វីដេអូជាច្រើនត្រូវបានពួកជនអនាមិក Hackers បង្ហាញជាសាធារណៈនិងចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក និង Youtube ក្រោយការកាន់កាប់គណនីហ្វេសប៊ុកលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ វីដេអូមួយចំនួនបានបង្ហាញអំពីការឆ្លើយឆ្លងសារស្នេហា និងមេត្រីភាពរវាងលោក ហ៊ុន ម៉ានី និងតារាស្រីៗ ក្មេងៗមួយចំនួនតាមបណ្តាញហ្វេសប៊ុក។
គណនីនិងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហ៊ុន ម៉ានី ដែលមានឈ្មោះថា Hun Mani និង Hun Many ត្រូវបានក្រុមជនអនាមិកវាយលុកយកទៅកាន់កាប់កាលពីថ្ងៃពុធកន្លងទៅ ក្រោយការប៉ុនប៉ងជាច្រើនលើកក្នុងប៉ុន្មានថ្ងៃចុងក្រោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយលេខាធិការដ្ឋានរបស់លោក។
ក្នុងសេចក្តីជូនដំណឹងដែលផ្ញើមកកាន់អ្នកសារព័ត៌មាន និងផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះ៖
«ទន្ទឹមនឹងការព្យាយាមរិះរកលទ្ធភាពគ្រប់បែបយ៉ាងដើម្បីទាញយកគណនីនិងទំព័រនេះមកវិញ ក្រុមការងារក៏បានជូនដំណឹងជាផ្លូវការរួចហើយដែរ ទៅកាន់នាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការលើករណីនេះ»។
មកដល់ពេលនេះ មិនទាន់មានជនណាមួយអះអាងទទួលខុសត្រូវចំពោះការវាយលុកកាន់កាប់ ឬបង្ហោះវីដេអូអំពីការទំនាក់ទំនងរបស់លោក ហ៊ុន ម៉ានី និងនារីស្រស់ក្មេង នៅឡើយនោះទេ។
លោក ហ៊ុន ម៉ានី ជាកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសបីនាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលទំនងជាត្រូវបានជ្រើសរើសឱ្យស្នងលោកនាយករដ្ឋមន្ត្រី។ តំណាងរាស្ត្រ ហ៊ុន ម៉ានី បានកាន់តំណែងជាច្រើនក្នុងសង្គមនិងសាធារណៈ រួមទាំងជាតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សកាន់អំណាចក្នុងមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហព័ន្ធយុវជនកម្ពុជាដ៏មានឥទ្ធិពលផងដែរ៕