ក្រសួងការបរទេសអាមេរិកបានស្វាគមន៍ការដោះលែងអ្នកសរសេរប្លុកប្រឆាំងម្នាក់ឈ្មោះ Nguyen Ngoc Nhu Quynh ដែលត្រូវបានគេស្គាល់រហស្សនាមថា Mother Mushroom ឬជាភាសាខ្មែរថា «ម្តាយផ្សិត» ដែលបានជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក្រោមបទចោទប្រកាន់បរិហាកេរ្តិ៍រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា អ្នកស្រី Quynh កំពុងធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់អ្នកស្រី។ អ្នកស្រី Quynh បាននិយាយយ៉ាងច្បាស់ថា អ្នកស្រីចង់ទៅសហរដ្ឋអាមេរិក ប្រសិនបើអ្នកស្រីត្រូវបានគេដោះលែងឲ្យមានសេរីភាព។
ក្រសួងការបរទេសក៏បានប្រកាសផងដែរថា «យើងនឹងបន្តអំពាវនាវដល់រដ្ឋាភិបាលវៀតណាមឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងអនុញ្ញាតឲ្យពលរដ្ឋវៀតណាមទាំងអស់អាចធ្វើការបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយដោយគ្មានការភ័យខ្លាចពីការដាក់ទណ្ឌកម្មនានា»។
អ្នកស្រី Quynh ឬMother Mushroom បានសរសេរអំពីបញ្ហាសិទ្ធិមនុស្ស និងការបំពុលដោយឧស្សាហកម្មក្នុងប្រទេសវៀតណាម។ អ្នកស្រីត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែតុលាឆ្នាំ២០១៦ និងបានកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ។
ការដោះលែងអ្នកស្រី Quynhត្រូវបានធ្វើឡើងនៅស្របពេលមានដំណើរទស្សនៈកិច្ចរបស់លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Jim Mattisនៅក្នុងប្រទេសវៀតណាម។ អង្គការសិទ្ធិមនុស្សAmnesty International បានស្វាគមន៍ចំពោះដំណឹងនៃការដោះលែងអ្នកស្រី Quynh។
លោក Nicholas Bequelin នាយកប្រចាំតំបន់អង្គការ Amnesty Internationalទទួលបន្ទុកតំបន់អាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍បានថ្លែងថាការដោះលែងនេះគឺជាការរំលឹកអំពីកំណត់ត្រាអាក្រក់បំផុតរបស់វៀតណាមដែលចាប់ឃុំខ្លួនមនុស្សដែលនិយាយរិះគន់របបដឹកនាំនៅក្នុងប្រទេស៕