មេធាវីរបស់លោក Nhat គឺលោក Dang Dinh Manh បានប្រាប់ VOA ផ្សាយជាភាសាវៀតណាមថាកូនក្តីរបស់លោកមិនបានសារភាពចំពោះបទឧក្រិដ្ឋណាមួយទេក្នុងពេលសវនាការរយៈពេលកន្លះថ្ងៃ។ ក្រុមអង្គការតស៊ូមតិខាងសេរីភាពសារព័ត៌មានអន្តរជាតិជាច្រើន បានហៅសវនាការនេះថាជាយុទ្ធនាការមានចរិតនយោបាយ ដើម្បីបំបិទសំឡេងអ្នកកាសែតរូបនេះ។
លោក Dang Dinh Manh ថ្លែងថា «ការកាត់ទោសនេះជារឿងអយុត្តិធម៌ទាំងស្រុង ដោយសាររដ្ឋអាជ្ញាមិនបង្ហាញភស្តុតាងពិតក្នុងចំណោមភស្តុតាងដ៏ច្រើន»។
លោកបន្តថា លោក Nhat បានប្រើប្រាស់សេចក្តីថ្លែងចុងក្រោយរបស់លោក នៅមុខតុលាការដើម្បីថ្កោលទោសសេចក្តីសម្រេចរបស់តុលាការថាជា«ការសងសឹកនយោបាយដ៏កម្រោល»។
យោងតាមសារព័ត៌មានរដ្ឋវៀតណាម លោក Nhat ក្នុងនាមជានាយកការិយាល័យកាសែត Dai Doan Ket ក្នុងទីក្រុង Da Nang ចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១១ «បានប្រើប្រាស់ឥទ្ធិពលរបស់លោក» ក្នុងគណៈកម្មការប្រជាជន Da Nang (Da Nang People's Committee) នៅឆ្នាំ២០០៤ ដើម្បីទិញដីសាធារណៈសម្រាប់ប្រើប្រាស់ជាទីស្នាក់ការកាសែត។
យោងតាមដីកាចោទរបស់តុលាការ ដីនោះត្រូវបានទិញក្នុងតម្លៃតិចជាងតម្លៃទីផ្សារ ដែលធ្វើអោយរដ្ឋខាតបង់។ នេះបើយោងតាមមន្ត្រីវៀតណាម។ បច្ចុប្បន្ន ដីនោះ ត្រូវបានប៉ានប្រមាណថាមានតម្លៃជាង៥សែនដុល្លារអាមេរិក។
អតីតសហសេវិកពីរនាក់របស់លោក Nhat គឺនិពន្ធនាយក Le Quang Trang និងនិពន្ធនាយករង លោក Bui Thong Toan ក៏ប្រឈមនឹងសវនាការវិន័យចំពោះរឿងទិញដូរអចលនទ្រព្យនោះដែរ។
លោកមេធាវី Dang Dinh Manh បានប្រាប់ VOA ថា «ដោយសារការខាតបង់លើតម្លៃដីតែមួយ វាអយុត្តិធម៌ដែលលោក Nhat ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ១០ឆ្នាំ រីឯចៅហ្វាយនាយរបស់លោកគឺលោក Trang និងលោក Toan បែរជារួចខ្លួនពីការចោទប្រកាន់បទព្រហ្មទណ្ឌ»។
លោក Manh និយាយថា ការខាតបង់ប្រាក់ដោយសារលោក Trang និងលោក Toan ត្រូវបានវាយតម្លៃផ្អែកតាមតម្លៃទីផ្សារដែលទទួលបាននៅឆ្នាំ២០១៤ រីឯការខាតបង់ប្រាក់ដោយសារលោក Nhat ត្រូវបានវាយតម្លៃផ្អែកតាមតម្លៃទីផ្សារដែលទទួលបាននៅឆ្នាំ២០១៨។ ប៉ុន្តែតុលាការបានបដិសេធទឡ្ហីករណ៍ការពារចុងចោទនេះ។
ទោសជាប់ពន្ធនាគារលើកទី២
ការកាត់ទោសកាលពីថ្ងៃច័ន្ទគឺជាការកាត់ទោសលើកទី២ហើយសម្រាប់លោក Nhat ក្នុងរយៈពេលមិនដល់១០ឆ្នាំផង។
កាលពីឆ្នាំ២០១៤ លោកបានទទួលទោសជាប់ពន្ធនាគារ រយៈពេល២ឆ្នាំពីបទ «រំលោភបំពានសេរីភាពប្រជាធិបតេយ្យ» ដោយបានបង្ហោះសារក្នុងប្លុករបស់លោកដែលរិះគន់ថ្នាក់ដឹកនាំបក្សកុំម្មុយនិស្តវៀតណាម ដែលកំពុងគ្រប់គ្រងអំណាច។
