លោកនាយករដ្ឋមន្ត្រីក្រិក Alexis Tsipras បាននិយាយកាលពីថ្ងៃអាទិត្យថាធនាគារប្រទេសលោកនឹងបិទទ្វារ ហើយការដកប្រាក់កាសនឹងត្រូវរឹតត្បិតនៅពេលដែលភាពទាល់ច្រកខាងបំណុលមានភាពធ្ងន់ធ្ងរខ្លាំងឡើងៗរវាងរដ្ឋាភិបាលក្រុង Athens និងបណ្តាប្រទេសនិងអង្គការអន្តរជាតិដែលផ្តល់ប្រាក់កម្ចី។
នៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងផ្សាយតាមទូរទស្សន៍នៅទូទាំងប្រទេសជាតិ លោក Tsipras បានបន្ទោសពួកម្ចាស់ឥណទានដែលឲ្យប្រទេសក្រិកខ្ចីប្រាក់ថា បង្កើតឲ្យមានវិបត្តិនេះដែលគំរាមកំហែងដល់សមាជិកភាពរបស់ប្រទេសក្រិកក្នុងប្លុកប្រទេសជាតិ១៩ដែលប្រើប្រាស់ប្រាក់អឺរ៉ូ។ លោកមិនបានផ្តល់សេចក្តីល្អិតល្អន់អំពីថាតើធនាគារក្រិកនឹងបិទទ្វាររហូតដល់ពេលណាទេ ឬអំពីទំហំនៃការត្រួតត្រាមូលធន។
មេដឹកនាំក្រិកនិយមនយោបាយខាងឆ្វេងជ្រុលរូបនេះបានហៅ ការណ៍ដែលទ្វីបអឺរ៉ុបច្រានចោលសំណើរបស់ប្រទេសក្រិក ដែលសុំឲ្យមានការពន្យារពេលការសង្គ្រោះខាងហិរញ្ញវត្ថុរបស់ខ្លួនរហូតដល់ក្រោយការបោះឆ្នោតប្រជាមតិនៅថ្ងៃទី៥ខែកក្កដាអំពីថាតើគួរទទួលយកវិធានការចំណាយត្បិតត្បៀតថ្មីៗដែលទាមទារដោយបណ្តាប្រទេស និងអង្គការឲ្យខ្ចីប្រាក់ឬទេថាជា «សកម្មភាពមិនធ្លាប់មានពីពេលមុនដោយស្តង់ដារអឺរ៉ុបដោយនាំឲ្យមានការសង្ស័យអំពីសិទ្ធិរបស់រដ្ឋអធិបតេយ្យមួយក្នុងការធ្វើការសម្រេចចិត្ត»៕