ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​បរិស្ថាន​អន្តរជាតិ​មួយ​ស្នើឲ្យ​ប្រទេស​ឡាវ​​ផ្អាក​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ដន សាហុង


រូបឯកសារ៖ សកម្មជន​នៃ​អង្គការ​មិន​មែន​​​រដ្ឋាភិបាល​កម្ពុជា​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​​ដនសាហុង (Don Sahong) របស់​ឡាវ ដោយ​ប្រើប្រាស់​ទូក​ទេសចរណ៍​មួយ​​​​នៅ​​ទន្លេសាប​ក្នុង​​រាជធានធី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។
រូបឯកសារ៖ សកម្មជន​នៃ​អង្គការ​មិន​មែន​​​រដ្ឋាភិបាល​កម្ពុជា​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​​ដនសាហុង (Don Sahong) របស់​ឡាវ ដោយ​ប្រើប្រាស់​ទូក​ទេសចរណ៍​មួយ​​​​នៅ​​ទន្លេសាប​ក្នុង​​រាជធានធី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។

ក្រុម​អ្នក​បរិស្ថាន​ International Rivers បាន​អំពាវនាវ​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​ការសាងសង់ទំនប់​វារីអគ្គិសនី​ដ៏​ធំ​នៅ​លើ​ដង​ទន្លេ​មេគង្គ​ និង​ឲ្យ​ប្រទេស​នេះ ​បន្ត​ការ​ចរចា​ជាមួយ​នឹង​ប្រទេស​ជិតខាង​នៅ​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​អវិជ្ជមាន​ដោយសារការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​ចម្រូងចម្រាសនេះ។

ទំនប់ ដន សាហុង ​ដែល​នឹង​កាត់​ទន្លេ​មេគង្គ​នៅ​ផ្នែក​ខាង​លើ​នៅ​ចម្ងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​ព្រំ​ប្រទល់ប្រទេស​កម្ពុជា ​អាច​នឹង​ផ្តល់​ថាមពល​២៦០​មេហ្គាវ៉ាត់។ គម្រោង​ដែល​សាង​សង់​ដោយ​ក្រុមហ៊ុន​ Megafirst ដែល​ជា​ក្រុមហ៊ុន​មួយ​របស់​ម៉ាឡេស៊ី​ បានធ្វើ​ឲ្យ​មានការ​ជំទាស់​និង​ការ​ព្រួយ​បារម្ភ​ពីសំណាក់​មន្ត្រី​រដ្ឋាភិបាល​ ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និងសហគមន៍​នេសាទ​នៅ​ក្នង​ប្រទេស​ដែល​ជា​សមាជិក​របស់​គណៈកម្មការ​ទន្លេមេគង្គ។

ក្រុម​ការពារ​បរិស្ថាន​បាន​និយាយ​ថា​ ការ​ប៉ះពាល់​ពី​ការ​សាង​សង់​ទំនប់​នេះ​មិន​ត្រូវ​បាន​គេ​សិក្សា​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។ ក្រុម​នេះ​បាន​បន្ថែម​ថា​ ការសាងសង់​ទំនប់​នេះ ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមានដល់​ជីវិត​អ្នក​នេសាទ​រាប់​លាន​នាក់​ ដែល​រស់​នៅ​អាស្រ័យ​លើ​ផល​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​នេះ​។ ទំនប់​នេះ​ក៏​នឹង​អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​គុណភាព​ទឹក​ និង​ផ្លាស់​ទីកន្លែង​របស់​ត្រី​ជា​ច្រើន​ប្រភេទ។

មន្ត្រី​នៃ​ប្រទេស​ឡាវ​បាន​និយាយថា ​ខ្លួន​នឹង​បន្ត​ការ​សាងសង់​ទំនប់​នេះ​ បើ​ទោះ​ជា​មាន​ការ​ជំទាស់​ពី​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​ក៏​ដោយ។

លោក​ស្រី Ame Trandem នាយិកា​កម្មវិធី​អាស៊ី​អាគ្នេយ៍​របស់​អង្គការ​ទន្លេ​អន្តរ​ជាតិ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា៖

