រដ្ឋអាជ្ញាម្នាក់នៃរដ្ឋ Virginia សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃច័ន្ទម្សិលមិញថា អ្នកស្រីកំពុងស៊ើបអង្កេតអំពីថាតើបទចោទស្អប់គុំកួនមានលក្ខណៈសមហេតុសមផលដើម្បីចោទប្រកាន់លើលោក Harry Rogers ដែល «ទទួលស្គាល់» ថាជាមេដឹកនាំក្រុម Ku Klux Klan ដែលអាជ្ញាធរអះអាងថាបានបង្កើនល្បឿនរថយន្តរបស់លោកបើកចូលក្នុងហ្វូងអ្នកតវ៉ាសន្តិវិធី។
អ្នកស្រី Shannon Taylor រដ្ឋអាជ្ញាប្រចាំស្រុក Henrico បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «ជនដែលជាប់ចោទដោយការទទួលស្គាល់ខ្លួនឯង និងតាមរយៈការមើលឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមអ៊ីនធឺណិត គឺជាអ្នកដែលអះអាងថាជាមេដឹកនាំក្រុម Ku Klux Klan និងជាអ្នកឃោសនាមនោគមវិជ្ជារដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិកសម័យសង្គ្រាមស៊ីវិល។ យើងកំពុងស៊ើបអង្កេតថាតើបទចោទស្អប់គុំកួនសម្រាប់ករណីនេះ សមហេតុសមផលដែរឬទេ»។
លោក Rogers អាយុ ៣៦ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Richmond រដ្ឋ Virginia និងត្រូវបានចោទប្រកាន់ពីបទបំពានវាយប្រហារ បទបង្កររបួសស្នាមដោយមានការប៉ុនប៉ងព្យាបាទទុកជាមុន និងបទឧក្រិដ្ឋបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
សេចក្ដីប្រកាសរបស់អ្នកស្រី Taylor បានបញ្ជាក់ថា លោក Rogers បានបើករថយន្តដោយធ្វេសប្រហែលនៅជិតក្រុមអ្នកតវ៉ា និងបានបង្កើនល្បឿនបើកសំដៅក្រុមអ្នកតវ៉ាទាំងនោះ។
ហេតុការណ៍នេះកើតឡើងក្នុងអំឡុងពេលនៃការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកទាក់ទិននឹងការស្លាប់របស់លោក George Floyd នៅពេលស្ថិតក្នុងសមត្ថកិច្ចរបស់ប៉ូលិសកាលពី ២ សប្ដាហ៍មុនក្នុងរដ្ឋ Minnesota៕