ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហាម៉ាស់​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ជំរំ​ជន​ភៀសខ្លួន​បាន​សម្លាប់​មនុស្ស​ជាង ១៩៥នាក់


ជន​ជាតិ​ប៉ាឡេស្ទីន​ព្យាយាម​ទាញ​ក្មេង​ស្រី​ម្នាក់​ចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន Jabaliya ភាគ​ខាងជើងតំបន់ហ្កាហ្សាកាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជន​ជាតិ​ប៉ាឡេស្ទីន​ព្យាយាម​ទាញ​ក្មេង​ស្រី​ម្នាក់​ចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន Jabaliya ភាគ​ខាងជើងតំបន់ហ្កាហ្សាកាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជន​បរទេស​កាន់តែ​ច្រើន​បាន​ត្រៀម​លក្ខណៈ​ចាកចេញ​ពី​តំបន់​ហ្កាហ្សា (Gaza) ដែល​កំពុង​ត្រូវ​បាន​ហ៊ុមព័ទ្ធ នៅ​ពេល​ដែល​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់ (Hamas) បាន​បញ្ជាក់​ថា ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច ១៩៥ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ជំរំ​ជន​ភៀសខ្លួន Jabalia ដែល​ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថា​អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ជន​បរទេស​យ៉ាង​តិច ៣២០ នាក់​នៅ​ក្នុង​បញ្ជី​ដំបូង​នៃ​ជន​បរទេស ៥០០ នាក់ ក៏ដូចជា​ពលរដ្ឋ​តំបន់​ហ្កាហ្សា​រាប់​សិប​នាក់​ដែល​រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ បាន​ឆ្លង​ចូល​ប្រទេស​អេហ្ស៊ីប​កាលពី​ថ្ងៃ​ពុធ​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​រវាង​អ៊ីស្រាអែល អេហ្ស៊ីប និង​ក្រុម​ហាម៉ាស់។

អ្នក​កាន់​លិខិត​ឆ្លង​ដែន​មកពី​អូស្ត្រាលី អូទ្រីស ប៊ុលហ្គារី ឆែក ហ្វាំងឡង់ ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ហ្ស៊កដានី ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​បាន​ស្ថិត​នៅ​ក្នុង​ការ​ជម្លៀស​នោះ។

មន្ត្រី​ព្រំដែន​តំបន់​ហ្កាហ្សា​បាន​និយាយ​ថា ការ​ឆ្លង​ព្រំដែន​នឹង​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ឱ្យ​ជន​បរទេស​បន្ថែម​ទៀត​អាច​ចាកចេញ។ ប្រភព​ការទូត​មួយ​បាន​បញ្ជាក់​ថា អ្នក​កាន់​លិខិត​ឆ្លង​ដែន​បរទេស​ប្រហែល ៧.៥០០ នាក់​អាច​នឹង​ចាកចេញ​ពី​តំបន់​ហ្កាហ្សា​ដោយ​ចំណាយ​ពេល​ប្រហែល​ពីរ​សប្ដាហ៍។

អ៊ីស្រាអែល​បាន​សម្រុក​វាយ​ប្រហារ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ដោយ​ទម្លាក់​គ្រាប់​បែក​លើ​តំបន់​ហ្កាហ្សា​តាម​ផ្លូវ​គោក ផ្លូវ​សមុទ្រ និង​ផ្លូវ​អាកាស​នៅ​ក្នុង​យុទ្ធនាការ​បោស​សម្អាត​ក្រុម​នេះ បន្ទាប់ពី​ក្រុម​ឥស្លាម​នេះ​បាន​ឆ្លង​ព្រំដែន​ឆ្មក់​វាយ​ប្រហារ​លើ​តំបន់​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា។ អ៊ីស្រាអែល​បាន​បញ្ជាក់​ថា នៅ​ពេល​នោះ​ក្រុម​ហាម៉ាស់​បាន​សម្លាប់​មនុស្ស ១.៤០០ នាក់​ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល និង​បាន​ចាប់​មនុស្ស​ជាង ២០០ នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង។

ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា​ថា ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច ៨.៧៩៦ នាក់​នៅ​ក្នុង​តំបន់​ហ្កាហ្សា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កុមារ ៣.៦៤៨ នាក់​ផង​ដែរ ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​តាំងពី​ថ្ងៃ​ទី ៧ ខែ​តុលា​មក។

អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​បាន​ធ្វើ​ឱ្យ​មេដឹកនាំ​យោធា​ហាម៉ាស់​ពីរ​នាក់​ស្លាប់​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន Jabalia ដែល​ជា​ជំរំជន​ភៀសខ្លួន​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​ហ្កាហ្សា៕

XS
SM
MD
LG