ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ម្នាក់​ចង់​ធ្វើ​ស្តូប​ដើម្បី​រំឭក​ដល់​ឪពុក​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ តែ​រដ្ឋាភិបាល​ចិន​ចង់​បំបិទ​មាត់​លោក


បុគ្គលិក​សុខាភិបាល​ក្នុង​ឈុត​ការពារ​មើល​ថែ​អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូហាន ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​ក្នុង​ឈុត​ការពារ​មើល​ថែ​អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូហាន ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នក​ស្រុក​នៅ​ក្នុង​ក្រុង​វូហាន​មួយ​រូប គឺ​លោក​ Zhang Hai បាន​បង្ហោះ​សេចក្តី​ប្រកាស​មួយ​នៅ​លើ​វេទិកា​បណ្តាញ​សង្គម​ចិន កាលពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​នេះ ដោយ​អំពាវនាវ​ស្វែងរក​ជំនួយ​ដើម្បី​សាងសង់​ស្តូប​មួយ​ដែល​មាន​ឈ្មោះ និង​រូបថត​របស់​ជនរងគ្រោះ​ដោយសារ​វីរុស​កូរ៉ូណា​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ចិន។

លោក​បាន​ជ្រើសរើស​ថ្ងៃ​ប្រកាស​អំពី​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី៤ ខែឧសភា ដោយសារ​តែ​វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​ចិន​ជាច្រើន។ ចលនា​ថ្ងៃទី៤ ខែឧសភា ឬ ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា «ចលនា​វប្បធម៌​ថ្មី» បង្ហាញ​ពី​ការ​ភ្ញាក់ខ្លួន​ផ្នែក​នយោបាយ​របស់​យុវជន​ចិន និង​ជា​ចលនា​ឆ្ពោះ​ទៅ​រក​ប្រទេស​ចិន​បែប​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ១៩១៩។ សេរីភាព​បញ្ចេញ​មតិ ស្ថិតក្នុង​ចំណោម​ការទាមទារ​សំខាន់ៗ​ផ្សេង​ទៀត​របស់​ក្រុម​អ្នក​តវ៉ា​នៅ​ពេល​នោះ។

លោក Zhang ​បាន​បាត់បង់​ឪពុក​របស់​លោក​ដោយសារ​តែ​វីរុស​កូរ៉ូណា​ដែល​បាន​ចាប់ផ្តើម​ដំបូង​នៅ​ក្នុង​ក្រុង​វូហាន។ លោក​បាន​និយាយ​ថា សារ​ដែល​មាន​អាយុកាល​១០១ឆ្នាំ​នេះ មាន​ទំនាក់ទំនង​ពិសេស​សម្រាប់​ពេល​សព្វថ្ងៃ​នេះ។

លោក​បាន​ប្រាប់​ VOA នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា៖

«ដោយសារ​តែ​មនុស្ស​គ្រប់​គ្នា​ដែល​បាន​ស្លាប់ រួម​ទាំង​ឪពុក​របស់​ខ្ញុំ​ផង​ដែរ គឺ​ជា​ជនរងគ្រោះ​ដោយ​សារ​ការ​ទទួល​បាន​ព័ត៌មាន​ខុស។ ស្តូប​នេះ នឹង​រំឭក​ពួកយើង​ពី​ពេលវេលា​ដ៏​ខ្មៅ​ងងឹត ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា រឿងរ៉ាវ​បែប​នេះ នឹង​មិន​កើត​ឡើង​ម្តង​ទៀត​ទេ»។

លោក Zhang បាន​និយាយ​ថា លោក​នៅ​តែ​គាំទ្រ​គណបក្ស​កុំម្មុយនិស្ត​ចិន​ដែល​ជា​គណបក្ស​កាន់​អំណាច ប៉ុន្តែ​លោក​គិត​ថា មន្ត្រី​មូលដ្ឋាន​គួរ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​លាក់បាំង​ការ​ពិត​ពី​ដំបូង អំពី​ការណ៍​ដែល​វីរុស​នេះ អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​បាន។

