ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​វូហានបាន​បើក​ដំណើរការ​ឡើងវិញ តែ​អ្នក​ក្រុង​នេះប្រឈមនឹង​ការរើសអើង​ដោយសារ​ជំងឺ​កូវីដ១៩


បុគ្គលិកពេទ្យយកសំណាកពីបុរសម្នាក់ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្រុងវូហាន ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ កាលពី​ពេល​ថ្មីៗ​នេះ ក៏ប៉ុន្តែ ពលរដ្ឋ​ទីក្រុង​នេះ នៅតែ​ប្រឈមនឹង​ការជាប់​ឈ្មោះ​ទៅ​នឹង​វីរុស​កូរ៉ូណា ដែល​នាំ​ឲ្យ​កើត​ជំងឺ​កូវីដ​១៩។

ការបើក​ដំណើរការ​ឡើងវិញ​នៃ​ទីក្រុង​វូហាន ប្រទេស​ចិន ដែល​ជា​ចំណុច​កណ្តាល​នៃ​ការចាប់ផ្តើម​ជំងឺ​រាតត្បាត​កូវីដ១៩នេះ បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​សុខភាពល្អ​ភាគច្រើន ធ្វើដំណើរ​ទៅ​ក្រៅដែន​កំណត់​ទីក្រុង ចាប់តាំងពី​ថ្ងៃ​ទី ៨ ខែមេសា។

ក៏ប៉ុន្តែ អ្នករស់នៅ​ទីក្រុង​វូហាន​ជាច្រើន​យល់​ថា នៅពេលដែល​ពួកគេ​ធ្វើដំណើរ ឬ ស្វែងរក​ការងារ​នៅ​កន្លែង​ផ្សេង​ទៀត ជាទូទៅ ពួកគេ​មិន​ត្រូវ​បាន​គេ​ស្វាគមន៍​ទេ។ ទីក្រុង​នេះ ជាប់​ស្លាកស្នាម​អវិជ្ជមាន​ដោយសារ​ការជាប់​ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។

ពលរដ្ឋ​នៅ​ទីក្រុង​វូហានម្នាក់ ដែល​បាន​ប្រាប់ VOA តាម​បណ្តាញ​សង្គម​ឲ្យ​ហៅ​ឈ្មោះ​លោក​ថា «លោក Yang» ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នោះ និយាយ​ក្នុង​សម្តី​ដើម​ថា៖

«មាន​រឿងរ៉ាវ​ជាច្រើន ដែល​ក្នុង​នោះ មាន​ដូចជា ការរើសអើង ការបដិសេធ​អ្នក​ដែល​មក​ពី​ទីក្រុង​វូហាន ក៏ដូចជា អ្នក​ដែល​មកពី​ខេត្តហ៊ូប៉ី»។

ទីក្រុង​វូហាន ជា​ទី​រួមខេត្ត​នៃ​ខេត្តហ៊ូប៉ី។

អ្នកលក់ដុំ​ម្នាក់​នៅ​ទីក្រុង Yiwuបាន​និយាយ​ថា សូម្បីតែ​ទីក្រុង Yiwuនេះ ដែល​មាន​ចម្ងាយ​ដល់​ទៅ​ប្រមាណជា ៧០០ គីឡូម៉ែត្រ​ភាគខាងកើត​នៃ​ទីក្រុង​វូហាន​ក៏​ប្រឈម​នឹង​ការរើសអើង​ដែរ ដូចជា​អ្នកប្រតិបត្តិការ​នៅ​រោងចក្រ​ដែល​ទទួល​បន្ទុក​ខាង​ជួល​កម្មករ​ដើម្បី​ធ្វើ​ម៉ាស​នោះ មាន​ការរើស​អើង​ចំពោះ​កម្មករ​ចំណាក​ស្រុក​ដែល​មក​ពី​ខេត្ត​ហ៊ូប៉ី។

លោក Eric Lin ដែល​ជា​អាជីវករ​ម្នាក់ និង​ជា​ម្ចាស់​រោងចក្រ​មួយ​នៅ​ទីក្រុង Yiwu បាន​ប្រាប់ VOAថា៖

