ជនអ្នកកាន់សាសនាប្រហែល២០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខទីស្នាក់ការកណ្តាលរបស់ក្រុម Facebook នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីតវ៉ាដោយចោទក្រុម Facebook បានបិទគេហទំព័ររបស់ក្រុមជនជាតិម៉ូស្លីមនិយមជ្រុលក្នុងប្រទេសឥណ្ឌូនេស៊ី ពីការចោទថាជាការបំផុសឲ្យមានការស្អប់ខ្ពើម។
ក្រុមអ្នកតវ៉ាដែលបានរៀបចំឡើងដោយក្រុមជនអ្នកកាន់សាសនាឥស្លាមនិយមជ្រុល ហៅកាត់ថា (FPI) ដោយពួកគេបានដើរក្បួនបាតុកម្មចេញពីវិហារឥស្លាមមួយកន្លែងក្នុងរដ្ឋធានីហ្សាការតា ឆ្ពោះទៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Facebook ដែលមានការការពារដោយប៉ូលិសរាប់រយនាក់។ អ្នកតវ៉ាជាច្រើនបានកាន់បដាដែលសរសេរថា «កុំធ្វើទុក្ខបុកម្មេញជនម៉ូស្លីម» និង«កុំវាយតម្លៃពួកយើងតាមរយៈ Facebook»។
លោក Samet Maarif អ្នកនាំពាក្យក្រុម FPI បាននិយាយថា អ្នកតវ៉ាចង់ដឹងពីមូល ហេតុ ដែលក្រុមហ៊ុន Facebook បិទគណនី Facebook របស់ក្រុម FPI ប៉ុន្តែនៅអនុញ្ញាតឲ្យគណនីផ្សេងទៀត ដែលប្រឆាំងនឹងមេដឹកនាំរបស់ខ្លួន និងក្រុមឥស្លាម នៅតែបន្តប្រើប្រាស់បាននោះ។ លោក Maarif បាននិយាយថា៖ «យើងចង់បានភាពយុត្តិធម៌ និងកុំឲ្យរើសអើងគណនី Facebook របស់ជនម៉ូស្លីមតទៅទៀត»។
អ្នកនាំពាក្យក្រុមហ៊ុន Facebook លោកស្រី Putri Ariani បានថ្លែងថា ក្រុមហ៊ុនអនុញ្ញាតឲ្យម្ចាស់គណនីប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីចែកចាញទស្សនៈរបស់ខ្លួន និងផ្សព្វផ្សាយពីចំណេះដឹង។ ក្រុមហ៊ុននឹងលុបចោលគណនីណាដែលផ្សព្វផ្សាយបំផុសឲ្យមានការស្អប់ខ្ពើម និងអំពើហិង្សា។
ក្រុម FPI ស្នើឲ្យបង្កើតច្បាប់សម្រាប់សាសនាឥស្លាមនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានពលរដ្ឋកាន់សាសនាឥស្លាមច្រើនជាងគេនៅក្នុងពិភពលោក។
ឥណ្ឌូនេស៊ីជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសមួយដែលគេស្គាល់ថាជាប្រទេសមានភាពអត់អោន និងជាសង្គមមានភាពចម្រុះ ដែលមានការគោរពសេរីភាពក្នុងការបញ្ចេញមតិ៕