ឪពុក​របស់​លោក Zhang Hai គឺ​លោក Zhang Lifa។ លោក​ជា​អតីត​យុទ្ធជន​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​បាន​ចំណាយ​ពេល​រាប់​ទសវត្សរ៍​ធ្វើ​ការ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន។ លោក​បាន​ស្លាប់​នៅ​ថ្ងៃទី១ ខែកុម្ភៈ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង​វូហាន​ដោយសារ​តែ​វីរុស​កូរ៉ូណា​នេះ។

លោក Zhang Hai បាន​និយាយ​ថា កាលពី​ខែ​មករា ឪពុក​របស់​លោក​បាន​ដួល ហើយ​បាន​បាក់​ជើង។ ពួកគេ បាន​ធ្វើ​ដំណើរ​ពី​ខេត្ត Guangdong ទី​ដែល​ពួកគេ​ធ្លាប់​រស់នៅ​ មក​កាន់​ក្រុង​វូហាន ដែល​ជា​ស្រុកកំណើត​របស់​ពួកគេ ដើម្បី​ធ្វើ​ការ​វះកាត់។ វីរុស​កំពុង​តែ​រីករាលដាល​នៅ​ក្នុង​ក្រុង​វូហាន​នៅ​ពេល​នោះ​ ប៉ុន្តែ​ក្រុម​មន្ត្រី​មូលដ្ឋាន​មើល​ស្រាល​ហានិភ័យ​នៃ​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៃ​វីរុស​កូរ៉ូណា។ លោក Zhang Hai ច្បាស់​ក្នុង​ចិត្ត​ថា ឪពុក​របស់​លោក បាន​ឆ្លង​វីរុស​នេះ ក្នុង​អំឡុង​ពេល​ព្យាបាល​នៅ​មន្ទីរពេទ្យ។

លោក Zhang Hai បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«ប្រសិនបើ​ខ្ញុំ​ដឹង​ពី​ហានិភ័យ​នេះ ខ្ញុំ​នឹង​មិន​ឲ្យ​ឪពុក​ធ្វើ​ដំណើរ​ទៅ​ក្រុង​វូហាន​ទេ។ ឪពុក​របស់​ខ្ញុំ​បាន​រួមចំណែក​ដល់​ប្រទេស​នេះ​ច្រើន​ណាស់ ហើយ​ឥឡូវ​នេះ​លោក​បាន​ស្លាប់​ដោយសារ​តែ​កំហុស​ដ៏​ធំ​មួយ​របស់​អាជ្ញាធរ​មូលដ្ឋាន។ ហេតុអ្វី​បាន​ជា​យើង​មិន​អាច​ទាមទារ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ?»។

ការ​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​ពលរដ្ឋ​ចិន​នេះ គឺ​ជា​ប្រធានបទ​ដែល​ក្រុម​មន្ត្រី​អាមេរិកាំង​បាន​លើក​ឡើង​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បង្ហាញ​ថា តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្វែរ​ការ​ស៊ើបអង្កេត​របស់​អន្តរជាតិ​ពី​ប្រភព​វីរុស​នេះ​ដោយ​របៀប​ណា និង​ថា​តើ​ប្រទេស​ចិន​បន្ត​កម្ចាត់​អ្នក​រិះគន់​ផ្ទៃ​ក្នុង​ដោយ​របៀប​ណា​ ទោះ​បី​ជា​ការ​រិះគន់​នោះ​មាន​លក្ខណៈ​តូចតាច​ប៉ុន​ណា​ក៏​ដោយ​នោះ។

លោក Matthew Pottinger ​ជា​ជំនួយការ​ជាន់​ខ្ពស់​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ធ្លាប់​ធ្វើ​ជា​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ពេល​ដែល​លោក​បាន​ចាប់ផ្តើម​ការងារ​ដំបូង។ លោក​បាន​សរសើរ​វេជ្ជបណ្ឌិត​ពីរ​រូប​ដែល​លួច​បង្ហើប​ព័ត៌មាន​ និង​ដែល​ត្រូវ​បាន​អាជ្ញាធរ​ស្តីបន្ទោស​ចំពោះ​ការ​ព្រមាន​សហការី​របស់​ពួកគេ អំពី​ជំងឺ​កូវីដ១៩ នៅក្នុង​ខែធ្នូ​កន្លង​ទៅ​នេះ។

