ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​សម្រេច​ទៅលើ​រឿងក្តី​ឱសថ​ព្យាបាល​ជំងឺមហារីក​របស់​ប្រទេស​ឥណ្ឌា ទំនង​ជា​មាន​ឥទ្ធិ​ជាសកល


ប្រទេស​ឥណ្ឌា​នាំចេញ​ឱសថ​ផលិត​ក្នុង​ស្រុក ដែលមាន​តម្លៃ​ប្រមាណ​ជា​១០ពាន់លាន​ដុល្លា​ជារៀងរាល់ឆ្នាំ។
ប្រទេស​ឥណ្ឌា​នាំចេញ​ឱសថ​ផលិត​ក្នុង​ស្រុក ដែលមាន​តម្លៃ​ប្រមាណ​ជា​១០ពាន់លាន​ដុល្លា​ជារៀងរាល់ឆ្នាំ។
ដោយ Jessica Berman
សេចក្តី​សម្រេច​ដ៏គួរ​ឲ្យ​កត់​សម្គាល់​ ដោយ​តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌា​នៅក្នុង​សប្តាហ៍​នេះ បាន​បដិសេធ​ចោល​នូវកិច្ចខិតខំ​ប្រឹងប្រែង​មួយ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ស្វីស ណូវ៉ាទីស (Novartis) ដែល​ចង់ពង្រីក​ការការពារ​ប្រកាសនីយប័ត្រ​ឬប័ណ្ណ​ប៉ាតង់ សម្រាប់​ឱសថ​ព្យាបាល​ជំងឺ​មហារីក​របស់​ខ្លួន ដែល​មាន​ឈ្មោះថា គ្លីវិក (Glivec)។ សេចក្តីសម្រេច​នេះ​ត្រូវបានចាត់​ទុក​ថា​ជា​ការវាយ​ប្រហារ​មួយ​ទៅលើ​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​បស្ចិម​ប្រទេស ដែល​ស្វែងរក​ការការពារ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​របស់​ពួកគេ។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា សេចក្តី​សម្រេច​នេះ​អាចផ្តល់​សេចក្តី​ក្លាហាន ដល់​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំងឡាយ​នៅក្នុង​ប្រទេស​ផ្សេងៗទៀត ដែល​មាន​បំណង​ផលិត​ប្រភេទ​ឱសថ​នៅក្នុង​ស្រុក ដែល​ចម្លងចេញ​ពីឱសថ​ដែលមាន​ស្លាក​យីហោ។ ហើយ​ដូចដែល ចេសស៊ីកា ប័រមែន (Jessica Berman) នៃ​វីអូអេ​រាយការ នេះ​មាន​ន័យ​ថាជាភាព​អាចរក​បាន​ទូលំទូលាយ​ជាង​មួយ នៃ​ឱសថ​ដែល​មាន​តម្លៃ​ថោកជាង នៅ​ទូទាំង​ប្រទេស​កំពុង​អភិវឌ្ឍន៍។
ប្រទេស​ឥណ្ឌា​មិនមែន​ជា​ប្រទេស​តែមួយគត់ ដែល​ផលិតឱសថ​នៅក្នុង​ស្រុក ដែល​ចម្លងចេញ​ពី​ប្រភេទ​ឱសថ​សំខាន់ៗ​និង​ពេញ​និយមនោះ​ទេ។ ប្រទេស អាហ្សង់ទីន (Argentina) និង​ប្រទេស ហ្វីលីពីន (Philippines) បាន​អនុម័ត​ច្បាប់​យ៉ាងតឹងរឹង ដោយ​បាន​កំណត់​នូវ​ការការពារ​ប្រកាស​នីយប័ត្រ ទៅលើ​ឱសថ​ដែល​មាន​ស្លាក​យីហោ​ទាំងឡាយ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប ដែល​រួមទាំង​ឱសថ​សម្រាប់​ព្យាបាល​វីរុស ហ៊ីវ (HIV) ដែល​ជា​វីរុស​ដែល​បង្កឱ្យមាន​ជំងឺ​អេដស៍ (AIDS) ផងដែរ។