«ប្រសិនបើ​ខាង​រោងចក្រ មិន​ស្គាល់​កម្មករ​ដោយ​ផ្ទាល់​ទេ នោះ​ពួកគេ​ជាច្រើន​នឹង​មិន​ជួល​មនុស្ស​ដែល​គេ​មិន​ស្គាល់​មក​ពី​ទីក្រុង​វូហាន​ទេ។ គ្មាន​ការផ្តល់​អទិភាព​ណា​មួយ​ដល់​អ្នក​មក​ពី​ទីក្រុង​វូហាន​នោះ​ទេ ហើយ​កម្លាំង​ពលកម្ម​ក៏​មិន​ខ្វះ​ដែរ។ ដូច្នេះ ហេតុអ្វី​យើង​គួរ​ជួល​អ្នក​មក​ពី​ទីនោះ?»។

អតីត​កម្មករ​សំណង់​ម្នាក់​ដែល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Huoshenshan ដែល​ជា​កន្លែង​បណ្តោះ​អាសន្ន​មួយ​សម្រាប់​អ្នក​ជំងឺ​ដែល​មិន​សូវ​មាន​អាការៈរោគ​ធ្ងន់ធ្ងរ​នោះ បាន​រៀប​រាប់​ត្អូញត្អែរ​អំពី​ការលំបាក​របស់​លោក​ក្នុង​ការ​រក​ការងារ​ថ្មី បន្ទាប់ពី​ធ្វើការ​នៅ​ទីក្រុង​វូហាន។ លោក​បាន​រៀបរាប់​ដូច​នោះ នៅ​លើ​គេហទំព័រ Weibo ដែល​ជា​វេទិកា​បណ្តាញ​សង្គម​របស់​ចិន ដែល​មាន​ភាព​ស្រដៀងគ្នា​នឹងTwitter។ លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖

«នៅ​គ្រប់​ទីកន្លែង យើង​មិន​អាច​រក​ការងារ​ធ្វើ​បាន​ទេ។ ចំ​ពេល​ដែល​សេដ្ឋកិច្ច​រីក​ចម្រើន​យឺត​នៅ​ឆ្នាំ​នេះ គ្មាន​នរណាម្នាក់​ចង់​ជួល​មនុស្ស​ដែល​ធ្លាប់​មាន​ការពាក់​ព័ន្ធ​នឹង​មន្ទីរពេទ្យ Leishenshan ឬ Huoshenshan នោះ​ទេ»។

VOA បាន​ស្នើ​សុំ​និយាយ​ជាមួយ​អតីត​កម្មករ​សំណង់​រូប​នេះ ក៏ប៉ុន្តែ គ្មាន​ការឆ្លើយតប​ទេ។

មនុស្ស​ជាង ២៥០០ នាក់ នៅ​ក្នុង​ទីក្រុង​វូហាន បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ការឆ្លង​វីរុស​នេះ អាជ្ញាធរ​បាន​បិទ​ដំណើរការ​ទីក្រុង​វូហាន ដែល​ប្រែ​ក្លាយ​ទីក្រុង​នេះ ទៅ​ជាទីក្រុង​ស្ងាត់ឈឹងមួយអស់​រយៈពេល ១១ សប្តាហ៍។

ឥឡូវនេះ អាជ្ញាធរ​នៅ​ទីក្រុង​នោះ​និយាយ​ថា ទីក្រុង​នេះ អាច​ទប់ទល់​នឹង​ការរាតត្បាត​នៃ​ជំងឺ​នេះ​បាន ហើយ​កំពុង​ព្យាយាម​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ។

កម្មករ​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​វ័យក្មេង​ជាច្រើន ដូចជា Bai Quan ដែល​បាន​រស់នៅ​និង​ធ្វើការ​នៅ​ទីក្រុង​វូហាន ដែល​ធ្វើ​ជា​អ្នកគូររូប​អស់​រយៈពេល​មួយ​ទសវត្សរ៍​មក​ហើយ និយាយ​ថា​ការងារ​របស់​ខ្លួន​បាន​បាត់បង់ ឬ បាន​ប្រាក់​ឈ្នួល​ទាប។

