ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Hariri នាយក​រដ្ឋមន្ត្រី​លីបង់​នឹង​ត្រឡប់​ទៅ​​ប្រទេស​វិញ​ក្នុង​រយៈពេល​២ថ្ងៃ


នាយករដ្ឋមន្ត្រី​លីបង់ លោក Saad Hariri ផ្តល់​បទ​សម្ភាសន៍​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នៅ​ក្នុង​ក្រុង Riyadh ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
នាយករដ្ឋមន្ត្រី​លីបង់ លោក Saad Hariri ផ្តល់​បទ​សម្ភាសន៍​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នៅ​ក្នុង​ក្រុង Riyadh ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រី​លីបង់ លោក Saad Hariri បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​ដំណើរ​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទៅ​កាន់​ប្រទេស​លីបង់​វិញ​ក្នុង​រយៈពេល​២​ថ្ងៃ​ទៀត។ នៅ​ក្នុង​ប្រទេស អារ៉ាប៊ីសាអូឌីត លោក​បាន​ប្រកាស​អំពី​ការ​លាលែង​ពី​តំណែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។ ​

ដោយ​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ជា​លើក​ដំបូង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ លោក Hariri បាន​ធានា​ដល់​អ្នក​គាំទ្រ​របស់​លោក​ថា លោក​សុខ​សប្បាយ​ធម្មតា​ទេ ហើយ​ថា លោក​នឹង​ត្រឡប់​ទៅ​វិញ​តែ​ម្នាក់​ឯង មិន​មាន​ក្រុមគ្រួសារ​ទៅ​ជាមួយ​ទេ។ ​លោក​និយាយ​ថា ក្រុមគ្រួសារ​របស់​លោក​នឹង​ស្នាក់​នៅ​ក្នុង«ផ្ទះ​របស់​ពួកគេ» ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ​

ក្រុមមន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​បេរុត បាន​និយាយ​ថា ពួកគេ​ជឿ​ថា លោក Hariri កំពុង​ត្រូវ​បាន​ឃុំ​ខ្លួននៅ​ក្នុង​ប្រទេស អារ៉ាប៊ីសាអូឌីត ក្នុង​អំឡុងពេល​ដែល​មាន​វិបត្តិ​កាន់តែធ្ងន់ធ្ងរ​ដែល​ជំរុញ​ឲ្យ​ប្រទេស​លីបង់ ប្រឈម​នឹង​ជម្លោះ​រវាង​អារ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់។

ប្រធានាធិបតី​លីបង់ លោក Michel Aoun បាន​បដិសេធ​មិន​ព្រមទទួល​ការ​លាលែង​ពី​តំណែង​របស់​លោក Hariri នោះ​ទេ រហូត​ទាល់​តែ​លោក Hariri ត្រឡប់​មក​កាន់​ប្រទេស​លីបង់​វិញ។ ការ​លាលែង​ពី​តំណែងនេះ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​អាថ៌កំបាំង។

ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​គាំទ្រ​លោក Hariri និង​សម្ព័ន្ធមិត្ត​របស់​លោក ក្នុង​អំឡុងពេល​ដែល​មាន​ជម្លោះ​នយោបាយ​នៅ​ក្នុង​ប្រទេស​លីបង់ ជាមួយ​នឹង​ក្រុម​ឧទ្ទាម Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។

នៅ​ក្នុង​សុន្ទរកថា​លាលែង​ពី​តំណែង​ដែល​ត្រូវ​បាន​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​មក លោក Hariri បាន​ថ្កោលទោស​ប្រទេស​អ៊ីរ៉ង់ និង​ក្រុមឧទ្ទាម Hezbollah ចំពោះ​ការ​បង្ក​ឲ្យ​មាន​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​ប្រទេស​អារ៉ាប់ ហើយលោក​ក៏​បាន​និយាយ​ថា លោក​មាន​ការ​ភ័យខ្លាច​ថា មាន​គេ​ចង់​ធ្វើ​ឃាត​លោក​ផង​ដែរ។ ឪពុក​របស់លោក គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី Rafic Hariri ត្រូវ​បាន​សម្លាប់​កាល​ពី​ឆ្នាំ​២០០៥​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មួយ៕

XS
SM
MD
LG