កូរ៉េខាងជើងបានបញ្ចេញវីដេអូកាលពីថ្ងៃព្រហស្បតិ៍ដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីលបានពិនិត្យមើលការបាញ់បង្ហោះកាំជ្រួចបាល់លីស្ទិកអន្តរទ្វីបថ្មីរបស់របបនោះ។
កាំជ្រួចធុន Hwasong-15បានហោះចេញកាលពីព្រឹកថ្ងៃពុធពីកន្លែងសាកល្បងនៅភាគខាងជើងរដ្ឋធានីព្យូងយ៉ាង។កាំជ្រួចមីស៊ីលថ្មីបានហោះដល់កម្ពស់៤ ពាន់៥រយគីឡូម៉ែត្រដែលមានកម្ពស់១០ដងខ្ពស់ជាងស្ថានីយអវកាសអន្តរជាតិនៅក្នុងគន្លងផែនដី ហើយបានធ្វើដំណើរចម្ងាយប្រហែល១ពាន់គីឡូម៉ែត្រមុនពេលធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុននៅភាគខាងកើតនៃឧបទ្វីបកូរ៉េ។
គីម ជុងអ៊ុនបានប្រកាសថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលនេះបានទទួលជោគជ័យដោយបានជំរុញឲ្យរបបនេះនៅទីបញ្ចប់បានក្លាយទៅជារដ្ឋដែលមានអាវុធនុយក្លែអ៊ែរដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ អ្នកវិទ្យាសាស្រ្តនិយាយថា កាំជ្រួចមីស៊ីលធុន Hwasong-15 មានសមត្ថភាពគ្រប់គ្រាន់ដើម្បីវាយប្រហារទៅលើសហរដ្ឋអាមេរិក ក៏ប៉ុន្តែ និយាយថា កាំជ្រួចបែបនេះមិនអាចផ្ទុកក្បាលអាវុធនុយក្លែអ៊ែរបានទេពីព្រោះវាធ្ងន់ខ្លាំងណាស់។
អ្នកវិភាគមិនជឿថា កូរ៉េខាងជើងបានម្ចាស់ការខាងបច្ចេកវិទ្យាដើម្បីធ្វើឲ្យប្រាកដថា កាំជ្រួចមីស៊ីលនោះអាចហោះចូលក្នុងបរិយាកាសរបស់ផែនដីនោះទេ។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃពុធថា ការបាញ់បង្ហោះកាំជ្រួចបាល់លីស្ទិកអន្តរទ្វីប របស់កូរ៉េខាងជើងបានធ្វើឲ្យពិភពលោកខិតកាន់តែជិតទៅការធ្វើសង្គ្រាម។
លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានប្រាប់ជំនួបគ្រាអាសន្នមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «យើងមិនដែលបានស្វះស្វែងធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងទេ ហើយទោះបីសព្វថ្ងៃនេះក៏ដោយ យើងក៏មិនស្វះស្វែងរកការធ្វើសង្គ្រាមដែរ»។
លោកស្រីបានព្រមានថា បើសង្គ្រាមកើតមានឡើង របបកូរ៉េខាងជើងនឹងត្រូវកម្ទេចចោលទាំងស្រុង៕