Bai Quan បាន​ថ្លែង​បន្ថែម​ទៀត​ថា មិត្តភក្តិ​របស់​នាង​ជាច្រើន​បាន​សម្រេចចិត្ត​ផ្លាស់​ចេញ​ពី​ទីក្រុង ដើម្បី​ស្វែងរក​ឱកាស​ការងារ​នៅ​កន្លែង​ផ្សេង​ទៀត។ នាង​បាន​ដឹង​ពី​មិត្តភក្តិ​ដែល​បាន​ចាកចេញ​ពី​ទីក្រុង​មុន​នេះ​ថា ការ​រើសអើង​ចំពោះ​អ្នក​មក​ពី​ទីក្រុង​វូហាន កើត​មាន​ឡើង​យ៉ាង​ពិត​ប្រាកដ​នៅក្នុង​ទីក្រុង​មួយ​ចំនួន ដូចជា​ទីក្រុង​ប៉េកាំង​ជាដើម។ Bai Quan បាន​ថ្លែង​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«តាម​មិត្តភក្តិ​របស់ខ្ញុំ​ម្នាក់​បាន​និយាយ​ថា «ស្ថានភាព​នេះ គឺ​ធម្មតា​ទេ​នៅក្នុង​ក្រុង Shenzhen នៅ​ខេត្តក្វាងទុង។ ប៉ុន្តែ នៅ​ទីក្រុង​ប៉េកាំង​វិញ មិត្តភក្តិ​មួយ​ចំនួន​បាន​ជួបប្រទះ​នូវ​ការរើសអើង​មួយ​ចំនួន»។

ទោះជាយ៉ាងនេះ​ក្តី Bai Quan បាន​ថ្លែង​ប្រាប់ VOA បន្ថែម​ថា «ការរើសអើង​ដែល​មិត្ត​ភក្តិ​នាង ជួប​ប្រទះ​នោះ ជា​លក្ខណៈ​បុគ្គល និង​កើតឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា»។

ការរើសអើង​មាន​លក្ខណៈ​ទូលំទូលាយ

អ្នកកាសែត​ពលរដ្ឋ​ម្នាក់ គឺ​នាង Zhang Zhan ដែល​មក​ពី​ទីក្រុង​ស៊ាងហៃ និង​បាន​រាយការណ៍​ព័ត៌មាន​ពី​ទីក្រុង​វូហាន​ចាប់តាំង​ពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​នោះ ថ្លែង​ថា បញ្ហា​រើសអើង​ដែល​មាន​ទៅ​លើ​ពលរដ្ឋ​មកពី​ទីក្រុង​វូហាន គឺ​មាន​លក្ខណៈ​ទូលំទូលាយ និង​អាក្រក់​ជាង​ការរំពឹង​ទុក​ទៅ​ទៀត។ នាង Zhang Zhan បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«វា​មាន​ភាពធ្ងន់ធ្ងរ​ណាស់។ មិនត្រឹមតែ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ដែល​មាន​អារម្មណ៍​ថា មាន​ការរើសអើង។ សូម្បីតែ​អ្នក​ដែល​ឈឺ ដោយសារ​ជំងឺ​ផ្សេងៗ ឬ ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ជាទៀងទាត់​ក៏​ប្រញាប់​ប្រញាល់​ប្រាប់​ខ្ញុំ​ដែរ​ថា ពួកគេ​មាន​សុខភាព​ធម្មតា​ទេ ឬ ថា ពួកគេ​ទៅ​មន្ទីរពេទ្យ​ក្នុង​ហេតុផល​ផ្សេងៗ»។

អ្នកកាសែត​ពលរដ្ឋ​រូបនេះ បាន​និយាយ​បន្ត​ថា នាង​បាន​និយាយ​ជាមួយ​អ្នក​ក្នុង​តំបន់​ជាច្រើន​នៅ​ស្ថានីយ៍​រថភ្លើង ដែល​ពួកគេ​និយាយ​ថា ពួកគេ​នឹង​មិន​ប្រាប់​ថា ពួកគេ​មក​ពី​ទីក្រុង​វូហាន​ទេ នៅ​ពេល​ពួកគេ​ទៅ​កន្លែង​ផ្សេង​ដើម្បី​ស្វែង​រកការងារ​នោះ។

នាង Zhang បាន​បន្ថែម​ទៀត​ថា នាង​មាន​ការសង្ស័យ​ចំពោះ​ការអះអាង​របស់​អាជ្ញាធរ​ដែល​ថា ទីក្រុង​នេះ អាច​ទប់ទល់​នឹង​ការរាតត្បាត​នៃ​ជំងឺ​នេះ​បាន។ ក្នុង​ការ​ធ្វើ​ដំណើរទៅ​កាន់​មន្ទីរពេទ្យ​វ៉ូហាន​កាលពី​ថ្ងៃច័ន្ទ​ទី១៣ ខែមេសា​កន្លង​ទៅ​នេះ នាងZhang បាន​និយាយ​ថា នាង​បាន​ឃើញ​អ្នកជំងឺ ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ប៉ុន្តែ នៅ​ពេល​ធ្វើ​តេស្ត ឃើញ​មាន​លទ្ធផល​វិជ្ជមាន​ម្តង​ទៀត។

