ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​ទទូច​សភាជាតិ​ឱ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​ទំនប់​ដនសាហុង


អ្នក​នេសាទ​កំពុង​បង់​សំណាញ់​នៅ​តំបន់ដនសាហុង។ រដ្ឋាភិបាល​ឡាវ​បាន​រៀបចំ​គម្រោង​សាង​សង់​វារីអគ្គិសនី​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ៦០០លាន​ដុល្លារ​នៅ​តំបន់​នេះ ប៉ុន្តែ​ស្ទាក់ស្ទើ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​គម្រោង​នេះ និង​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​លើធនធានត្រី។ (រូបថត៖ Luke Hunt)
អ្នក​នេសាទ​កំពុង​បង់​សំណាញ់​នៅ​តំបន់ដនសាហុង។ រដ្ឋាភិបាល​ឡាវ​បាន​រៀបចំ​គម្រោង​សាង​សង់​វារីអគ្គិសនី​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ៦០០លាន​ដុល្លារ​នៅ​តំបន់​នេះ ប៉ុន្តែ​ស្ទាក់ស្ទើ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​គម្រោង​នេះ និង​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​លើធនធានត្រី។ (រូបថត៖ Luke Hunt)

សកម្មជន​បរិស្ថាន និង​តំណាង​សហគមន៍​នានា​បាន​យក​ទិវា​បរិស្ថាន​ពិភពលោក​ថ្ងៃទី​៥ ខែ​មិថុនា​ ដើម្បីអំពាវនាវ​សុំ​ឲ្យ​ផ្អាក​ដំណើរការ​ទាំងឡាយ​ទាក់ទង​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី​ដន​សា​ហុង (Don Sahong) នៅ​ប្រទេស​ឡាវ​ដែល​ជាប់​ព្រំដែន​ប្រទេសកម្ពុជា​។

​ក្រុម​យុវជន ដែល​ធ្វើ​ការងារ​លើ​បញ្ហា​បរិស្ថាន​បាន​ជួប​ជុំគ្នា​ជិះកង់​មក​មុខ​វិមាន​រដ្ឋសភា​ កាលពី​ថ្ងៃ​សុក្រ​ ក្នុង​គោលបំណង​សុំ​រដ្ឋសភា​កម្ពុជាធ្វើ​សំណើ​ជា​ផ្លូវការ ទៅ​កាន់​រដ្ឋសភា​នៃ​ប្រទេស​ឡាវ ឲ្យ​ពន្យារ​ពេល​ចុះ​កិច្ចសន្យា​ក្នុង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន​សា​ហុង ជាមួយ​នឹង​ក្រុមហ៊ុន មេ​ហ្គា​ហ្វឺស Mega First Corporation Bhd (MFCB) រហូត​ដល់​ផល​ប៉ះពាល់​ឆ្លងដែន​ទាំងឡាយ​ត្រូវ​បាន​រាប់បញ្ចូល នៅក្នុង​ដំណើរការ​គម្រោង​ទំនប់​នេះ​។

លោក បណ្ឌិត តិក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពីកម្ពុជា។ (រូបថត​ផ្តល់​ឲ្យ​ដោយ តិក វណ្ណារ៉ា)
លោក បណ្ឌិត តិក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពីកម្ពុជា។ (រូបថត​ផ្តល់​ឲ្យ​ដោយ តិក វណ្ណារ៉ា)

លោក តិក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិការ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​បញ្ជាក់​ថា​ ការទាម​ទារ​របស់​យុវជន​ស្រប​នឹង​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​ធ្វើ​ការ​តស៊ូមតិ​កន្លង​មក​ដែរ៖

​«យើង​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​សភា​ពីរដង​ស្នើ​រដ្ឋ​សភា​តាមរយៈ​យន្តការ​រដ្ឋ​សភា​គឺ​ស្នើ​ឱ្យ​រដ្ឋសភា​កម្ពុជា​សរសេរ​លិខិត​ជា​ផ្លូវការ​ទៅកាន់​រដ្ឋសភា​ឡាវ​ ទៅ​កាន់​រដ្ឋ​សភា​វៀតណាម​ ទៅ​កាន់​រដ្ឋ​សភា​នៃ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជម្រាប​អំពី​សេចក្តី​ព្រួយ​បារម្ភ​របស់​ប្រជាជន​កម្ពុជា​ក៏​ដូចជា​ប្រជាជន​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ ដែល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​អភិវឌ្ឍន៍​ទំនប់​ដនសាហុង ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​ធនធាន​ជលផល​ សត្វ​ផ្សោត ប្រព័ន្ធ​ជីវចម្រុះ ហើយ​នឹង​ជីវិត និង​ជីវភាព​ប្រជាជន​ដែល​ពឹង​អាស្រ័យ​រាប់​លាន​នាក់‍»។​

​រដ្ឋាភិបាល​ឡាវ​បាន​សម្រេច​សាងសង់ទំនប់​វារី​អគ្គិសនី​ដនសាហុង ដែល​មាន​កម្រិត ​២៦០​ម៉េហ្គាវ៉ាត់​នេះ​ស្ថិត​នៅ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីព្រំដែនប្រទេស​កម្ពុជា។ វា​គឺជា​ទំនប់​វារីអគ្គិសនី​ដែល​កៀក​នឹង​ប្រទេស​កម្ពុជា​បំផុត ដែល​នាំ​ឱ្យ​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​ភាគី​កម្ពុជា ថៃ វៀតណាម និង​អង្គការ​បរិស្ថាន​អន្តរជាតិ​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ពឹង​អាស្រ័យលើ​ទន្លេមេគង្គ។

