ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន ម៉ាណែត៖ ការ​ទប់ស្កាត់​មនោគម​វិជ្ជា​ជ្រុល​និយម​ជួយ​កម្ពុជា​ផុត​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ពិសេស​ជាមួយ​នឹង​លោក ម៉ែន គឹមសេង​នៃ VOA ​ថា៖ «មក​ដល់​ម៉ោង​នេះ​គឺ​យើង​នៅ រក្សា​បាន​ស្ថិរភាព​ជាច្រើន​ក្រោយ​ពី​ប្រទេស​យើង​បាន​ចប់​សង្គ្រាម​ប៉ុន្តែ​សុខ​សន្តិភាព​នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ឬសំណាង​សុទ្ធ​នោះទេ‍»។

កម្ពុជា​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​របស់​ប្រទេស​ជា​មិត្ត ​ដែល​មាន​គោលដៅ​រួម​ក្នុង​ការ​ទប់​ស្កាត់​ប្រឆាំង​ភេរវកម្ម ​​ហើយ​ស្ថាប័ន​ជំនាញ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ក៏បាន​ចូលរួម​ដើម្បី​ទប់​ស្កាត់​នូវ​បាតុភាព​នេះ។

ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​មួយ​ចំនួន​នៅ​សហគមន៍​អឺរ៉ុប និង​ប្រទេស​ជិតខាង​ ដែល​មាន​ប្រទេស​ថៃ​ និង​ឥណ្ឌូនេស៊ី​ទទួលរង​ការ​វាយ​ប្រហារ​ដោយ​សកម្មភាព​ភេរវកម្ម មន្ត្រី​កម្ពុជា​អះអាង​ថា វិធានការ​បង្កា​ទប់​ស្កាត់​ដែល​ខ្លួន​ប្រើប្រាស់​ជួយ​មិន​ឱ្យ​មាន​បាតុភាព​ណាមួយ​ ដែល​អាច​នឹង​រង​ការ​វាយ​ប្រហារ​ភេរវកម្ម​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មេ​បញ្ជាការ​កងទ័ព​កម្ពុជា។

លោក​ឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ពិសេស​ជាមួយ​ VOA ​ថា​៖​«មកដល់​ម៉ោងនេះ​គឺ​យើង​នៅ​រក្សា​បាន​ស្ថិរភាព​ជាច្រើន​ក្រោយ​ពី​ប្រទេស​យើង​បាន​ចប់​សង្គ្រាម។ ប៉ុន្តែ​សុខ​សន្តិភាព​នេះ​ មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ ឬ​សំណាង​សុទ្ធ​នោះទេ‍»។

លោក​បន្ថែម​ថា​ កម្ពុជា​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​របស់​ប្រទេស​ជា​មិត្ត ​ដែល​មាន​គោលដៅ​រួម​ក្នុង​ការ​ទប់​ស្កាត់​ប្រឆាំង​ភេរវកម្ម ហើយ​ស្ថាប័ន​ជំនាញ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ក៏បាន​ចូលរួម​ដើម្បី​ទប់​ស្កាត់​នូវ​បាតុភាព​នេះ។

ក្នុង​ពេល​ថ្មីៗ​នេះ​ មាន​ប្រទេស​មួយ​ចំនួន​បាន​រងការ​វាយ​ប្រហារ​ដោយ​ក្រុម​ភេរវករ​ក្នុង​ទ្រង់​ទ្រាយ​ធំ ដូចជា​ការ​វាយប្រហារ​នៅទីក្រុង​ប្រ៊ុចសែល​ ប្រទេស​ប៊ែលហ្សិក ក្នុង​ខែ​មីនា​ឆ្នាំ​២០១៦ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៣០​នាក់ ​និង​របួស​ជាង​៣០០​នាក់។ ការ​វាយ​ប្រហារ​ដោយ​ក្រុម​ភេរវករ​លើ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​១៣០នាក់​ស្លាប់​បាត់​បង់ជីវិត។​