លោក Nhat បានភៀសខ្លួនទៅប្រទេសថៃ ក្រោយពីត្រូវបានដោះលែងពីពន្ធនាគារវៀតណាមនៅឆ្នាំ ២០១៦ នៅពេលដែលរដ្ឋឯកបក្ស បានបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ ដោយបានហាមប្រាមអ្នកកាសែតនិងអ្នកសរសេរប្លុកឯករាជ្យ។
លោក Nhat ដែលជាអ្នកផ្តល់ព័ត៌មានជាប្រចាំដល់វិទ្យុអាស៊ីសេរី ដែលជាស្ថាប័នបងប្អូនគ្នាជាមួយ VOA បានបាត់ខ្លួនពីហាងលក់ទំនិញមួយក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០១៩ គឺមិនដល់ពីរថ្ងៃផងក្រោយពីលោកបានដាក់ពាក្យសុំសិទ្ធិជ្រកកោនក្នុងប្រទេសថៃតាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
ពាក្យស្នើសុំរបស់លោក Nhat មិនដែលត្រូវបានបង្ហាញជាសាធារណៈនោះទេ ហើយសេចក្តីពិស្តារអំពីវត្តមានរបស់លោកនៅឯមន្ទីរឃុំឃាំង T-16 ក្នុងទីក្រុងហាណូយ តែពីរថ្ងៃក្រោយពីបានបាត់ខ្លួនពីទីក្រុងបាងកកនោះ ក៏មិនត្រូវបានអោយដឹងជាសាធារណៈដែរ។
ការថ្កោលទោសជាអន្តរជាតិ
អ្នកស្រី Bay Fang ប្រធានវិទ្យុអាស៊ីសេរី បានថ្កោលទោសសេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃច័ន្ទ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលដកស្រង់សម្តីដោយវិទ្យុអាស៊ីសេរី អ្នកស្រី Fang និយាយថា «ការផ្តល់យុត្តិធម៌មិនត្រឹមត្រូវនេះ រឹតតែជំរុញបេសកម្មរបស់អាស៊ីសេរីបន្ថែមទៀត ក្នុងការផ្តល់ទស្សនៈដែលគ្មានការត្រួតពិនិត្យខ្លឹមសារជាមុន និងដំណឹងនិងព័ត៌មានត្រឹមត្រូវ ដល់ប្រជាពលរដ្ឋវៀតណាម»។
តំណាងរាស្ត្រសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា លោក Adam Schiff និងតំណាងរាស្ត្រសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋគឺលោក Steve Chabot មកពីរដ្ឋអូហៃយ៉ូ គឺជាសហប្រធាននៃក្រុមការងារពិសេសរដ្ឋសភាទទួលបន្ទុកកិច្ចការសេរីភាពសារព័ត៌មាន។
លោកទាំងពីរបានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការកាត់ទោសនោះនិងចំពោះការដែលលោក Nhat ត្រូវបានចាប់ពង្រត់ពីប្រទេសថៃ។
តំណាងរាស្ត្រសហរដ្ឋអាមេរិកទាំងពីររូប បាននិយាយថា«គ្មានអ្នកកាសែតណាម្នាក់ គួរត្រូវរងការសំឡុត ឬការកាត់ទោសចំពោះការរាយការណ៍ព័ត៌មានឬអត្ថាធិប្បាយនោះទេ។ យើងជំរុញអោយអាជ្ញាធរវៀតណាម ទម្លាក់ការចោទប្រកាន់ដែលមានចរិតនយោបាយរបស់ពួកគេប្រឆាំងលោក Nhat ជាបន្ទាន់ ហើយអនុញ្ញាតអោយលោកនិងអ្នកកាសែតទាំងអស់ អាចបន្តកិច្ចការរបស់ពួកគេដោយគ្មានការបំភិតបំភ័យ»។
គណៈកម្មការសិទ្ធិមនុស្ស Tom Lantos របស់សភាសហរដ្ឋអាមេរិក បានបង្ហោះសារតាមបណ្តាញ Twitter ថា «ព្រួយបារម្ភណាស់ដែលវៀតណាមបានកាត់ទោសអ្នកសរសេរប្លុកលោក Truong Duy Nhat ដោយសារបទចោទប្រកាន់ដែលគេប្រឌិតឡើងហើយកាត់ទោសរូបលោក១០ឆ្នាំ។ ត្រូវតែដោះលែងលោក Truong Duy Nhat ជាបន្ទាន់!»។
គណៈកម្មការការពារអ្នកកាសែត Committee to Protect Journalists (CPJ) ដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក បានព្រមានអាជ្ញាធរវៀតណាម មិនអោយប្រឆាំងនឹងបណ្តឹងសារទុក្ខរបស់លោក Nhat ដោយអំពាវនាវអោយដោះលែងរូបលោកជាបន្ទាន់។
លោក Shawn Crispin តំណាងជាន់ខ្ពស់របស់ CPJ ប្រចាំតំបន់អាស៊ីអាគ្នេយ៍បាននិយាយថា «លោក Nhat ត្រូវបានកាត់ទោសចំពោះវិជ្ជាជីវៈរបស់លោក មិនមែនដោយសារបទចោទក្លែងក្លាយដែលអាជ្ញាធរវៀតណាមបានប្រឌិតឡើង ដើម្បីបំបិទសំឡេងរិះគន់របស់លោកទេ។ វៀតណាម ត្រូវតែបញ្ឈប់ការចាប់អ្នកកាសែតដាក់គុកតាមទំនើងចិត្តនិងដោយសារបទចោទដែលគេប្រឌិតឡើង»។
នៅឆ្នាំ២០១៩ សន្ទស្សន៍ប្រចាំឆ្នាំស្តីពីអ្នកកាសែតជាប់ពន្ធនាគាររបស់អង្គការ CPJ បានហៅ ប្រទេសវៀតណាមថាជា «ប្រទេសចាប់អ្នកកាសែតដាក់គុក ដែលអាក្រក់ជាងគេទី២ក្នុងតំបន់អាស៊ីបន្ទាប់ពីប្រទេសចិន ដោយបានចាប់អ្នកកាសែត១២នាក់ហើយដាក់ពន្ធនាគារ»។
កូនស្រីរបស់លោក Nhat អ្នកនាង Thuc Doan Truong ដែលបាននិយាយជាមួយអង្គការ CPJ តាមបណ្តាញ Messenger ឯកជន និយាយថាឪពុករបស់នាង មានបំណងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលដីការបស់តុលាការ។
អ្នកនាង Truong បានប្រាប់អង្គការ CPJថា «មិនថាពួកគេចង់ដាក់គុកប៉ាខ្ញុំយូរប៉ុណ្ណាទេ ខ្ញុំជឿថាប៉ាខ្ញុំមិនបានធ្វើអ្វីខុសឡើយ។ ការកាត់ទោសនេះ គឺគ្រាន់តែជាលេសសម្រាប់អោយពួកគេបញ្ឈប់គាត់ កុំអោយគាត់សរសេរអត្ថបទរិះគន់តែប៉ុណ្ណោះ»។
អង្គការអ្នកកាសែតគ្មានព្រំដែន Reporters Without Borders ឬហៅកាត់ជាភាសាបារាំងថា RSF ដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីស បានចេញសេចក្តីថ្លែងការណ៍មួយដោយសរសេរថា «លោក Nhat អ្នកកាសែតវៀតណាមដែលត្រូវបានចាប់ពង្រត់ក្នុងពេលកំពុងស្វះស្វែងសុំសិទ្ធិជ្រកកោនក្នុងប្រទេសថៃនិងត្រូវបាននាំខ្លួនត្រឡប់ទៅវៀតណាមវិញនោះ ត្រូវបានដាក់ទណ្ឌកម្មចំពោះឯករាជ្យភាពនិងវិជ្ជាជីវៈរបស់លោកក្នុងនាមជាអ្នកកាសែត»។
អង្គការ RSF បានចាត់ចំណាត់ថ្នាក់ប្រទេសវៀតណាម ស្ថិតនៅលំដាប់លេខរៀងទី១៧៦ ក្នុងចំណោមប្រទេស១៨០ នៅក្នុងសន្ទស្សន៍របស់អង្គការនេះស្តីពីសេរីភាពសារព័ត៌មាននៅលើពិភពលោកឆ្នាំ២០១៩៕
ប្រែសម្រួលដោយ សាយ មុន្នី