ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​នៅ​ហ្គីណេ​​ថា​ ​មនុស្ស​៣​នាក់​បានស្លាប់ ​ក្នុង​ជម្លោះ​អំពីការបោះ​ឆ្នោត 


មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសហ្គីណេលោក Cellou Dalein Diallo ត្រូវបានក្រុមអ្នកគាំទ្រដើរអម នៅក្បែរទីស្នាក់ការកណ្តាលរបស់បក្សនៅទីក្រុង Conakry ប្រទេសហ្គីណេ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសហ្គីណេលោក Cellou Dalein Diallo ត្រូវបានក្រុមអ្នកគាំទ្រដើរអម នៅក្បែរទីស្នាក់ការកណ្តាលរបស់បក្សនៅទីក្រុង Conakry ប្រទេសហ្គីណេ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

គណបក្ស​ប្រឆាំង​ក្នុងប្រទេស​ Guinea ​(ហ្គីណេ) ​និយាយ​ថា ​យ៉ាងហោច​ណាស់​មាន​មនុស្ស​ ៣ ​នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​មួយ​យប់ ​ក្រោយ​គូ​ប្រជែង​បោះ​ឆ្នោត​ប្រធានាធិបតី​លោក​ Cellou Dalein Diallo​ (សេឡូ ដាឡេអិន ដាលឡូ) ​បាន​ប្រកាស​ជោគជ័យ​ពីការ​បោះ​ឆ្នោត ​មុន​ពេល​គណៈកម្មការ​បោះ​ឆ្នោត​របស់​ប្រទេស​នេះ​ បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជាផ្លូវ​ការ​នោះ​។

ការអះ​អាង​ពី​ជោគជ័យ​របស់​លោក Diallo បាន​បង្កើត​ឲ្យ​មាន​ភាព​តាន​តឹង​ និងការខឹង​សម្បា​ពីប្រធានាធិបតីកំពុង​កាន់​អំណាច​គឺលោក ​Alpha Conde (អាល់​ផា ខនឌី)​ ដែល​បាន​ព្យាយាម​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញកាល​ពី​ដើម​ឆ្នាំ​នេះ ដើម្បីអាច​កាន់​អំណាច​បាន​មួយ​អាណត្តិ​ទៀត។ លោក ​Alpha Conde ​បានកាន់​តំណែងជា​ប្រធានាធិបតី​មួយ​ទសវត្សរ៍មក​ហើយ។

នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ ​អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​សម្តែង​នូវ​ការ​បារម្ភ​ថា ជម្លោះនៃ​ការ​បោះ​ឆ្នោត​ ​អាចបណ្តាល​ឲ្យ​មាន​អំពើ​ហិង្សាជាតិ​សាសន៍​ឡើង​វិញ​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​លិច​មួយ​នេះ។​ គណបក្សសហភាពនៃ​កម្លាំង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ហ្គីណេ និយាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ថា ​យុវជន ៣ រូប​ ដែល​មាន​អាយុ​ ១៣​, ១៤, និង ​១៨ ឆ្នាំ​ ត្រូវ​បាន​គេ​សម្លាប់ ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ នៅ​ពេល​ដែល​កង​កម្លាំង​សន្តិសុខ​បាន​បង្ក្រាបពិធី​អបអរ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រឆាំង​។

គណបក្ស​ប្រឆាំ​ង​មួយនេះ បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍ថា ​ខណៈ​ពេល​ដែល​អ្នក​គាំទ្រ​ប្រធាន​គណបក្ស​ប្រឆាំង​លោក ​Cellou Dalein Diallo​ កំពុង​ប្រារព្ធពិធី​អប​អរ​ជ័យ​ជម្នះ​បេក្ខជនរបស់​ពួកគេ កង​កម្លាំង​ការពារ​និង​សន្តិសុខ​ក៏​បាន​មកបង្ក្រាប​ពិធី​សប្បាយ​រីករាយ​នោះ​ យ៉ាង​ឃោរឃៅ។

ដោយ​ឡែក​គណបក្ស​កាន់​អំណាច​របស់​ប្រធានាធិបតី ​Conde ​បាន​ថ្កោល​ទោស​ការ​ប្រកាស​ជោគ​ជ័យ​របស់​គណបក្ស​ប្រឆាំង​ថា​ «គ្មាន​ការទទួល​ខុស​ត្រូវ​ និង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់»៕

XS
SM
MD
LG