ការ​វាយ​ប្រហារ​ក៏​រីករាល​ដាល​មក​ដល់​ប្រទេស​ជិតខាង​កម្ពុជា​ផងដែរ ដូចជា​ការ​វាយប្រហារ​នៅទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ខែ​មករា ​ឆ្នាំ២០១៦ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨នាក់​ រួម​ទាំង​អ្នក​វាយ​ប្រហារ​ចំនួន​បួននាក់​ និង​រងរបួស​ចំនួន​ជាង​២០នាក់ ​និង​ការ​វាយប្រហារ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ កាលពី​ខែ​សីហា​ ឆ្នាំ​២០១៥ ដោយ​សម្លាប់​មនុស្ស​អស់​២០នាក់​ និង​បង្ក​របួស​ចំនួន​១២៥នាក់​ជាដើម។​

លោក​ ឈាង វណ្ណារិទ្ធ សហស្ថាបនិក ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្រ្ត​កម្ពុជា​ យល់​ថា​ ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវករ​ទេ ​ដោយ​សារ​តែ​គោលដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ភេរវករ​កន្លង​មក​នេះ​ គឺ​សំដៅ​អ្វី​ដែល​ជាតម្លៃ​នៃ​លោក​ខាងលិច ដូច​ជា​លទ្ធិប្រជាធិបតេយ្យ​ មជ្ឈមណ្ឌល​វប្បធម៌​ និង​សេដ្ឋកិច្ច​បស្ចិម​ប្រទេស​ជាដើម។

លោក​បន្ថែម​ថា​ ប្រទេស​ខ្លះ​នៅ​ក្នុង​តំបន់​ ដូចជា​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ជាដើម ជួប​ប្រទះ​បញ្ហា​ភេរវកម្ម​នេះ គឺ​ដោយ​សារ​តែ​មាន​បណ្តាញ​ក្រុម​ភេរវករ​ដែលធ្លាប់​បាន​ចេញ​ទៅ​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវករ​ឥស្លាម​ នៅ​ក្រៅ​ប្រទេស​ហើយ​ចូល​មកស្រុកវិញ​និង​យក​គោល​ដៅ​ជន​បរទេស​នៅ​ក្នុង​ប្រទេស​នោះ​ដើម្បី​វាយ​ប្រហារ។​

លោក​ក៏​យល់​ឃើញ​ថា​នៅ​មិន​ទាន់​មាន​សញ្ញាណា​ដែល​ឃើញ​ថា​មាន​បណ្តាញ​ក្រុម​ភេរវករ​ណា​ដែល​មក​ពាក់​ព័ន្ធ​នឹង​កម្ពុជា​ទេ។ ប៉ុន្តែ​កម្ពុជា​ក៏​ពុំ​គួរធ្វេសប្រហែស​ដែរ។​

«ក៏ប៉ុន្តែ​យើង​ក៏មិន​អាច​ធ្វេស​ប្រហែល​ដែរ​ ពីព្រោះ​ថា​ បណ្តាញ​របស់​ក្រុម​ភេរវករ​នៅក្នុង​តំបន់​អាស៊ី​គឺ​មាន​ការ​កើនឡើង​ ហើយ​ស្មុគស្មាញ​ ពិបាក​តាមដាន​ ពីព្រោះ​ថា​ ពួកហ្នឹង​ភាគច្រើន​គេ​ប្រើ​តាម​អេឡិកត្រូនិក។ គេ​ទំនាក់​ទំនង​គ្នា​តាម​ប្រព័ន្ធ​ Social Media ​អីចឹង ​វា​ពិបាក​តាម​ដាន​ដែរ​ ក៏ប៉ុន្តែ​អ្វី​ដែល​ព្រួយបារម្ភ​ចំពោះ​កម្ពុជា​យើង ​អាច​ជា​ជម្រក​ ឬ​យក​ខ្មែរ​យើង​ជា​ទីតាំង​ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់។ ហ្នឹង​ក៏​ជា​ហានិភ័យ​មួយដែរ‍»។​

លោក​ អែល រ៉ាហ្វើត ប្រធាន​ចលនា​យុវជន​ម៉ូស្លិម​នៃ​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ថា​កត្តា​ភូមិសាស្រ្ត​ និង​ស្ថានភាព​ដែល​មិន​និយម​តឹងរ៉ឹង​របស់​យុវជន​កម្ពុជា នឹង​មិន​អាច​រុញច្រាន​យុវជន​ឱ្យ​ប្រព្រឹត្ត​សកម្មភាព​ជ្រុលនិយម​ទេ។ ​

