កាលពី ២០ ឆ្នាំមុន មនុស្សរាប់រយនាក់ ដែលរួមទាំងកុមារផងដែរ បានចូលរួមនៅក្នុងការដើរក្បួនសកលលោកដើម្បីប្រឆាំងនឹងពលកម្មកុមារ។ ពួកគេបានទៅចូលរួមនៅក្នុងសន្និសីទស្ដីពីពលកម្មអន្តរជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីទាមទារឲ្យមានការធ្វើអនុសញ្ញាមួយស្ដីពីការលុបបំបាត់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរបំផុត។
លោក Basu Rai មកពីប្រទេសនេប៉ាល់គឺជាអ្នកចូលរួមនៅក្នុងការដើរក្បួននោះដែលមានវ័យក្មេងជាងគេបំផុតនៅពេលនោះ។ នាពេលបច្ចុប្បន្ននេះ លោកគឺជាមនុស្សពេលវ័យម្នាក់ ហើយលោកបានរំលឹកពីពេលដែលលោកប្រវេប្រវាឡើងលើតុដើម្បីស្រែកពាក្យស្លោកកាលពីពេលនោះ។
លោក Basu Rai បាននិយាយយ៉ាងដូច្នេះថា៖ «ជ័យោ! ការដើរក្បួនសកល! ពលកម្មកុមារ ត្រូវតែបញ្ចប់!។ យើងចង់បានការអប់រំ។ យើងចង់បានសៀវភៅសិក្សា និងរបស់របរក្មេងលេង។»
លោក Basu Rai បានក្លាយជាកុមារកំព្រានៅពេលដែលលោកមានអាយុ ៤ ឆ្នាំ។ ដោយសារតែគ្មានផ្ទះសម្បែង និងគ្មានអ្នកមើលថែ លោកបានក្លាយជាក្មេងអន្ធពាលនៅតាមដងផ្លូវ ក្មេងរើសអេតចាយ និងក្មេងដើរចែកចាយទំនិញផ្សេងៗ។ លោកបានធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីតែមួយរស់ប៉ុណ្ណោះ។ ឥឡូវនេះ លោកគឺជាមនុស្សពេញវ័យម្នាក់ និងបានក្លាយជាសកម្មជនសិទ្ធិកុមារម្នាក់ផងដែរ។
លោក Basu Rai បានបន្ថែមយ៉ាងដូច្នេះថា៖ «ប៉ុន្តែ ខ្ញុំនៅតែមានការភ័យខ្លាច ពីព្រោះខ្ញុំគឺឪពុកម្នាក់ដែលមានកូនស្រីអាយុ ២ ខែ និងពីព្រោះតែពិភពលោកនៅមិនទាន់មានសុវត្ថិភាពសម្រាប់កុមារនៅឡើយ។ ដូច្នេះនេះគឺជាការទទួលខុសត្រូវរួមរបស់ពួកយើងដែលត្រូវធ្វើការទាំងអស់គ្នាដើម្បីផលប្រយោជន៍កុមារ។ ប៉ុន្តែនៅមានកុមារចំនួន ១៥២ លាននាក់ទៀត ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពទាសភាព»។
លោក Kailash Satyarthi ដែលជាសកម្មជនសិទ្ធិកុមារជនជាតិឥណ្ឌាម្នាក់ និងជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព បានដឹកនាំការដើរក្បួនសាកលលោកឆ្នាំ ១៩៩៨ របស់កុមារដែលរងគ្រោះដោយសារបញ្ហាទាសភាព និងការជួញដូរ។ លោកបាននិយាយថា ចាប់តាំងពីពេលនោះមក មានការវិវឌ្ឍច្រើន ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។
លោក Kailash Satyarthi បាននិយាយថា៖ «ប្រសិនបើកុមារនៅតែជាប់នៅក្នុងអន្ទាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ប្រសិនបើកុមារនៅតែជាទាសករ ប្រសិនបើកុមារនៅតែត្រូវបានគេលក់ដូរដូចជាសត្វធាតុឲ្យធ្វើការនៅតាមស្រែចម្ការ កសិដ្ឋាន ហាងលក់ដូរ និងរោងចក្រនានា ឬក៏ធ្វើការតាមផ្ទះ ដែលពេលខ្លះមានតម្លៃទាបជាងតម្លៃសត្វពាហនៈទៅទៀតនោះ នេះគឺជាកំហុសមួយសម្រាប់មនុស្សជាតិ»។
អង្គការ ILO បានរាយការណ៍ថា កុមារដែលធ្វើការចំនួនជិតពាក់កណ្ដាលមាននៅទ្វីបអាហ្វ្រិក និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ តំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិក មានសមាមាត្រធំជាងគេបំផុត ដោយកុមារម្នាក់ក្នុងចំណោមកុមារ ៥ នាក់ ធ្វើការនៅទីនោះ។