ប្រកាសនីយប័ត្រ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទាំងឡាយ ដែល​ផលិត​ឱសថ​មួយប្រភេទ អាច​រក្សា​សិទ្ធិផ្តាច់មុខ​ក្នុងការ​លក់​ឱសថ​ប្រភេទ​នេះក្នុង​តម្លៃ​ថ្លៃ​ជាងសម្រាប់​រយៈពេល​វែង ដើម្បី​ស្រង់ដើម​មកវិញ​នូវថ្លៃ​ស្រាវជ្រាវ​និង​ថ្លៃ​អភិវឌ្ឍន៍​របស់​ពួកគេ។ ក្រុមហ៊ុន​ផលិត​ឱសថ​របស់​បស្ចិម​ប្រទេស​និយាយ​ថា តម្លៃ​តបស្នង​ទាំងនោះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការអភិវឌ្ឍ​ឱសថថ្មី​និងកាន់តែ​ប្រសើរ​ជាងមុន​ផ្សេងៗទៀត។
នៅក្នុង​ករណី​របស់​ឥណ្ឌា ដែល​បាន​ធ្វើដំណើរ​សន្សឹមៗ​ឆ្លង​កាត់ ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​នេះ​អស់រយៈពេល​៧ឆ្នាំ​មកហើយ​នោះ ក្រុមហ៊ុន ណូវ៉ាទីស បាន​បរាជ័យនូវ​ក្នុងការ​ធ្វើឱ្យ​តុលាការ​កំពូល​ជឿជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ធ្វើការផ្លាស់ប្តូរ​ទៅលើ​ថ្នាំ​ប្រភេទ គ្លីវិក ដែលជា​ប្រភេទ​ថ្នាំសម្រាប់​សម្លាប់​ការីក​នៃ​កោសិកា ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាងទូលំទូលាយ។ ក្រុមហ៊ុន​មិនបាន​បង្ហាញ​អំពី​ភាព​ចាំបាច់​គ្រប់គ្រាន់ ក្នុង​ការទទួលបាន​ដីការ​អនុញ្ញាត​ឱ្យ​បន្ត​ប្រកាស​នីយប័ត្រ​របស់​ខ្លួន និង​សិទ្ធិ​ផ្តាច់មុខ​នៅលើ​ទីផ្សារឡើយ​។
តាហៀ អាមីន (Tahir Amin) គឺជា​នាយក​នៃ​អង្គការ​គំនិត​ផ្តួចផ្តើម​សម្រាប់​ឱសថ សិទ្ធិ​ទទួលបាន និង​ចំណេះដឹង (Initiative for Medicines, Access and Knowledge) ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង ញូវយ៉ក (New York) និង​ដែលជា​អង្គការ​មិនរកប្រាក់ចំណេញ​មួយ ដែល​ធ្វើការ​ទៅលើ​ករណី​ប្រកាសនីយប័ត្រ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ឱសថ។ អាមីន និយាយ​ថា ករណី​នៅក្នុង​ប្រទេស​ឥណ្ឌា ប្រហែល​ជា​នឹងមាន​ផលប៉ះពាល់​យ៉ាងធំធេង។
«នៅទូទាំង​សកលលោក ខ្ញុំ​គិត​ថា ប្រទេសមួយ​ចំនួននឹង​សម្លឹង​មើលករណី​នេះ​ហើយ​និយាយ​ថា «ឥណ្ឌា​បាន​ឈរ​លើ​ជំហរ​របស់​ខ្លួន ហើយ​ក៏នឹង​ដឹងច្បាស់ដែរ​ថា តាមពិតទៅ ប្រសិនបើ​ឥណ្ឌា​ឈរ​នៅលើ​ជំហរ​របស់​ខ្លួន ទោះបីជា​ប្រទេស​នេះ​មាន​ជំហរ​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​រឹងមាំ​ជាងមុនក៏ដោយ ហើយ​ប្រហែលជា​នឹង​អាចទប់ទល់ជាមួយ​នឹង​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​បន្តិច​ថែមទៀត​ផង។ ខ្ញុំ​គិត​ថា ប្រទេស​ផ្សេង​ៗទៀត ក៏នឹង​កត់សម្គាល់​ទៅលើ​ករណី​នេះ​ផងដែរ​ហើយ​នឹងនិយាយ​ថា នេះ​គឺជា​ផលប្រយោជន៍​សាធារណ និង​ផលប្រយោជន៍​ផ្នែក​សុខភាពរបស់​យើង ក្នុង​ការអនុម័ត​ច្បាប់​ស្តីអំពី​ប្រកាសនីយ​ប័ត្រ ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល។»
ប្រទេស​ឥណ្ឌា​នាំចេញ​ឱសថ​ផលិត​ក្នុង​ស្រុក ដែលមាន​តម្លៃ​ប្រមាណ​ជា​១០ពាន់លាន​ដុល្លា​ជារៀងរាល់ឆ្នាំ។ ហើយ​ជាមួយនឹង​ប្រទេស​ចិន ឥណ្ឌា​ផលិត​ប្រហែល​៨០​ភាគរយ​នៃ​គ្រឿងផ្សំ ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការផលិត​ឱសថ​នៅក្នុង​សហរដ្ឋអាមេរិក។ ឥណ្ឌា​ក៏បាន​ផលិត​ឱសថចម្លងផលិតក្នុង​ស្រុក​នៃ​ប្រភេទ​ឱសថ​ល្បីៗ​ជាច្រើន​ផងដែរ។
ក្រុមហ៊ុន ណូវ៉ាទីស និង​ក្រុមហ៊ុន​ផលិត​ឱសថ​ផ្សេងៗទៀត​និយាយ​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ឥណ្ឌា ប្រហែល​ជានឹង​បង្ខំ​ឱ្យ​ពួកគេ​ ដកយក​ថវិការ​សម្រាប់​ស្រាវជ្រាវ​របស់​ពួកគេ​ចេញពី​ប្រទេស​ឥណ្ឌា។
លោក ម៉ាក ហ្រ្គេយសុន (Mark Grayson) គឺជា​អ្នកនាំពាក្យ​មួយរូប​សម្រាប់អង្គការ​ស្រាវជ្រាវ​ឱសថ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិកកាំង ឬ​ហៅកាត់​ថា ហ្វាម៉ា (PhRMA) ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំងឡាយ។
«យើង​មានការខកចិត្ត​ចំពោះ​សេចក្តីសម្រេច​នេះ ពីព្រោះ​យើង​ជឿជាក់​ថា សេចក្តី​សម្រេច​នេះ​គឺគ្រាន់តែ​បានបង្ហាញ​ឱ្យឃើញនូវ​បរិស្ថាន​នៃ​ការច្នៃប្រឌិត​ថ្មី ដែល​កាន់តែ​សឹករីករិល​បន្ថែម​ទៀតនៅក្នុង​ប្រទេស​ឥណ្ឌា។»