«សម្រាប់​យុវជន​យើង​នៅ ស្រុក​ខ្មែរ​គឺ​យុវជន​ឥស្លាម​នៅ​ស្រុក​ខ្មែរ​ អត់​មាន​បញ្ហា​អ្វី​ជាមួយ​នឹង​ភេរវកម្ម​ទេ ​ព្រោះ​អ្វី​យុវជន​យើង​នៅស្រុក​ខ្មែរ​ គិត​តែ​ពី​ខិតខំ​រៀន​សូត្រ ​និង​ធ្វើ​ម៉េច​ខំ​កសាង​ការពារ​ប្រទេសកម្ពុជា ​ហើយ​មិន​ជាប់​ពាក់​ព័ន្ធ​អ្វី​នឹង​ភេរវកម្ម ​ដូច​បណ្តា​ប្រទេស​នៅលើ​លោក​ទេ ​គឺ​ថា​យុវជន​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មិន​ដែល​មាន​គំនិត​អ្វី​ នឹង​ចង់​ទៅ​ធ្វើ​ភេរវកម្ម ​ដូច​បណ្តា​ប្រទេស​ផ្សេងៗ​ទេ​សម្រាប់​នៅ​ស្រុក​ខ្មែរ‍»។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ការ​ពង្រឹង​សមត្ថភាព​កម្ពុជា ​ដើម្បី​ទប់​ស្កាត់​នឹង​សកម្មភាព​ភេរវកម្ម ​ដោយ​សារ​ភ័យ​ខ្លាច​ក្រុម​ភេរវករ​ប្រែក្លាយ​ប្រទេស​នេះ​ជា​ទីកន្លែង​លាក់​ខ្លួន និង​ជាផ្នែក​មួយ​នៃ​ការ​ផ្តោត​ចំណាប់​អារម្មណ៍​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ មក​តំបន់​អាស៊ី។

លោក​ ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​បន្ថែម​ដែរ​ថា៖​«គោលនយោបាយ​របស់​យើង​ គឺ​បាន​ខិតខំ​គ្រប់​បែប​យ៉ាង​ទាំង​កម្លាំង​មាន​សមត្ថកិច្ច ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​ នៅក្នុង​ការប្រឆាំង​ទៅនឹង​មនោគម​វិជ្ជា​ ការ​ពារ​មិន​ឱ្យ​រីក​នៃមនោគម​វិជ្ជា​ជ្រុល​និយម​ ក៏ដូច​ជា​ការ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ភេរវកម្ម​ណាមួយ​នៅលើ​ប្រទេស​ជាតិ​នៅក្នុង​ទឹកដី​របស់​យើង​ផងដែរ‍»។​

ក្នុង​ដំណើរ​មក​សហរដ្ឋ​អាមេរិក​កាលពី​ចុងខែ​មករា​ លោក​ ហ៊ុន ម៉ានី កូនប្រុស​ពៅ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​ជា​អ្នក​តំណាងរាស្រ្ត​ក៏​បាន​ស្នើ​ពី​លទ្ធភាព​នៃ​ការ​សហការ​ធំ​ទូលាយ​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​កម្ពុជា ​ដោយ​ផ្អែក​លើ​ការ​ប្រឆាំង​ភេរវកម្ម​នេះ។ លោក​បាន​លើក​ឡើង​ពី​ការ​ចាប់​មេក្រុម​ភេរវករ​ឈ្មោះ​ ហាំបាលី​ នៃក្រុម​ Jemaah Islamiyah ដែល​មាន​ទំនាក់​ទំនង​នឹង​ក្រុម​អាល់ខៃដា ​ដែល​បាន​ចាប់​ខ្លួន​ក្នុងឆ្នាំ​២០០៣​ ក្នុង​ពេល​ឆ្លង​ចូល​ប្រទេស​ថៃ​ពី​ច្រក​កម្ពុជា​ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួនថា​ ជា​ផ្នែក​មួយ​នៃ​ការ​សហការ​លើ​ផ្នែក​ស៊ើបការណ៍​ផ្អែកលើ​ការ​ប្រឆាំង​ភេរវកម្ម៕

XS
SM
MD
LG