របាយការណ៍នេះបានកត់សម្គាល់ថា ជាទូទៅ កុមារចូលធ្វើការនៅពេលមានអាយុប្រហែល ៦ ទៅ ៧ ឆ្នាំ ហើយពួកគេបានពាក់ព័ន្ធនឹងការងារមានគ្រោះថ្នាក់នៅពេលដែលពួកគេធំឡើង។ ការងារគ្រោះថ្នាក់ប្រហែល ៧០ ភាគរយ គឺជាការងារផ្នែកកសិកម្ម។ ទម្រង់ការងារផ្សេងទៀតមានដូចជាផ្នែករ៉ែ សំណង់ និងការងារតាមផ្ទះ។
លោក Guy Ryder ដែលជាអគ្គនាយកអង្គការពលកម្មអន្តរជាតិ ILO បាននិយាយថា ពិភពលោកកំពុងតែប្រឈមមុខនឹងការរីករាលដាលនៃគ្រោះថ្នាក់ការងារ និងជំងឺដែលបណ្ដាលមកពីការងារ។
លោក Guy Ryder បានបញ្ជាក់ថា៖ «និយាយដោយស្មោះត្រង់ទៅ ចំនួនមនុស្សស្លាប់ប្រចាំឆ្នាំ គឺគួរឲ្យខ្លាច ដោយសារមានមនុស្ស ២ លាន ៧ សែន ៨ ម៉ឺននាក់បានស្លាប់ពាក់ព័ន្ធនឹងការងារ ហើយមានមនុស្ស ៣៧៤ លាននាក់ បានរងរបួសនិងមានជំងឺដោយសារការងារ។ ប្រសិនបើអ្នកទាំងនេះគឺជាជនរងគ្រោះនៃសង្គ្រាម នោះនឹងមានមនុស្សនិយាយច្រើនអំពីរឿងនេះ។ កុមារនិងកម្មករវ័យក្មេងកំពុងប្រឈមនឹងហានិភ័យខ្ពស់ និងបានរងគ្រោះមិនស្មើគ្នាដោយមានផលវិបាករយៈពេលវែង»។
លោក Guy Ryder បាននិយាយថា ច្បាប់ ការធ្វើអធិការកិច្ចពលកម្ម ទំនាក់ទំនង និងការអនុវត្តពលកម្មនៅកន្លែងធ្វើការ ត្រូវតែពង្រឹងឡើងដើម្បីបញ្ឈប់ការស្លាប់ដ៏រង្គាលទាំងនេះ។
ទិវាអន្តរជាតិប្រឆាំងនឹងពលកម្មកុមារត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១២ ខែមិថុនា ជារៀងរាល់ឆ្នាំ។
កម្មករដែលជាកុមារភាគច្រើនគឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ប៉ុន្តែការអនុវត្តដ៏គួរឲ្យខ្មាសអៀនមួយនេះ ក៏បានកើតឡើងនៅក្នុងប្រទេសអ្នកមានបំផុតមួយចំនួនផងដែរនៅលើពិភពលោក។
នាង Zulema Lopez ដែលជាសកម្មជនសិទ្ធិកុមារម្នាក់ និងជានិស្សិតផ្នែកទំនាក់ទំនងពលកម្មម្នាក់នៅក្នុងសហរដ្ឋអាមេរិក បានរំលឹកពីជីវិតរបស់នាងកាលពីនៅជាកុមារ។
នាងបាននិយាយយ៉ាងដូច្នេះថា៖ «នៅពេលខ្ញុំមានអាយុ ៧ ឆ្នាំ វាបានក្លាយជាទម្លាប់ធម្មតាមួយសម្រាប់ខ្ញុំទៅហើយដែលខ្ញុំត្រូវងើបតាំងពីម៉ោង ៥ ព្រឹក ស្លៀកពាក់ខោអាវ ហើយទៅធ្វើការក្រោមកម្ដៅថ្ងៃដ៏ក្ដៅ និងស្ពាយបាវត្រសក់ទម្ងន់ប្រមាណពី ៩ ទៅ ១៣ គីឡូក្រាម ដើម្បីគ្រាន់តែចិញ្ចឹមខ្លួនមួយរស់តែប៉ុណ្ណោះ»។
នាង Zulema Lopezបាននិយាយថា មនុស្សជាច្រើនមិនបានដឹងអំពីអ្វីដែលបានកើតឡើងនៅក្នុងស្ថានការណ៍ដែលពួកគេប្រឡូកដោយផ្ទាល់នោះទេ។ នាងបានហៅការកេងប្រវ័ញ្ចការងារនោះថាជាការលួចឆក់ប្លន់កុមារភាពដែលមិនអាចទទួលយកបាន និងបាននិយាយថា ទង្វើនេះត្រូវតែបញ្ឈប់។ នាងបានបញ្ជាក់ទៀតថា កុមារគឺជាអនាគត ហើយប្រសិនបើយើងមិនអាចការពារកុមារនៅលើពិភពលោកបានទេ នោះនឹងមានក្ដីសង្ឃឹមតិចតួចបំផុតសម្រាប់ពេលអនាគត៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា