ព្រឹទ្ធសភាស.រ.អា.បានបោះឆ្នោតដោយមានសំឡេងច្រើនលើសលុបកាលពីថ្ងៃពុធដើម្បីពង្រឹងទណ្ឌកម្មប្រឆាំងរុស្ស៊ីសម្រាប់យុទ្ធនាការរបស់រុស្ស៊ីមកលើការបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីឆ្នាំ២០១៦។ ច្បាប់ថ្មីនេះនឹងត្រូវឲ្យសភាពិនិត្យផងដែរ ប្រសិនបើសេតវិមានសម្រេចថា បន្ធូរបន្ថយ ផ្អាកឬលុបចោលទណ្ឌកម្ម ដែលកំពុងមាននេះ។
កិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរនេះធ្វើឡើងតាមវិសោធនកម្មច្បាប់ដែលព្រឹទ្ធសភាបានពិចារណារួចហើយសម្រាប់ប្រទេសអ៊ីរ៉ង់។ ច្បាប់នេះត្រូវគេរំពឹងថា នឹងមានការគាំទ្រខ្លាំងក្លា នៅពេលប្រជុំព្រឹទ្ធសភាពេញអង្គ ហើយបន្ទាប់មកត្រូវមានការយល់ព្រមពីសភា និងចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump។ ច្បាប់នេះនឹងពង្រឹងទណ្ឌកម្មបច្ចុប្បន្នប្រឆាំងនឹងគម្រោងថាមពលរបស់រុស្ស៊ី និងបន្ថែមទណ្ឌកម្មថ្មីលើអ្នកជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការផ្តល់អាវុធដល់រដ្ឋាភិបាលស៊ីរីហើយនឹងសកម្មភាពលួចចូលប្រព័ន្ធអ៊ីនធើណិត និងការធ្វើជំនួញជាមួយផ្នែកស៊ើបការណ៍សម្ងាត់រុស្ស៊ីនិងក្រសួងការពារជាតិរបស់រុស្ស៊ី។
លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសស.រ.អា.រិះគន់ទណ្ឌកម្មថ្មីនេះ នៅពេលលោកផ្តល់សក្ខីកម្មនៅគណៈកម្មាធិការកិច្ចការបរទេសរបស់សភាកាលពីថ្ងៃពុធ ដោយលោកលើកឡើងថា តើទណ្ឌកម្មឯកតោភាគីនេះអាចមានប្រសិទ្ធភាពលើប្រទេសរុស្ស៊ីឬយ៉ាងណា៕