ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​​ទទួល​ជនភៀស​ខ្លួន​១២.០០០​នាក់​ពីប្រទេស​ស៊ីរី


បាតុករ​លើក​បដា​នៅ​អំឡុង​ពេល​ដង្ហែ​ក្បួន​មួយ​​ក្នុង​ការ​គាំទ្រ​ក្រុម​ជន​ភៀសខ្លួន​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ជាតិ​នៅ​កណ្តាល​រដ្ឋធានី​ស៊ីដនី ប្រទេស​អូស្រ្តាលី។
បាតុករ​លើក​បដា​នៅ​អំឡុង​ពេល​ដង្ហែ​ក្បួន​មួយ​​ក្នុង​ការ​គាំទ្រ​ក្រុម​ជន​ភៀសខ្លួន​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ជាតិ​នៅ​កណ្តាល​រដ្ឋធានី​ស៊ីដនី ប្រទេស​អូស្រ្តាលី។

អូស្ត្រាលី​បាន​ចាប់​ផ្ដើមជ្រើសរើស​ជនភៀស​ខ្លួន​ចំនួន​១២.០០០​នាក់​ដែល​រត់​គេច​ពី​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ទៅ​តាំង​ទី​លំនៅ​ថ្មី។ ​គេ​រំពឹង​ថា ​ក្រុម​ជន​ភៀសខ្លួន​ដំបូង​គេ​នឹង​ទៅដល់​ប្រទេស​អូស្ត្រាលី ​មុន​ពេល​បុណ្យ​ណូអែល​ ឬ​បុណ្យ​គ្រិស្ត​ម៉ាស។​

អូស្ត្រាលី​បាន​ចាប់​ផ្ដើមជ្រើសរើស​ជនភៀស​ខ្លួន​ចំនួន​១២.០០០​នាក់​ដែល​រត់​គេច​ពី​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ទៅ​តាំង​ទី​លំនៅ​ថ្មី។ ​គេ​រំពឹង​ថា ​ក្រុម​ជន​ភៀសខ្លួន​ដំបូង​គេ​នឹង​ទៅដល់​ប្រទេស​អូស្ត្រាលី ​មុន​ពេល​បុណ្យ​ណូអែល​ ឬ​បុណ្យ​គ្រិស្ត​ម៉ាស។​

សង្កាត់​ឡេក​ឃិមបា​ (Lekemba)​ ក្នុង​ទីក្រុង​ស៊ីដនី​គឺ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​មាន​ប្រជាជន​មកពី​វប្បធម៌​នានា​ច្រើន​បំផុត​នៅ​ប្រទេស​អូស្ត្រាលី។​ វា​បាន​ក្លាយ​ជា​ជម្រក​សម្រាប់​គ្រួសារ​មក​ពី​ទីក្រុង​ហូម ​(Homs) នៃ​ប្រទេស​ស៊ីរី ​ដែល​ភៀសខ្លួន​ទៅ​ប្រទេស​លីបង់ ​មុន​ពេល​មក​ដល់​ប្រទេស​អូស្ត្រាលី​កាល​ពី​ដើម​ឆ្នាំ​នេះ​ ក្នុង​នាម​ជា​ជន​ភៀសខ្លួន។​

លោក​យូសេហ្វ អាល់កាសេ (Youssef al-Kasseh) ​រស់នៅ​ជាមួយ​ប្រពន្ធ​របស់​លោក​ឈ្មោះ​ហាឡា ​(Hala) ​និង​កូន​របស់​ពួកគេ​បី​នាក់ ​ព្រមទាំង​ម្ដាយ​របស់​លោក​ផង​ដែរ​ នៅ​ក្នុង​ផ្ទះ​ជួល​តូច​មួយ។​

នៅ​ពេល​និយាយ​ដោយ​មាន​អ្នក​បកប្រែ​ភាសា​ផង​នោះ​ លោក​យូសេហ្វ បាន​ថ្លែង​ថា ​ភាព​ភ័យ​រន្ធត់​ចំពោះ​អ្វី​ដែល​លោក​បាន​គេច​ចេញ​មក​នោះ​គឺ​នៅ​ដក់​ក្នុង​អារម្មណ៍​របស់​លោក​ជានិច្ច។​

«ជីវិត​នៅ​ក្នុង​ទីក្រុងហូម ​(Homs)​គឺ​អាក្រក់​មែនទែន ​ហើយ​ទោះ​បី​ជា​ខ្ញុំ​ខំ​ព្យាយាម​ពន្យល់​យ៉ាងណា​ ក៏​ពិបាក​ពន្យល់​ឲ្យ​អស់​សេចក្ដី​ដែរ។ ​មាន​តែ​ការ​កាប់​សម្លាប់​គ្នា​គ្រប់​ពេល​វេលា។ ​មនុស្ស​ម្នា​ត្រូវ​គេ​ចាប់​ខ្លួន​យក​ទៅ​បាត់ ហើយ​ត្រូវ​បាន​គេ​សម្លាប់​ចោល»។​