ទោះ​បី​ជា​ប្រទេស​ចិន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​រឹតត្បិត​ការ​បញ្ចេញមតិ​របស់​វេជ្ជបណ្ឌិត និង​បាន​ចាត់​ទុក​ពួកគេ​ថា ជា​អ្នក​សេ្នហា​ជាតិ​ចាប់​តាំង​ពី​ពេល​នោះ​មក​ក្តី រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តែ​មិន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ទៅ​លើ​អ្នក​ដែល​រិះគន់​ដល់​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​នោះ​ទេ។

លោក Zhang Hai ដែល​ជា​សកម្មជន​មួយ​រូប បាន​និយាយ​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​ទាមទារ​នេះ ជូន​ឪពុក​របស់​ខ្ញុំ»។

លោក Zhang Hai មិន​ទាន់​ទទួល​បាន​ធាតុ​របស់​ឪពុក​លោក​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ ហើយ​លោក​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ចំពោះ​របៀប​ដែល​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​មរណភាព​របស់​ឪពុក​លោក។

លោក Zhang បាន​និយាយ​ថា៖

«ចាប់តាំង​ពី​ពេល​ដែល​ឪពុក​របស់​ខ្ញុំ​ស្លាប់​នៅ​ថ្ងៃទី១ ខែកុម្ភៈ គឺ​វា​មាន​រយៈពេល​យូរ​ហើយ។ គ្មាន​អ្នក​ណា​ម្នាក់​ឆ្លើយ​សំណួរ​របស់​ខ្ញុំ​ទេ​ថា ​តើ​ធាតុ​របស់​ឪពុកខ្ញុំ​នៅ​ទីណា​នោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ត្រូវ​បាន​គេ​តាមដាន​នៅ​ក្នុង​គណនី WeChat របស់​ខ្ញុំ ទូរស័ព្ទ​របស់​ខ្ញុំ និង​ទំព័រ​ប្លុក​របស់​ខ្ញុំ»។

លោក Zhang បាន​និយាយ​ថា លោក​ត្រូវ​បាន​ប៉ូលិស​កោះ​ហៅ​ឲ្យ​ទៅ​ស្ថានីយ​ប៉ូលិស​ជា​លើក​ទី២​នៅ​ថ្ងៃទី៤ ខែឧសភា ហើយ​ប៉ូលិស​បង្ហាញ​លោក​បញ្ជី​មួយ។ លោក​បាន​និយាយ​ថា «វា​ជា​ប្រវត្តិ​នៃ​ការ​ឆ្លើយឆ្លង​ទាំង​អស់​របស់​ខ្ញុំ​នៅ​លើ​បណ្តាញ WeChat»។

លោក Zhang Hai បាន​និយាយ​ថា ប៉ូលិស​បាន​ប្រាប់​លោក​ពី​មូលហេតុ​សម្រាប់​ការ​តាមដាន​យ៉ាង​ម៉ឺងម៉ាត់​នេះ គឺ​ដោយសារ​លោក​បាន​បង្កើត​ក្រុម​អនឡាញ​មួយ​ដែល​មាន​សមាជិក​គ្រួសារ​របស់​ជន​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩។

លោក​បាន​និយាយ​ថា ប៉ូលិស​បាន​ប្រាប់​លោក​ថា «ធាតុផ្សំ​នៃ​ការ​ប្រឆាំង​ចិន​អាច​នឹង​ជ្រាប​ចូល​ទៅ​ក្នុង​ក្រុម​នោះ»។

លោក Zhang Hai បាន​សើច​ចំពោះ​លេស​នេះ។ លោក​បាន​និយាយ​ថា លោក និង​អ្នក​ដទៃ​ទៀត​គ្រាន់​តែ​កាន់​ទុក្ខ​តាម​អនឡាញ​ជាមួយ​គ្នា ហើយ​ពួកគេ​មិន​បាន​បំពាន​ច្បាប់​អ្វី​មួយ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ លោក​ប្តេជ្ញា​ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លាក់បាំង​ព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩។

