ក្រុមគ្រួសាររបស់អ្នកជំងឺកូវីដ១៩ដែលបានស្លាប់ម្នាក់ កំពុងបន្តស្វែងរកសព ក្រោយពីទទួលបានព័ត៌មានយឺតយ៉ាវពាក់ព័ន្ធនឹងការស្លាប់របស់អ្នកជំងឺ និងមិនទាន់ទទួលបានដំណឹងច្បាស់លាស់ពីទីតាំងតម្កល់សព ឬអដ្ឋិធាតុ។
ករណីនេះត្រូវបានបង្ហាញខណៈដែលស្ថានភាពឆ្លងជំងឺកូវីដ១៩កំពុងរន្ថើនមកវិញ ហើយចំនួនអ្នកស្លាប់ដោយសារជំងឺនេះបានកើនឡើងដល់១៨៣នាក់ហើយគិតត្រឹមថ្ងៃអង្គារនេះ ហើយក្រសួងសុខាភិបាលតាំងពីចុងខែមេសាមក ក៏លែងធ្វើសេចក្ដីប្រកាសលម្អិតដាច់ដោយឡែកអំពីករណីស្លាប់របស់អ្នកជំងឺកូវីដ១៩ផងដែរ។
លោក ភិន ទិត្យ អាយុ៤៦ឆ្នាំ ជាឪពុករបស់យុវតីម្នាក់ឈ្មោះ ភិន សុដាលីន អាយុ១៧ឆ្នាំ ដែលបានស្លាប់អំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលដឺព្រីមៀរសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបានថ្លែងប្រាប់ វីអូអេ ថា លោកនិងភរិយាបានយកកូនស្រី ដែលមានជំងឺតម្រងនោម និងជំងឺទឹកនោមផ្អែម ពីខេត្តរតនគិរី មកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែមីនា និងបានសម្រាកព្យាបាលរហូតដល់ថ្ងៃទី២៦ ខែមេសា។
បន្ទាប់មក នៅថ្ងៃទី ២៦ ខែមេសា កូនស្រីរបស់លោកត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយសារឆ្លងពីអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនោះ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលដឺព្រីមៀរសែនសុខ ហើយត្រូវសម្រាកព្យាបាលតែម្នាក់ឯង និងមិនមានសាច់ញាតិនៅក្បែរ។
លោក ភិន ទិត្យ ដែលមានមុខរបរជាកសិករ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានបន្តថា នៅពេលបញ្ជូនកូនស្រីរបស់លោកចេញពីមន្ទីរពេទ្យព្រះកេតុមាលា ក្រុមវេជ្ជបណ្ឌិតមិនបានផ្តល់ឯកសារបញ្ជាក់ណាមួយជូនរូបលោកនោះទេ និងរូបលោកបានត្រឹមផ្តល់ជាលេខទូរសព្ទចំនួនពីរខ្សែសម្រាប់ឲ្យខាងក្រុមវេជ្ជបណ្ឌិតទាក់ទង។
ចំពោះរូបលោក និងភរិយាមិនអាចនៅមើលកូនស្រីបាននោះទេ ព្រោះអ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ ហើយត្រូវស្នាក់នៅរយៈពេល១៤ថ្ងៃ ដោយសារបានប៉ះពាល់កូនស្រីដែលបានឆ្លងជំងឺកូវីដ១៩។ នៅអំឡុងពេលសម្រាកធ្វើចត្តាឡីស័ក លោកមិនទទួលបានការផ្តល់ដំណឹងណាមួយពីកូនស្រីរបស់លោកនោះទេ។
លោកបានឲ្យដឹងបន្តថា ក្រោយពីការបញ្ចប់ការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី១៣ ខែឧសភា លោកនិងភរិយាបានមករកកូនស្រីនៅមណ្ឌលព្យាបាលដឺព្រីមៀរសែនសុខ។ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតនៅមណ្ឌលព្យាបាលនោះបានប្រាប់លោកថា មិនមានឈ្មោះកូនរបស់លោកនៅក្នុងបញ្ជីអ្នកជំងឺនោះទេ។
អាស្រ័យហេតុនេះ លោកនិងក្រុមគ្រួសារបានស្វែងរកកូនស្រី រហូតដល់សម្រេចចិត្តបង្ហោះសារស្វែងរកកូនស្រីតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែឧសភា។ នៅក្នុងការបង្ហោះនោះ មានសរសេរក្នុងន័យដើមថា៖ «បច្ចុប្បន្ន ក្រុមគ្រួសារ កំពុងព្យាយាមស្វែងរក តាមរយៈទីតាំងសម្រាកព្យាបាលជំងឺកូវីដ នៅរាជធានីភ្នំពេញ តែពុំទាន់ទទួលបានដំណឹងទាល់តែសោះ មិនដឹងថា ឥឡូវស្លាប់ ឬរស់? នាងឈ្មោះ ភិន សុដាលិន ភេទស្រី អាយុ ១៧ឆ្នាំ»។
