ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានប្រកាសពីការលាលែងចេញពីតំណែងរបស់លោកស្រី។ លោកស្រីបានថ្លែងដោយមានវត្តមានរបស់លោកប្រធានាធិបតី Donald Trump អង្គុយអមជាមួយនៅក្នុងការិយាល័យរាងពងក្រពើជាទីកន្លែងដែលលោកស្រីបានប្រកាសពីការពន្យាពេលនៃការចាកចេញរបស់លោកស្រីកាលពីថ្ងៃអង្គារថា៖ «វាជាកិត្តិយសណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងចាកចេញពីតំណែងនៅចុងឆ្នាំនេះ»។
លោក Trump បានឆ្លើយតបទៅលោកស្រី Haley វិញថា«យើងនឹងមានការនឹករលឹកលោកស្រី។ លោកស្រីបានបំពេញការងារយ៉ាងល្អបំផុត»។
លោក Trump បានថ្លែងអំណរគុណលោកស្រី Haleyចំពោះការងាររបស់លោកស្រី។ លោក Trump បានចាត់ទុកលោកស្រីឯកអគ្គរដ្ឋទូតជាមនុស្សពិសេសសម្រាប់រូបលោក និងជាក្រុមការងារដែលលោកបានចូលរួមជាមួយ ដើម្បីដោះស្រាយបញ្ហាជាច្រើនជាពិសេសដូចជា បញ្ហាជាមួយប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម។
លោកប្រធានាធិបតីបាននិយាយថា៖ «យើងសង្ឃឹមថាលោកស្រីនឹងត្រឡប់មកវិញនៅពេលណាមួយ។ លោកស្រីអាចជ្រើសរើសការងារផ្សេងទៀតនៅក្នុងរដ្ឋបាលបាន»។
លោកស្រីបានឆ្លើយតបវិញថា«ខ្ញុំមិនទាន់បានសម្រេចចិត្តថា នឹងទៅកន្លែងណានៅឡើយទេ»។
លោកស្រី Haleyដែលជាអតីតអភិបាលរដ្ឋ South Carolinaរូបនេះមិនសូវនិយាយខ្លាំងៗក្នុងចំណោមគណៈរដ្ឋមន្រ្តីរបស់លោក Trumpទេ។
ការតែងតាំងលោកស្រីជាឯកអគ្គរដ្ឋទូតប្រចាំអង្គការសហរប្រជាជាតិត្រូវបានគេមើលឃើញថាជាការភ្ញាក់ផ្អើលមួយដោយសារតែលោកស្រីធ្លាប់ត្រូវបានគេចាត់ទុកថា ជាអ្នករិះគន់មួយរូបទៅនឹងវោហាសាស្រ្តប្រឆាំងរបស់លោក Trump នៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦៕