ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាពលរដ្ឋ​នៃ​រដ្ឋ Hawaii ភ័យ​ស្លន់ស្លោ​ដោយសារ​ការ​ប្រកាស​អាសន្ន​មិន​ត្រឹមត្រូវ​អំពី​ការ​គំរាមកំហែង​មីស៊ីល


អគារ Diamond Head អគារ​ខ្ពស់​ៗ​ផ្សេងទៀត​នៅ​ក្នុង​ទីក្រុង​ Honolulu កាលពី​ថ្ងៃសៅរ៍​ទី​១៣ មករា ២០១៨។

អភិបាល​រដ្ឋ Hawaii លោក David Ige បាន​និយាយ​ថា ការ​រ៉ោទិ៍​សំឡេង​មិន​ត្រឹមត្រូវ​មួយ​របស់​ស៊ីរ៉ែន​ប្រកាស​អាសន្ន​អំពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​កោះ Hawaii នេះ ភ័យ​ស្លន់ស្លោ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ គឺ​ជា​រឿង​ដែល «មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ‍»។ លោក​បាន​បន្ថែម​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​កំហុស​របស់​មនុស្ស។

លោក David Ige បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក «ខឹង និង​ខក​ចិត្ត‍» ចំពោះ​ស្ថានការណ៍​នេះ។ លោក​បាន​និយាយ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​មួយ​ដែល​យើង​ទាំង​អស់​គ្នា​ភាគ​ច្រើន​នឹង​មិន​ងាយ​បំភ្លេច​បាន​នោះ​ទេ ដោយ​វា​ជា​ថ្ងៃ​មួយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​គិត​ថា សុបិន​អាក្រក់​បំផុត​របស់​យើង​ប្រហែល​ជា​នឹង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​ហើយ‍»។

ដោយ​ចោទ​សួរ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​អ្នក​សារព័ត៌មាន​អំពី​ថា​តើ​កំហុស​ដូច​នេះ​អាច​កើត​ឡើង​តាម​របៀប​ណា​នោះ លោក​អភិបាល​រដ្ឋ Hawaii រូប​នេះ បាន​បញ្ជាក់​ថា រដ្ឋបាល​របស់​លោក​នឹង​ធ្វើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា រឿង​ដូច​នេះ​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ។

ប្រជាពលរដ្ឋ​នៃ​រដ្ឋ Hawaii បាន​រៀបរាប់​អំពី​ការ​ភ័យ​ស្លន់ស្លោ​របស់​ពួកគេ នៅ​ពេល​ដែល​ពួកគេ​ទទួល​បាន​ការ​ប្រកាស​អាសន្ន​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ អ៊ីមែល និង​ទូរស័ព្ទ​ដៃ ក៏​ដូចជា​ឧបករណ៍​ចល័ត​ផ្សេងៗ​ទៀត។

នៅ​ពេល​នោះ​គឺ​ក្រោយ​ម៉ោង ៨ ព្រឹក​បន្តិច ប្រជាពលរដ្ឋ​នៃ​រដ្ឋ Hawaii ទទួល​បាន​សារ​ប្រកាស​អាសន្ន​ដែល​សរសេរ​ថា៖ «ការ​គំរាម​កំហែង​ដោយ​គ្រាប់​មីស៊ីល​កំពុង​សំដៅ​មក​កាន់​រដ្ឋ Hawaii ហើយ។ សូម​ស្វែង​រក​កន្លែង​សុវត្ថិភាព​ឲ្យ​បាន​ឆាប់។ នេះ​មិន​មែន​ជា​ការ​សាកល្បង​នោះ​ទេ‍»។

កំហុស​នៃ​ការ​ប្រកាស​អាសន្ន​នេះ​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​អំឡុង​ពេល ២០ នាទី​ក្រោយ​មក ប៉ុន្តែ​មន្ត្រី​រដ្ឋ Hawaii បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ ៣៨ នាទី​ក្រោយ​ពី​ការ​ប្រកាស​អាសន្ន​មិន​ត្រឹមត្រូវ​នេះ​មក ដើម្បី​ផ្សព្វផ្សាយ​សារ​កែ​តម្រូវ​ដល់​ប្រជាពលរដ្ឋ​តាម​រយៈ​ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​ចល័ត​ផ្សេងៗ​ទៀត។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ មន្ត្រី​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា៕

XS
SM
MD
LG