ក្រោយពីមានការបង្ហោះសារដូចនេះ វេជ្ជបណ្ឌិតម្នាក់ពីមណ្ឌលព្យាបាលដឺព្រីមៀរសែនសុខ បានទាក់ទងតាមទូរស័ព្ទមកលោកថា កូនស្រីរបស់លោកបានស្លាប់កាលពីថ្ងៃ២៦ ខែមេសាមកម៉្លេះ។
លោក ភិន ទិត្យ បានថ្លែងប្រាប់ វីអូអេ ដោយបង្ហាញមន្ទិលជុំវិញការផ្តល់ព័ត៌មានពីការស្លាប់របស់កូនស្រីរបស់លោកឲ្យទាន់វេលា។
លោកបានបញ្ជាក់ថា៖ «បាទ ព្រោះរឿងហ្នឹង អត់ទាន់ដឹងច្បាស់ថា ទៅណាទៅណីអញ្ចឹង។ ហើយខ្ញុំនៅតែមិនអស់ចិត្តថា ហេតុអីថ្ងៃស្លាប់ហ្នឹងក៏គាត់មិនទាក់ទងមកខ្ញុំ ហើយតើយកសពហ្នឹងទៅឯណា បូជាឯណា។ ហើយឥឡូវកំពុងតែស្វែងរកសពហ្នឹង តើគាត់យកទៅបូជានៅឯណា។ ហើយទុកធាតុនៅឯណាអីហ្នឹង។ សុំចង់បាន ទាក់ទងសុំធាតុហ្នឹងមកធ្វើបុណ្យធ្វើអីតាមប្រពៃណីអញ្ចឹងទៅណា»។
វីអូអេមិនអាចទាក់ទងសុំបទសម្ភាសពីលោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល បាននៅឡើយគិតត្រឹមរសៀលថ្ងៃអង្គារនេះ។
វេជ្ជបណ្ឌិត គុយ ណូ ដែលបម្រើការងារនៅមណ្ឌលសម្រាកព្យាបាលដឺព្រីមៀរសែនសុខ និងដែលបានដឹងករណីខាងលើ ត្រូវបានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ដកស្រង់សម្ដីថា ឈ្មោះ ភិន សុដាលីន បានស្លាប់នៅថ្ងៃទី២៦ ខែមេសា ហើយអត្តសញ្ញាណរកមិនឃើញដោយសារបាត់ឯកសារ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សអង្គការលីកាដូ យល់ថា បញ្ហាខាងលើនេះអាចបណ្តាលមកពីកំហុសផ្នែកបច្ចេកទេស ឬកង្វះខាតការទទួលខុសត្រូវរបស់អ្នកទទួលបន្ទុកផ្នែកគ្រប់គ្រងអ្នកជំងឺកូវីដ១៩ តាមរយៈការធ្វេសប្រហែស ឬការមិនបានផ្តល់ព័ត៌មានដល់សាច់ញាតិអ្នកជំងឺ។
«ពីព្រោះកន្លងមកយើងឃើញថា ភាគច្រើនគឺ ក្រសួងសុខាភិបាល ឬអ្នកនាំពាក្យក្រសួងសុខាភិបាល តែងតែប្រកាសអំពីអ្នកដែលត្រូវបានស្លាប់ដោយសារជំងឺកូវីដ១៩ហ្នឹង។ ហើយក៏មានការជូនដំណឹងដល់ក្រុមគ្រួសារ ឬក៏ការរៀបចំសម្រួលក្រុមគ្រួសារក្នុងការទទួលនូវធាតុ ឬក៏ឆ្អឹងហ្នឹងសម្រាប់ធ្វើបុណ្យ តាមប្រពៃណី»។
លោកបានបន្តថា៖ «ប៉ុន្តែដោយឡែក ក្មេងស្រី អាយុ១៧ឆ្នាំនេះ យើងឃើញថា មានការប្លែក ដោយសារតែគ្រួសាររបស់គាត់មិនបានទទួលដំណឹងសោះ។ រហូតដល់ពេលចប់ចត្តាឡីស័កមក គាត់មិនដឹងទៅរកឯណា ហើយសួរមិនមានព័ត៌មាន ទើបគាត់ប្រកាសជាសាធារណៈអញ្ចឹងទៅ។ អាហ្នឹងក៏វាធ្វើឲ្យពួកគាត់ហ្នឹងអស់សង្ឃឹមហ្អា»។
លោក អំ សំអាត ក៏បានឲ្យដឹងទៀតផងដែរថា ការការពារសិទ្ធិឯកជនជុំវិញអត្តសញ្ញាណ ឬអាស័យដ្ឋានបុគ្គលដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ជារឿងប្រសើរមួយ។ យ៉ាងណាក្តី លោកលើកឡើងថា ត្រូវតែមានការផ្តល់ព័ត៌មានពេញលេញពាក់ព័ន្ធស្ថានភាពរបស់អ្នកជំងឺកូវីដ១៩ ចំពោះក្រុមគ្រួសាររបស់ពួកគេ៕