«​ទំនប់ ដន សាហុង នេះ​បាន​បង្ក​ឲ្យ​មានការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ការ​ចិញ្ចឹមជីវិត​និង​សន្តិសុខ​ស្បៀង​នៅ​ទូទាំង​តំបន់​នេះ​ ហើយ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ឱកាស​នៃ​ការ​អភិវឌ្ឍ​ន៍​នៅ​ទន្លេ​មេគង្គ​និង​តំបន់​នេះ​ទៅ​អនាគត»។

លោកស្រី​បាន​អំពាវនាវ​ដល់​ប​ណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​និង​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ​ឲ្យ «បង្ហាញ​ឲ្យ​ច្បាស់​អំពី​ការ​ពិភាក្សា​ទៅ​លើ​ទំនប់ ដន សាហុង និង​បន្ត​ការ​ពិភាក្សា​ដើម្បី​ធានា​ថា​ ដំណើរ​ការ​នេះ​មាន​តម្លាភាព​ មាន​ការ​ចូលរួម​ និងការ ​ផ្តល់​មតិ​រិះគន់​ពី​ប្រជាជន​នៃ​ទន្លេ​មេគង្គ​»។

សេចក្តី​ថ្លែងការណ៍​ត្រូវ​បាន​គេ​ធ្វើឡើង ​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ប្រទេស​ឡាវ​កាល​ពី​ដើម​ឆ្នាំ​នេះ។ គណៈកម្មការ​នេះ ​គឺ​ជា​ស្ថាប័ន​រួម​គ្នា​មួយ​ដែល​ត្រូវ​បាន​ប្រទេស​ជា​សមាជិក​ទន្លេ​មេគង្គ​បង្កើតឡើង​ដើម្បី​សម្រប​សម្រួល​ការងារ​គ្រប់គ្រង​ អភិវឌ្ឍន៍​ទឹក​ និងធនធាន​ពាក់ព័ន្ធដ៏ទៃ​ៗ​ទៀត​ប្រកប​ដោយ​និរន្តរភាព ​ដើម្បី​ជា​ផលប្រយាជន៍​របស់​ប្រទេស​ជា​សមាជិក​ និង​សេចក្តី​សុខសាន្ត​បស់​ប្រជាពលរដ្ឋ។

គណៈកម្មការ​នេះ ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ក្នុង​ខែ​មករា​ដែល​នៅ​ពេល​នោះ​ប្រទេស​ដែល​ជា​សមាជិក​បង្ហាញ​នូវ​ការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា។

អ្នក​ស្រី ​លុយ​ រស្មី នាយិកា​ប្រតិបត្តិ​នៃ​សមាគម​ថែ​រក្សា​បរិស្ថាន​និង​វប្បធម៌​ដែល​ធ្វើការ​ជាមួយ​ប្រជា​សហគមន៍​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ មិន​មានអ្នក​តំណាង​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ការ​យល់​ឃើញ ​និង​ការ​ព្រួយបារម្ភរបស់​ប្រជា​សហគមន៍​នៅ​ក្នុង​ការ​ពិភាក្សា​ស្តីពីទំនប់​វារី​អគ្គិសនី​នេះ​ទេ។

ក្រុម​អ្នក​រិះគន់​ដែល​រួម​ទាំង​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ខាង​ក្រោម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ពួក​គេ​ចង់​បាន​ការ​សិក្សា​វាយ​តម្លៃ​អំពី​ផល​ប៉ះ​ពាល់​នៃ​បរិស្ថាន​ពី​ការ​សាងសង់​ទំនប់​នេះ។

លោក​ស្រី Ame Trandem បាន​ហៅ​ដំណើរ​ការ​នៃ​ការ​ធ្វើការ​សម្រេច​ចិត្ត​នេះ​ថា​ ជា​ សារៈសំខាន់​របស់​តំបន់​និង​អន្តរជាតិ។

