ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតសម្រេចតែងតាំងលោកស្រី Haspel ជានាយកថ្មីរបស់ទីភ្នាក់ងារ CIA ដោយបានទទួលសំឡេងគាំទ្រ ៥៤ ទល់ ៤៥ សំឡេង នៅក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដែលជាការបោះឆ្នោតបញ្ចប់ដំណើរការតែងតាំងដ៏ចម្រូងចម្រាសមួយ។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ៦នាក់បានបោះឆ្នោតគាំទ្រលោកស្រី Haspel ខណៈសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ២នាក់បានប្រឆាំងនឹងការតែងតាំងលោកស្រីដើម្បីជំនួសតំណែងលោក Mike Pompeo ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកកាលពីខែមុន។
សមាជិកព្រឹទ្ធសភាលោក Tom Cotton បានថ្លែងថា៖ «លោករដ្ឋមន្រ្តី Pompeo បានបានដឹកនាំទីភ្នាក់ងារនេះបានយ៉ាងល្អមុននឹងលោកចាកចេញ ហើយលោកស្រី Haspel គឺជាអនុប្រធានម្នាក់ប្រកបដោយសមត្ថភាព។ លោកស្រីមានបទពិសោធន៍ការងាររយៈពេល៣៣ឆ្នាំមកហើយ»។
នៅអំឡុងសវនាការ លោកស្រី Haspel បានបដិសេធម្តងហើយម្តងទៀតមិនឆ្លើយទៅនឹងសំណួរថា តើការសួរចម្លើយដោយប្រើវិធីសាស្រ្តព្រៃផ្សៃជាការខុសនឹងសីលធម៌ដែលឬយ៉ាងណានោះ។ ទោះជាយ៉ាងណាក៍ដោយ កាលពីដើមសប្តាហ៍នេះ លោកស្រីបានសរសេរលិខិតអះអាងមួយច្បាប់នៅកាន់លោក Mark Warner ប្រធានគណៈកម្មាធិការខាងគណបក្សប្រជាធិបតេយ្យថា លោកស្រីមិនបានប្រើប្រាស់វិធីរំលោភបំពានទាំងនោះទេ។
លោក Warner បាននិយាយនៅក្នុងសេចក្តីថ្លែងការនោះថា លោកជឿថាលោកស្រី Haspel នឹងក្រោកឡើងប្រឆាំងលោកប្រធានាធិបតីប្រសិនបើលោកបញ្ជាឲ្យលោកស្រីធ្វើអ្វីដែលខុសច្បាប់ ឬគ្មានសីលធម៌ដូចជាការធ្វើទារុណកម្មសួរចម្លើយនោះ៕