លោក​យូសេហ្វ​និយាយ​ថា ​មន្ត្រី​រដ្ឋាភិបាល​បាន​ចាប់​ឃុំ​ខ្លួន ​និង​ធ្វើ​ទណ្ឌកម្ម​លើ​រូប​លោក។​

«ខ្ញុំ​ត្រូវ​គេ​ចាប់​ខ្លួន​យក​ទៅ ​ហើយ​វេទនា​យ៉ាង​ខ្លាំង។ ​ខ្ញុំ​ត្រូវ​គេ​វាយ​យ៉ាង​ដំណំ ​និង​យ៉ាង​ឈឺចាប់​ មិន​ត្រឹម​តែ​រាងកាយ​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​រង​ការ​ប៉ះ​ទង្គិច​ផ្លូវចិត្ត​ថែម​ទៀត​ផង។​ សមាជិក​គ្រួសារ ​និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ជាច្រើន បាន​ស្លាប់»។​

ប្រពន្ធ​របស់​លោក​គឺ​អ្នកស្រី​ហាឡា(Hala) សប្បាយ​ចិត្ត​នៅ​ពេល​មកដល់​ប្រទេស​អូស្ត្រាលី ​ប៉ុន្តែ​លោកស្រី​ក៏​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែរ។​

«ខ្ញុំ​មាន​មិត្តភក្ដិ ​និង​សមាជិក​គ្រួសារ​ជាច្រើន​ក្នុង​ប្រទេស​ស៊ីរី ​ហើយ​ខ្ញុំ​បារម្ភ​មែន​ទែន​ចំពោះ​ការ​រស់នៅ​របស់​ពួកគេ។ ​ពួកគេ​គ្មាន​អាហារ​បរិភោគ​និង​គ្មាន​អគ្គិសនី​ប្រើប្រាស់​ទេ។​ ជីវិត​នៅ​ទី​នោះ ​លំបាក​មែនទែន​ ហើយ​ខ្ញុំ​តែង​តែ​ព្រួយ​បារម្ភ​ជាប់​ជាប្រចាំ»។​

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​និង​អ្នក​ចូលរួម​បាន​ធ្វើការ​ស្រែក​អំពាវនាវ​យ៉ាង​កង​រំពង។​

«ពួក​យើង​គួរ​តែ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង ​ដោយ​បាន​ឈរ​នៅ​ទី​នេះ​ក្នុង​យប់​នេះ​ ទាំង​ភាព​ក្លាហាន ​និង​សមានចិត្ត​ក្នុង​ការ​និយាយ​ថា ​សូម​ស្វាគមន៍»។​

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​បន្ត​ថា៖​ «សង្ឃឹម​ថា អ្នក​នយោបាយ​របស់​យើង​កំពុង​ស្តាប់​យើង»។​

យុទ្ធនាការ​នានា​ ដែល​ជំរុញ​ឲ្យ​ប្រទេស​អូស្ត្រាលី​ទទួល​យក​ជន​ភៀស​ពី​ប្រទេស​ស៊ីរី​បន្ថែម​ទៀត ​ត្រូវ​បាន​គេ​ធ្វើ​ពាសពេញ​ប្រទេស​អូស្ត្រាលី។​

ជាង​ពាក់​កណ្ដាល​នៃ​ជន​ភៀសខ្លួន​ទាំង​១២.០០០​នាក់​នោះ​នឹង​តាំង​ទីលំនៅ​ថ្មី​ក្នុង​រដ្ឋ​ ញូសៅវេល(New South Wales)​ ជា​រដ្ឋ​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ​នៅ​ប្រទេស​អូស្ត្រាលី។​

ស្ត្រី​ កុមារ ​និង​គ្រួសារ​ ដែល​គ្មាន​ទី​ជម្រក​ ហើយ​ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​នានា​ក្នុង​ប្រទេស​ហ្សកដានី ​លីបង់ ​និង​តួកគី​នឹង​ត្រូវផ្ដល់​អាទិភាព។​

លោក​សាស្ត្រាចារ្យ​ភីធើ ស៊ហ្គោល ​(Peter Shergold) ​ដែល​ជា​អ្នក​សិក្សា​និង​អ្នក​ជំនួញ​ផង​នោះ​គឺ​ជា​អ្នក​សម្រប​សម្រួល​ផែនការ​សម្រាប់​ការ​មកដល់​របស់​ជន​ភៀស​ខ្លួន​ទាំង​នោះ។​

«បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​ជនភៀស​ខ្លួន​ជាច្រើន​ ដែល​ត្រូវ​បាន​ទទួល​យក​កាលពី​អតីតកាល​នោះ​ ​អ្នក​ទើប​នឹង​មក​ដល់​ថ្មីៗ​ទាំងនេះ​ប្រហែល​ជា​បាន​រស់​នៅ​ក្នុង​ជំរំ​តិច​ជាង។​ ខ្ញុំ​គិត​ថា ​ពួកគេ​ទំនង​ជា​មាន​ការ​អប់រំ​ច្រើន​ជាង ​និង​មាន​ជំនាញ​វិជ្ជាជីវៈ ​មាន​ជំនួញ​រកស៊ី​តូចតាច ​ហើយ​យ៉ាង​ហោច​ណាស់ទំនង​ជា​មានសមត្ថភាព​ភាសា​អង់គ្លេស​មូលដ្ឋាន​ផង​ដែរ។ ​ដូច្នេះ​ហើយ​ការ​ប្រឈម​ដ៏​សំខាន់​សម្រាប់​ពួកគេ​គឺ​ថា ​តើ​យើង​អាច​យក​ការ​អប់រំ ​និង​ជំនាញ​ទាំង​នោះ​មក​ប្រើ​ប្រាស់​បាន​យ៉ាង​ដូចម្តេច​ ដើម្បី​ឲ្យ​ពួកគេ​អាច​រួម​ចំណែក​ដល់​សង្គម​អូស្ត្រាលី​បាន​វិញ»។​

លោក​យូសេហ្វ ​និង​គ្រួសារ​របស់​លោក​ស្ដាប់​ចម្រៀង​មួយ​បទ​ដែល​និយាយ​អំពី​ការដែល​ប្រទេស​ស៊ីរី​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​ និង​ការ​កាប់​សម្លាប់​ប្រជាជន​ស្លូតត្រង់។​

ពួក​គេ​សង្ឃឹម​ថា ​ពលរដ្ឋ​នៃ​ប្រទេស​របស់​ពួកគេ​ច្រើន​ថែម​ទៀត​នឹង​មក​រក​កន្លែង​សុវត្ថិភាព​ដូច​ពួកគេ​ដែរ​ ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ដែល​នឹង​ផ្តល់​អាទិភាព​ដល់​ជន​ភៀស​សឹក​ទាំង​ឡាយ​ណា​ដែល​ចេញ​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ដែល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។​

លោក​សាមា អាល់មាហ្សូប ​(Samar Almajzoub) ​ដែល​ជា​សកម្មជន​ម្នាក់​មកពី​សហគមន៍​ស៊ីរី ​ជឿ​ថា ​ប្រទេស​អូស្ត្រាលី​គួរ​តែ​ធ្វើ​សកម្ម​ភាព​ច្រើន​ថែម​ទៀត ​ហើយ​បើក​ទ្វារ​ចំហ​ទទួល​យក​សមាជិក​នៃ​ក្រុម​ជនជាតិ​ភាគច្រើន​ខាង​និកាយ​ស៊ុននី​ (Sunni)​ដែរ។

«យើង​ត្រូវ​ការ​ជន​ភៀស​សឹក​ច្រើន​ថែម​ទៀត​នៅ​ទី​នេះ។ ខ្ញុំ​គិត​ថា ចំនួន​នេះ​ តិច​តួច​ណាស់។ អ្នក​ដែល​រង​ទុក្ខ​វេទនា​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ មាន​ចំនួន​ច្រើន​ណាស់ ច្រើន​មែនទែន។ ជនជាតិ​ភាគ​តិច​មិន​រង​ទុក្ខ​វេទនា​ខ្លាំង​ដូច​ក្រុម​និកាយ​ស៊ុននី​ (Sunni)​ ដែល​ជា​ក្រុម​ជនជាតិ​ភាគច្រើន​នៅទី​នោះ​ទេ»។​ក្រុម​មន្ត្រី​ទទួល​បន្ទុក​ខាង​ការ​តាំង​លំនៅដ្ឋាន​ថ្មី​របស់​អូស្ត្រាលី ​នៅ​ពេល​នេះ​ កំពុង​ស្ថិតនៅក្នុង​ប្រទេស​ហ្សកដានី ​ដើម្បី​ចាប់​ផ្តើម​វាយ​តម្លៃ​លើ​ស្ថានភាព​ជន​ភៀសខ្លួន​ស៊ីរី ​ដែល​កំពុងរស់នៅ​ក្នុង​ជំរុំ​នានា៕​

ប្រែ​សម្រួល​ដោយ ​សាយ មុន្នី

XS
SM
MD
LG