ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅលើពិភពលោកបានកើនដល់ជិត ៤ សែន ៣ ពាន់នាក់ ហើយចំនួនអ្នកឆ្លងមានចំនួនជាង ៧ លាននាក់។ នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយមជ្ឈមណ្ឌលស្រាវជ្រាវវីរុសកូរ៉ូណានៃសាកលវិទ្យាល័យ Johns Hopkins។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់មកគឺចក្រភពអង់គ្លេស ប្រទេសប្រេស៊ីល និងប្រទេសអ៊ីតាលី។
សហរដ្ឋអាមេរិកក៏ជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺនេះច្រើនជាងគេបំផុតផងដែរ ដោយមានចំនួនអ្នកឆ្លងជិត ២ លាននាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី និងចក្រភពអង់គ្លេស។
អាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិកបានជំរុញឲ្យអ្នកដែលបានចូលរួមនៅក្នុងការតវ៉ាទាក់ទិននឹងការស្លាប់របស់លោក George Floyd ឲ្យធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយពីអ្នកតវ៉ាបានប្រមូលផ្ដុំគ្នាតវ៉ាជិតៗគ្នាអស់ពេលជាងមួយសប្ដាហ៍កន្លងមកនេះ។
លោក Andrew Cuomo អភិបាលរដ្ឋញូវយ៉កបាននិយាយថា «ចូរនាំគ្នាទៅធ្វើតេស្ត។ ចូរនាំគ្នាទៅធ្វើតេស្ត»។ លោកបាននិយាយបន្តទៀតថា រដ្ឋញូវយ៉កបានបើកកន្លែងធ្វើតេស្តថ្មីចំនួន១៥ ហើយបានប្រាប់ពលរដ្ឋកុំឲ្យខកខានឱកាសនេះ។
ការអំពាវនាវប្រហាក់ប្រហែលគ្នានេះបានកើតមានឡើងមកពីមេដឹកនាំរដ្ឋ និងទីក្រុង Atlanta ទីក្រុង San Francisco និងទីក្រុង Seattle។
មនុស្ស៤សែននាក់ត្រូវគេរំពឹងនឹងវិលត្រឡប់ទៅធ្វើការងាររបស់ខ្លួនវិញនៅក្នុងទីក្រុងញូវយ៉កនៅថ្ងៃចន្ទនេះ នៅពេលដែលទីក្រុងដ៏ធំបង្អស់នេះចាប់ផ្តើមបើកដំណាក់កាលដំបូង។ មនុស្សជាច្រើននឹងធ្វើដំណើរតាមរទេះភ្លើងក្រោមដីជាលើកទី១នៅក្នុងរយៈពេលជិត៣ខែនេះ។
កម្មករសំណង់ និងអ្នកដែលធ្វើការនៅរោងចក្រ ហាងលក់ទំនិញដុំ និងរាយខ្លះ នឹងវិលត្រឡប់ទៅធ្វើការវិញ។ ហាងលក់ដូរទាំងនោះ គ្រាន់តែអនុញ្ញាតឲ្យយកទំនិញនៅច្រកផ្លូវតែប៉ុណ្ណោះ។
ក៏ប៉ុន្តែភោជនីយដ្ឋានរាប់ពាន់នៅក្នុងទីក្រុងញូវយ៉កនៅតែបិទទ្វារយ៉ាងហោចណាស់ក៏មួយខែនេះទៀតដែរ។
ខណៈដែលពួកមន្រ្តីក្រុងញូវយ៉កបង្ហាញនូវទំនុកចិត្តគ្រប់គ្រាន់ដើម្បីចាប់ផ្តើមការ បើកទីក្រុងឡើងវិញក៏ដោយក្រសួងសុខាភិបាលរដ្ឋ Florida បានប្រកាសពីការឆ្លង១ពាន់១រយ៨០ករណីថ្មីនៃមេរោគកូរ៉ូណាកាលពីថ្ងៃអាទិត្យដោយនិយាយថា នេះជារយៈពេល៥ថ្ងៃជាប់ៗគ្នាដែលចំនួនករណីឆ្លងថ្មីមានលើសពី១ពាន់ករណី។
ពួកអ្នកជំនាញនៅក្នុងរដ្ឋ Florida បាននិយាយថា ពលរដ្ឋកំពុងធ្វេសប្រហែសអំពីការស្ថិតនៅឆ្ងាយពីគ្នាចាប់តាំងពីការដាក់រដ្ឋទាំងមូលក្នុងគ្រាអាសន្នបានបន្ធូរបន្ថយ
មក។ ពួកគេក៏បាននិយាយដែរថា ចំនួនឆ្លងបានចាប់ផ្តើមកើនឡើង នៅពេលដែលការតវ៉ាប្រឆាំងអំពីការស្លាប់លោក George Floyd ចាប់ផ្តើម។
លោក Rick Scott សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនៅរដ្ឋ Florida បានចោទប្រកាន់ចិនពីការព្យាយាមបំផ្លាញការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីបង្កើតថ្នាំវ៉ាក់សាំង៕