ប្រភេទ​ឱសថចម្លង​ផលិត​ក្នុងស្រុក អាចត្រូវបាន​លក់ដោយ​ធ្វើឱ្យខូច​តម្លៃដើម​របស់​ឱសថ​ដើម​ដែលមាន​ស្លាកយីហោ។ ឧទាហរណ៍ ឱសថ គ្លីវិក អាចធ្វើឱ្យ​អ្នកជំងឺម្នាក់​ចំណាយ​ប្រហែល​៧ម៉ឺន​ដុល្លា​ក្នុង​មួយឆ្នាំ ខណៈពេល​ដែល​ប្រភេទ​ឱសថ​ចម្លង​ផលិត​ក្នុង​ស្រុក​របស់​ឥណ្ឌា មាន​តម្លៃ​ប្រហែល​២ពាន់ ៥០០​ដុល្លា​តែប៉ុណ្ណោះ។ លោក លោក ហ្រ្គេយសុន ជឿជាក់​ថា អ្នកជំងឺ​ដែល​អាច​មាន​លទ្ធភាពចំណាយ​ទៅលើ​ឱសថ​ដូចជាឱសថ គ្លីវិក គួរ​តែ​បង់តម្លៃពេញ។
«យើង​ជឿជាក់​ថា យើង​ត្រូវតែ​ស្វែងរក​វិធី​ដើម្បី​ទទួលបាន​នូវ​សេដ្ឋកិច្ច​ដែល​កំពុង​តែ​កើនឡើង ដើម្បីបង់​ទៅលើ​ចំណែក​ដ៏សមស្របរបស់​ពួកគេ សម្រាប់​ឱសថ​ប្រភេទ​ថ្មីៗ និងសោហ៊ុយដែល​ត្រូវ​ចំណាយ​នៅ​ក្នុងការអភិវឌ្ឍ​ឱសថ​ប្រភេទ​ទាំងនេះ​ជាច្រើន។»
លោក ហ្រ្គេយសុន និយាយ​ថា អ្នកជំងឺ​៩៥​ភាគរយ​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​មិនអាច​មាន​លទ្ធភាព​ទិញ​ថ្នាំ គ្លីវិក អាច​ទទួលបាន​ឱសថ​នេះ​ដោយ​ឥតគិត​ថ្លៃ តាមរយៈ​កម្មវិធីដែល​គេហៅថា «ការថែទាំ​ដោយក្តីមេត្តាករុណា» ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន ​ណូវ៉ាទីស។
ប៉ុន្តែ តាហៀ អាមិន នៃ​អង្គការ​គំនិត​ផ្តួចផ្តើម​សម្រាប់​ឱសថ​និយាយ​ថា អ្នកជំងឺ​មហារីក​បាន​រាយការ​មកថា វាមាន​ការលំបាក​នៅក្នុង​ទទួល​បាន​ឱសថ​ដែល​ឥតគិត​ថ្លៃ​ទាំងនោះ។
«ប្រសិនបើ​អ្នក​និយាយ​អំពី​មនោសញ្ជេតនា​នៃ​ការផ្តល់​ថវិការ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នោះ​ខ្ញុំ​គិត​ថា មនុស្ស​ភាគច្រើន​នឹង​មិនទទួលបាន​ឱសថ​នោះទេ។ ហើយ​យើង​បាន​ឃើញ​រឿងបែប​នេះ​នៅក្នុង​ករណី​ផ្សេងៗ​ផងដែរ ដែល​ពួកគេ​និយាយ​ថា យើង​មាន​កម្មវិធី​ក្នុងការទទួលបាន​ដូចនេះ​ឬដូចនោះ។ ប៉ុន្តែ មានតែ​ប្រជាពលរដ្ឋ​និង​ប្រទេស​ចំនួន​ប៉ុន្មាន​ភាគរយ​តែប៉ុណ្ណោះ ដែល​ទទួលបាន​ពី​កម្មវិធី​នេះ។»
ប៉ុន្តែ ជាមួយនឹង​តម្លៃ​នៃ​ការអភិវឌ្ឍ​ឱសថ ដែល​ពេលខ្លះ​មាន​តម្លៃ​រហូត​ដល់ទៅមួយពាន់​លាន​ដុល្លា លោក ហ្រ្គេយសុន នៃ​អង្គការ​ហ្វាម៉ា មាន​ការព្រួយបារម្ភ​ថា សេចក្តី​សម្រេច​ទៅលើ​ប្រកាសនីយប័ត្រ​របស់​ឥណ្ឌា​និង​សេចក្តី​សម្រេច​ផ្សេងៗទៀត​ដែល​អាច​នឹង​កើតមាន​បន្តមកទៀត អាច​ធ្វើ​ឲ្យ​យ៉ឺតយ៉ាវ​ ដែល​ប្រភេទ​ឱសថ​ថ្មីៗ​ដែល​ត្រូវការ​ជាចាំបាច់ អាច​នឹង​ចូល​មកក្នុងទីផ្សារ៕
ប្រែសម្រួលដោយ ឌី ខាំបូលី
XS
SM
MD
LG