រដ្ឋាភិបាលអាមេរិកនឹងផ្អាកការការពារដល់ជនជាតិ El Salvador ប្រមាណ២៦២.៥០០នាក់ ដែលបានរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ នេះបើយោងតាមក្រុមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ដែលបានប្រកាសកាលពីព្រឹកថ្ងៃចន្ទ។
ស្ថានភាពការពារបណ្តោះអាសន្ន ឬ TPS ដែលបានការពារពលរដ្ឋនៃប្រទេសនៅអាមេរិកកណ្តាលមួយនេះចំនួនរាប់សែននាក់ពីការបញ្ជូនខ្លួនត្រឡប់ទៅប្រទេសកំណើតវិញក្រោយពីមានគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីឆ្នាំ២០០១ នឹងបញ្ចប់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។
នៅថ្ងៃនោះ អ្នកដែលបានរស់នៅនិងធ្វើការដោយស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកអស់រយៈពេលជិត២ទសវត្សរ៍មកហើយ នឹងត្រូវត្រឡប់ទៅជាស្ថានភាពអន្តោប្រវេសន៍ដូចមុនពេលដែលពួកគេទទួលបាន TPS ប្រសិនបើនៅមានសុពលភាព។ ពួកគេមានជម្រើសដាក់ពាក្យសុំទាញយកអត្ថប្រយោជន៍នៃស្ថានភាពអន្តោប្រវេសន៍ដូចជា ទិដ្ឋាការដោយផ្អែកលើការងារជាដើម។
ការសម្រេចនេះនឹងធ្វើឲ្យជនជាតិ El Salvador ជាច្រើននាក់ស្ថិតក្នុងស្ថានភាពជាជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ហើយប្រឈមនឹងការបញ្ជូនខ្លួនទៅប្រទេសកំណើតវិញជាបន្ទាន់។
នៅក្នុងការវាយតម្លៃទៅលើស្ថានភាពនៃប្រទេស El Salvador ជាទៀងទាត់ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានកំណត់ថា ប្រទេសនេះបានស្រោចស្រង់ពីគ្រោះធម្មជាតិទាំងនោះល្មមគ្រប់គ្រាន់សម្រាប់ពលរដ្ឋខ្លួនដែលរស់នៅក្នុងសហរដ្ឋអាមេរិកហើយ ដូច្នេះពួកគេអាចត្រឡប់ទៅវិញបាន។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ដែលបានថ្លែងប្រាប់អ្នកកាសែតនៅក្នុងការហៅទូរស័ព្ទជាក្រុមមួយកាលពីព្រឹកថ្ងៃចន្ទ៕