ជាពិសេស ទាំង​នាង Zhang ទាំង ​«លោក​Yang» បាន​សម្តែង​ការភ័យខ្លាច​ចំពោះ​អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណា​តែ​មិន​បង្ហាញ​រោគសញ្ញា ដែល​ពួកគេ​អះអាង​ថា អាច​ជា​ប្រភព ឬ ជា​អ្នក​ចម្លង​វីរុស​នេះ បើ​សិនជា​ពួកគេ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ដោយ​សេរី​នោះ។

ការភ័យខ្លាចចំពោះ​អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណា​តែ​មិន​បង្ហាញ​រោគសញ្ញា

បច្ចុប្បន្ន​នេះ ទីក្រុង​វូហាន អនុញ្ញាត​ឲ្យ​អ្នករស់នៅ​ក្នុង​ក្រុង​នេះ ធ្វើដំណើរ​ទៅ​ក្រៅ​ទីក្រុង បើសិនជា ក្រោយពី​ធ្វើតេស្ត​ដោយ​ប្រព័ន្ធ​លេខ​កូដ​ពិនិត្យ​សុខភាព QR ដោយ​វា​បញ្ចេញ​កូដ​ពណ៌​បៃតង​ដែល​បង្ហាញ​ថា ពួកគេ​គ្មាន​គ្រុនក្តៅ និង​មាន​សុខភាព​ល្អ​នោះ។ មានតែ​អ្នក​ដែល​មាន​គម្រោង​ធ្វើដំណើរ​ទៅ​ទីក្រុង​ធំៗ រួមទាំង​ទីក្រុង​ប៉េកាំង​ប៉ុណ្ណោះ នឹង​ត្រូវ​កំណត់​ថា ត្រូវ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ពីរ​ដង​ជាប់ៗ​គ្នា ទើប​អាច​ឡើង​ជិះ​រថភ្លើង​នៅ​ទីក្រុង​វូហាន​បាន ហើយ​និង​នៅ​សប្តាហ៍​ដំបូង បន្ទាប់ពី​ពួកគេ​បាន​ទៅ​ដល់​ទីក្រុង​ផ្សេងៗ។

លោក Yang បាន​និយាយ​ថា ប្រព័ន្ធ​លេខ​កូដ​ពិនិត្យ​សុខភាពនោះ គឺ​មិន​គួរ​ឲ្យ​ទុកចិត្ត​ទេ ពីព្រោះ​វា​មាន​ចន្លោះ​ប្រហោង​ដែល​មនុស្ស​អាច​បំភ្លៃ ឬ កុហក អំពី​ស្ថានភាព​សុខភាព​របស់​ពួកគេ។

ពលរដ្ឋ​មួយ​ចំនួនដែល​មក​ពី​ទីក្រុង​វូហាន ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ហើយ​ឃើញ​ថា ជា​អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណា​តែ​មិន​បង្ហាញ​រោគសញ្ញាបន្ទាប់ពី​ពួកគេ​បាន​ទៅ​ដល់​ទីក្រុង​ផ្សេង​ទៀត។

អាជ្ញាធរ​សុខាភិបាល​ក្នុង​ទីក្រុង​វូហាន​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណា​តែ​មិន​បង្ហាញ​រោគសញ្ញា មាន​ចំនួន ៤៤៧ នាក់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទីក្រុង​វូហាន គិត​ត្រឹម​ថ្ងៃ​ទី ១០ ខែមេសា ដែល​ម្នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ឆ្លង ហើយ​បច្ចុប្បន្ន ស្ថានភាព​សុខភាព មាន​លំនឹង។

ក្នុង​រយៈពេល ២ សប្តាហ៍​ដើមខែ​មេសា​នេះ ទីក្រុង​វូហាន​នេះ ក៏​បាន​ធ្វើតេស្ត​បុគ្គលិក​ជាង ១៤៣.០០០ នាក់ ដែល​បាន​ត្រឡប់​មក​បន្ត​ការងារ​ឲ្យ​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​វិញ។ អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ទី១៣ ខែមេសា​ថា ក្នុង​ចំណោម​អ្នក​ទាំងនោះ មាន​មនុស្ស​១៣៣នាក់ ដែល​ធ្វើតេស្ត​ទៅ​ឃើញ​ថា មាន​ផ្ទុក​វីរុស​កូវីដ១៩៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG