ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់​កាំភ្លើង​សម្លាប់​មនុស្ស​៩នាក់​និង​ខ្លួន​ឯង​ក្នុង​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ​ California


មន្ត្រី​ប៉ូលិស​​​ពិភាក្សា​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ស្លាប់​មនុស្ស​៩​នាក់​នៅ​កន្លែង​ជួសជុល​រថភ្លើង​មួយ​នៅ​ក្រុង San Jose រដ្ឋ California កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១។
មន្ត្រី​ប៉ូលិស​​​ពិភាក្សា​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ស្លាប់​មនុស្ស​៩​នាក់​នៅ​កន្លែង​ជួសជុល​រថភ្លើង​មួយ​នៅ​ក្រុង San Jose រដ្ឋ California កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១។

ខ្មាន់​កាំភ្លើង​ម្នាក់បាន​បាញ់​ប្រហារ​នៅ​កន្លែង​ជួសជុល​រថភ្លើង​មួយ​នៅ​រដ្ឋ​ California ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​សម្លាប់​មនុស្ស​៩នាក់​មុន​នឹង​សម្លាប់​ខ្លួន។

ប៉ូលិស​បាន​សម្គាល់​អត្តសញ្ញាណអ្នក​បាញ់នោះ​ថា​ជា​បុរស​អាយុ​៥៧ឆ្នាំ​ឈ្មោះ Sam Cassidy ដែល​បាន​ធ្វើ​ការ​នៅ​កន្លែង​អាជ្ញាធរ​ដឹកជញ្ជូន​Valley នៅ​ក្នុង​ទីក្រុង San Jose។

អ្នកស្រី Laurie Smith ប្រធាន​ប៉ូលិស​សង្កាត់ Santa Clara បាន​បញ្ជាក់​ថា Cassidy បាន​សម្លាប់​ខ្លួន​នៅ​ពេល​ដែល​ប៉ូលិស​ទៅ​ជិត​ដល់​គាត់។

មន្ត្រី​ប៉ូលិស​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការបាញ់​ប្រហារ​ហើយ​ក៏​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ប្រភេទ​កាំភ្លើង​ដែល​បាន​ប្រើ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ពី​សេតវិមាន លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បាន​ថ្លែង​ថា លោក​និង​អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris បាន​ទទួល​ព័ត៌មាន​អំពី​ការ​បាញ់​ប្រហារ​នេះ ហើយ​បាន​បញ្ជា​ឲ្យ​ទម្លាក់​ទង់ជាតិ​មក​នៅ​ពាក់​កណ្តាល​ដង។

លោក Biden ​បាន​ថ្លែង​ថា៖ «ជាថ្មី​ម្តង​ទៀត ខ្ញុំ​អំពាវនាវ​ឲ្យ​សភា​ចាត់​វិធានការ​ជា​បន្ទាន់​ហើយ​គិតគូរ​អំពី​ការ​អំពាវនាវ​របស់​ពលរដ្ឋ​អាមេរិកាំង រួម​ទាំង​ម្ចាស់​កាំភ្លើង​ភាគ​ច្រើន​ដើម្បី​ជួយ​បញ្ចប់​ការ​រាត​ត្បាត​នៃ​អំពើ​ហិង្សា​កាំភ្លើង​នៅ​ក្នុង​ប្រទេស​អាមេរិក»៕

XS
SM
MD
LG