លោក​ កុល ​វឌ្ឍនា​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​បាន​ថ្លែង​ថា​ ការ​ខ្វែង​គំនិត​គ្នា​នៅ​តែ​មាន​ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​ទៅលើ​គម្រោង​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«បើ​យើង​និយាយ​អំពី​ដំ​ណើរការ​នៃ​ការ​ចរចា​កន្លង​មក ​គឺ​យើង​បាន​ធ្វើ​ទៅ​តាម​និតិវិធី​ ទៅ​តាម​ច្បាប់​ទម្លាប់​របស់​មេគង្គ​ ហើយ​វា​មាន​ការ​យល់​ខុសគ្នា​ខ្លះ​នៅ​ក្នុង​ចំណោមប្រទេស​សមាជិក​ហ្នឹង​នៅ​ត្រឹម​កម្រិត​បច្ចេកទេស​កម្រិត​ពួក​ខ្ញុំ។ គឺ​ថា​ភាគីលាវ​គេ​ថា​ការ​ពិគ្រោះ​យោបល់​ជា​មុន​នេះ​ចប់​ហើយ។ គេ​ថា​អញ្ជឹង។ ហើយ​យើង​ យើង​ថា​វា​មិន​ទាន់​ចប់​ទេ​ ពីព្រោះ​វា​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ទាំងស្រុង​នៅ​ឡើយ។ ដោយ​សារ​គំនិត​វា​នៅ​ខុសគ្នា​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ហ្នឹង។ ប្រទេស​បី ​កម្ពុជា​ វៀតណាម​ ថៃ​ថា​ ការ​សិក្សា​វា​អត់​ទាន់​គ្រប់​ជ្រុងជ្រោយ​ចង់​ពន្យា​ពេល​ដើម្បី​ជជែក​វែក​ញែក​សិក្សា​អោយ​បាន​ល្អិតល្អន់​សិន មុន​ពេល​សម្រេច​ចិត្ត​ថា​ធ្វើ​យ៉ាងម៉េច»។

លោក​បាន​បន្ថែម​ថា​ លោក​មិន​អាច​ឲ្យ​ដឹង​មុន​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​ មុន​នឹង​កិច្ច​ប្រជំុ​នេះ​កើត​ឡើង​បាន​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«ដល់​ទៅ​លើ​ថ្នាក់លើ​ទៀត​ ខ្ញុំ​មិន​ដឹង​ថា​គាត់​នឹង​មាន​មូល​ហេតុ​អ្វី​ច្រើន​ទៀត។ គាត់​នឹង​ជជែក​គ្នា​យ៉ាង​ម៉េច​ទៀត។ យើង​វាយ​តម្លៃ​អត់​បាន​ទេ»។

លោក​ តឹក​ វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ NGO Forum​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ហើយ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ទៅ​លើ​ការ​អភិវឌ្ឍន៍​ និងផល​ប៉ះពាល់​បរិស្ថាន​បាន​និយាយ​ថា ​ ការ​សាងសង់​ទំនប់​នេះ​គួរ​តែ​ត្រូវ​ផ្អាក​រហូតដល់​មាន​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​សិន។ លោកបាន​បន្ថែម​ថា ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​នៅ​ពេល​ខាង​មុខ​នោះ​ក៏​មិន​អាច​នាំ​ឲ្យ​មាន​ការ​យល់​ព្រម​ជា​រួម​ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​របស់​គណៈកម្មកា​ទន្លេ​មេគង្គ​ស្តី​ពី​ការ​សាងសង់​ទំនប់​នេះ​ឡើយ។លោក​បាន​មាន​ប្រសាសន៍​ថា៖

«ទោះ​បី​ជា​ប្រជុំ​ក៏​អត់​មាន​ការ​ឯកភាព​រួម​ដែរ​ទៅ​លើ​គោល​ជំហរ​រួម​ព្រោះ​កន្លង​មក​ភាគី​លាវ​អត់​បាន​គោរព​តាម​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ ក៏​ដូច​ជា​អន្តររដ្ឋាភិបាល​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដែល​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​ផង»។

ប្រទេស​ឡាវ សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន៕

XS
SM
MD
LG