លោក​ ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទីបី​ដែល​ទទួល​បន្ទុក​ផ្នែក​បរិស្ថាន និង​កសិកម្ម​បាន​បញ្ជាក់​ថា ខាងគណៈកម្មការ​បាន​ចុះ​ទៅដល់​មូលដ្ឋាន ហើយ​ស្តាប់​មតិ​របស់​ពលរដ្ឋ​នៅ​ខេត្ត​អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​នេះ។

លោក​បាន​បន្ថែម​ថា៖​«ទំនប់​វារីអគ្គិសនី​ដនសាហុង​នេះគឺ​គណៈកម្មការ​ទីបី​នៃ​រដ្ឋ​សភា​សង្ឃឹម​ថា រាជរដ្ឋាភិបាល​នឹង​ខំប្រឹង​ធ្វើ​ហើយ​ ព្រោះ​បាន​ឃើញ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ហើយ​ ហើយ​ក៏​យើង​ក៏​ធ្វើ​របាយការណ៍​ជូន​ទៅសម្តេច​ប្រធាន​រដ្ឋ​សភា​ដើម្បី ឱ្យ​បញ្ជូន​ទៅ​រាជរដ្ឋាភិបាល​ដែរ​ថា​លើក​ទឹកចិត្ត​ឱ្យ​រាជរដ្ឋាភិបាលហ្នឹង​បន្ត​ប្រឆាំង​នឹង​ទំនប់​វារី​អគ្គិសនី​ដនសាហុង‍»។​

ផែនទី​ទំនប់​ដនសាហុង​របស់​ប្រទេស​ឡាវ
ផែនទី​ទំនប់​ដនសាហុង​របស់​ប្រទេស​ឡាវ

កន្លង​មក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​ក៏​ធ្លាប់​បាន​ចេញ​របាយការណ៍​ច្រើន​មក​ហើយ​ស្តីអំពី​ផល​ប៉ះពាល់​នៃ​ទំនប់​វា​រី ​អគ្គិសនី​ដន​សា​ហុង ដល់​ធនធាន​ត្រី​ និង​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ដល់​ជីវចម្រុះ​ និង​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​សត្វ​ផ្សោត​ដ៏​កម្រ​នៅ​កម្ពុជា​ផង​ដែរ។ ដោយ​ថា​ទំនប់​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ជាង៦លាន​នាក់​ ដែល​រស់នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ ​និង​ទន្លេសាប។

លោក​ តិក វណ្ណារ៉ា​ នៃ​អង្គការ​ NGO Forumបាន​បន្ថែម​ថា ផល​ប៉ះពាល់​មាន​ទំហំ​ធំ​នៅ​ក្នុង​តំបន់៖ «គោលជំហរ​អង្គការ​សង្គម​ស៊ីវិល​ចំណុច​រួមគឺ យើង​ស្នើ​ឱ្យ​បញ្ឈប់​ទាក់​ទង​ការ​អភិវឌ្ឍន៍​ទំនប់​ដន​សាហុង​ ដោយសារ​យើង​ពិនិត្យ​មើល​ឃើញ​ថា​ ផល​ប៉ះពាល់​វា​ធំ​ជាង​ផល​ចំណេញ ហើយ​ផល​ចំណេញ​បាន​មក​តែ​លើ​ក្រុមហ៊ុន​មិនបាន​មកលើ​ប្រជាជន​៦០លាន​ ដែល​ទទួលផល​ផ្ទាល់​ពី​ទន្លេ​មេគង្គ​ ហើយ​នឹង​៣០០លាន​ដែល​ទទួល​ផល​ប្រយោល​នោះ​ទេ‍»។​

ក្រុមហ៊ុន ម៉ាឡេស៊ី​ Mega First Corporation Bhd (MFCB) ​ជា​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​ទំបន់​ដនសាហុង​នឹង​ធ្វើប្រតិបត្តិការ​លក់​ឋាមពល​អគ្គិសនី។

លោក​ Khoo Teng Keat ​នាយកប្រតិបត្តិ​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​កាល​ពី​ចុង​ខែ​ឧសភា​ថា​ ទំនប់​នេះ​នឹង​ធ្វើ​រួចរាល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩ ហើយ​នឹង​ផ្តល់​ចំណូល​ជាង​១០០លាន​ដុល្លារ។ ​

អង្គការ​អន្តរជាតិ​បាន​ទាម​ទារ​ឱ្យ​ក្រុមហ៊ុន​ Mega-First ​បង្ហាញ​នូវ​ការ​ទទួល​ខុសត្រូវ​ដោយ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​សាងសង់​ទាំងអស់ ហើយ​សិក្សា​លើ​ផល​ប៉ះពាល់​ឱ្យ​បាន​ទូលាយ វាយតម្លៃ​លើ​ផល​ប៉ះពាល់​ឆ្លង​ព្រំដែន និង​ពិភាក្សា​ជាមួយ​នឹង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​នៅ​បណ្តា​ប្រទេស​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេមេគង្គ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG