទេ ប្រហែលអាចតែ៤០%ប៉ុណ្ណោះ ដែលនេះអាចប្រសើរជាងការគ្មានវ៉ាក់សាំងសោះ រហូតដល់មានវ៉ាក់សាំងដែលមានប្រសិទ្ធិភាពជាងនេះត្រូវបានដាក់ឱ្យប្រើប្រាស់នោះ៕