ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទម្សិលមិញ បានឯកភាពគ្នាលើច្បាប់ពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលក្នុងនោះមានផ្នែកមួយដែលតម្រូវឲ្យសភាធ្វើការពិនិត្យឡើងវិញ ប្រសិនបើសេតវិមានមានការសម្រួល ផ្អាក ឬក៏បញ្ឈប់នូវការដាក់ទណ្ឌកម្មដែលកំពុងតែអនុវត្ត។
ការឯកភាពគ្នារវាងគណបក្សទាំងពីរនៅក្នុងសភានេះ បានធ្វើឡើងនៅក្នុងទម្រង់នៃការធ្វើវិសោធនកម្មទៅលើច្បាប់កន្លងមក ដែលព្រឹទ្ធសភាបានពិចារណាដើម្បីដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។ ច្បាប់នេះត្រូវគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំងក្លា នៅពេលដែលវាឆ្លងព្រឹទ្ធសភា ហើយបន្ទាប់មកនឹងទទួលបានការអនុម័តពីរដ្ឋសភា និងចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump។
សេចក្ដីប្រកាសរបស់មេដឹកនាំគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ស្ដីពីគណៈកម្មាធិការកិច្ចការធនាគាររបស់ព្រឹទ្ធសភា បានបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ «បន្ថែមការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងការរំលោភលើបូរណភាពដែនដីនៃប្រទេសអ៊ុយក្រែន និងតំបន់ Crimea ការវាយប្រហារតាមអ៊ីនធឺណិតដោយមិនមានការអៀនខ្មាស និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ក៏ដូចជាការបន្តនូវភាពគឃ្លើនរបស់ខ្លួននៅក្នុងប្រទេសស៊ីរី»។
វិធានការច្បាប់នេះ នឹងពង្រឹងការដាក់ទណ្ឌកម្មដែលមានស្រាប់លើគម្រោងថាមពលរបស់រុស្ស៊ី ហើយនិងដាក់ទណ្ឌកម្មថ្មីចំពោះអ្នកដែលពាក់ព័ន្ធនៅក្នុងការរំលោភសិទ្ធមនុស្សធ្ងន់ធ្ងរ ការផ្ដល់អាវុធដល់រដ្ឋាភិបាលស៊ីរី ការអនុវត្តនូវសកម្មភាពព្យាបាទតាមអ៊ីនធឺណិត និងការធ្វើការជាមួយនឹងក្រុមស៊ើបការណ៍សម្ងាត់ និងយោធារុស្ស៊ី៕