លោកនាយករដ្ឋមន្ត្រីប្រទេសលីបង់ Saad Hariri នឹងត្រឡប់ចូលក្នុងប្រទេសរបស់លោកវិញនៅសប្តាហ៍ក្រោយដើម្បីចូលរួមការប្រារព្ធថ្ងៃបុណ្យឯករាជ្យជាតិ។
លោក Hariri បានទូរស័ព្ទទៅលោកប្រធានាធិបតី Michel Aoun នៅថ្ងៃសៅរ៍នេះដើម្បីជម្រាបថាលោកនឹងចូលរួមក្នុងកម្មវិធីបុណ្យនោះដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃពុធ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
លោកHariri បានទូរស័ព្ទពីទីក្រុងប៉ារីសជាទីដែលលោកទើបបានទៅដល់កាលពីថ្ងៃសៅរ៍ហើយគ្រោងនឹងជួបជាមួយនឹងលោក Emmanuel Macron ប្រធានាធិបតីវ័យក្មេងរបស់ប្រទេសបារាំង។ លោកMacron បាននិយាយថាលោកនឹងជួយលោក Hariri ដោះស្រាយជម្លោះនាពេលថ្មីៗនេះនៅក្នុងនយោបាយដ៏ចម្លែកក្នុងប្រទេសលីបង់។
លោកHariri បានប្រកាសតាមកញ្ចក់ទូរទស្សន៍ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លាលែងពីតំណែងកាលពីដើមនេះ។ ការលាលែងរបស់លោកបង្កឱ្យមានចលាចលនិងការរិះគន់។ លោកមានគម្រោងពិសារអាហារថ្ងៃត្រង់ជាមួយនឹងលោក Macron នៅវិមានអេលីហ្សេដោយមានសមាជិកក្រុមគ្រួសាររបស់លោកចូលរួមផងដែរ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើមេដឹកនាំទាំងពីរនឹងថ្លែងមកកាន់អ្នកសារព័ត៌មានឬអត់។
លោកMacron បាននិយាយពីប្រទេសស៊ុយអែតកាលពីថ្ងៃសុក្រថាលោកនឹងស្វាគមន៍លោក Hariri ក្នុងនាមជា«នាយករដ្ឋមន្ត្រី»នៃប្រទេសលីបង់ដោយសារតែការលាលែងរបស់លោកគឺប្រទេសបារាំងមិនទទួលស្គាល់ទេ។ លោកបានបន្ថែមថាលោក Hariri នឹងធ្វើដំណើរទៅប្រទេសលីបង់វិញក្នុងរយៈពេល «ប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ទៀត»៕