លោក​បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​មិន​ខ្វល់​ថា ខ្ញុំ​ត្រូវ​បាត់បង់​អ្វី​នោះ​ទេ។ ខ្ញុំ​ជំពាក់​ឪពុក​ខ្ញុំ​នូវ​ការ​ពន្យល់​មួយ»។

ខណៈ​ពេល​ដែល​អាជ្ញាធរ​អាច​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការមិន​ឲ្យ​មាន​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​នោះ លោក Yang Zhanqing ដែល​ជា​សកម្មជន​សិទ្ធិ​អតីត​យុទ្ធជន​បាន​ប្រមើរមើល​ថា ការ​រិះគន់​ពី​សំណាក់​ពលរដ្ឋ​ចិន​នឹង​មាន​កាន់​តែ​ច្រើន នៅ​ពេល​ដែល​ការរាតត្បាត​នៅ​តែ​មាន​ជា​បន្ត ហើយ​អាជ្ញាធរ អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​វា ប្រសិន​បើ​មនុស្សម្នា​ដូច​លោក Zhang Hai នៅ​តែ​បន្ត​តវ៉ា​នោះ។

លោក Yang បាន​ប្រាប់ VOA ថា៖

«យើង​ទាំង​អស់​គ្នា​គួរ​តែ​សរសើរ​ភាព​ក្លាហាន​របស់​លោក Zhang Hai។ លោក​បាន​និយាយ​ចេញ​នូវ​អ្វី​ដែល​គ្រួសារ​ផ្សេង​ចង់​និយាយ​ ប៉ុន្តែ​មិន​ហ៊ាន។ នេះ គឺជា​រឿង​កម្រ​នឹង​មាន​ណាស់»។

បន្ទាប់​ពី​លោក Zhang បាន​បង្ហោះ​ការ​ប្រកាស​តាម​អនឡាញ​ដើម្បី​រៃអង្គាស​ប្រាក់​នេះ អាជ្ញាធរ​បាន​លុប​វា​ចោល​ភ្លាមៗ។ លោក​បាន​បង្ហោះ​វា​ម្តង​ទៀត ហើយ​វា​ត្រូវ​បាន​គេ​លុប​ចោល​ម្តង​ទៀត។

លោក Pottinger ដែល​ជា​ទីប្រឹក្សារង​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ថា ការ​រាំងខ្ទប់​ទ្រង់ទ្រាយ​តូច​បែប​នេះ ដែល​ជា​រឿង​ពិត​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន អាច​នាំ​ឱ្យ​មាន​ការ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​កាន់​តែ​ខ្លាំង​ទៅៗ។

លោក Pottinger បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​មជ្ឈមណ្ឌល Miller Center នៃ​សាកលវិទ្យាល័យ University of Virginia ថា៖

«នៅ​ពេល​ដែល​សកម្មភាព​ក្លាហាន​តូចតាច ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់ ភាព​ក្លាហាន​ទ្រង់ទ្រាយ​ធំ​នឹង​កើត​ឡើង»។

លោក​បាន​និយាយ​ថា លោក​សង្ឃឹម​ថា ការ​ថ្លែង​សុន្ទរកថា​ជា​ភាសា​ចិន​កុកងឺ​អាច «ធ្វើ​ឱ្យ​មាន​ការ​បើក​ផ្លូវ​សម្រាប់​កិច្ចសន្ទនា​ជាមួយ​នឹង​មិត្ត​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​ជុំវិញ​ពិភពលោក»។

ក្រសួង​ការបរទេស​ចិន​បាន​ច្រានចោល​ការ​រិះគន់​របស់​លោក Pottinger អំពី​ការ​បង្ក្រាប​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ចិន ដោយ​លើកឡើង​ថា លោក​ «អាច​នឹង​មិន​សូវ​យល់​ពី​ប្រទេស​ចិន» និង​ថា​លោក​គួរ​តែ​ផ្តោត​លើ​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​វិញ​ទៅ៕

XS
SM
MD
LG