ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រិក​ផុត​ថ្ងៃកំណត់​ក្នុង​ការ​ដាក់​សំណើ​កំណែទម្រង់សេដ្ឋកិច្ច​ដើម្បី​ពន្យា​ពេល​កម្មវិធី​ជួយ​សង្គ្រោះ


ស្រ្តីម្នាក់​ដើរ​ឆ្លង​កាត់​ពីមុខ​ផ្ទាំងគំនូរ​មួយ​នៅ​កណ្តាល​ទីក្រុង​អាតែន​ កាលពីថ្ងៃ​ទី២០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ ប្រទេស​អាល្លឺម៉ង់និង​ក្រិកបាន​​ប្រឈម​មុខ​ជាមួយ​គ្នា​ម្តង​ទៀត​ក្នុង​កិច្ច​ប្រជុំ​នៃ​ប្លុក​ប្រទេស​ប្រើប្រាស់​ប្រាក​អឺរ៉ូ​ កាល​ពីថ្ងៃ​សុក្រ​ក្នុង​ការ​ស្វែងរក​កិច្ច​សម្រប​សម្រួល​​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​របស់​ក្រិក​នៅ​ទាទីចុងក្រោយ។

ប្រទេស​ក្រិក​បាន​ឆ្លង​ផុត​ថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ប្រគល់​សំណើ​កែ​ទម្រង់​សេដ្ឋកិច្ច​ដល់​ពួក​ម្ចាស់​ឥណទាន​អឺរ៉ុប​របស់ខ្លួន​ ក៏​ប៉ុន្តែ​បាន​និយាយ​ថា​ ខ្លួន​នឹង​បញ្ចប់​សេចក្តី​ស្នើ​ទាំង​នេះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់​ពន្យា​ពេល​កម្មវិធី​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដល់​រដ្ឋាភិបាល​ក្រុងអាតែន ​(Athens)​ ចំនួន​បួន​ខែ។​

ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អឺរ៉ុប​១៩​នាក់​ក្នុង​ប្លុក​នៃ​ប្រទេស​ប្រើប្រាស់​ប្រាក់អឺរ៉ូ​គ្រោង​នឹង​ពិចារណា​ផែនការ​របស់​ប្រទេស​ក្រិក​នៅ​ថ្ងៃ​អង្គារនេះ។

សំណើ​ទាំងនេះ​មាន​គោលដៅ​ជួយ​ស្តារ​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្រិក​ដែល​មាន​វិបត្តិ​និង​កាត់​បន្ថយ​ចំណាយ​របស់​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ការ​ឲ្យ​ខ្ចី​ប្រាក់ជា​ថ្មី​ជាង​២៧០​ពាន់​លាន​ដុល្លារ​ដែល​នឹង​ផុត​កំណត់​ក្នុង​សប្តាហ៍នេះ។​

ប្រទេស​ក្រិក​មាន​សំទ្បេង​ខ្លះ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ដែល​ខ្លួន​ចង់​ធ្វើ​ដើម្បី​រក្សា​ទុក​កម្មវិធី​ជួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​ ក៏​ប៉ុន្តែ​ល័ក្ខខ័ណ្ឌ​ត្រូវ​តែ​ទទួល​ការ​យល់​ព្រម​ពី​ពួក​ម្ចាស់​បំណុល​អឺរ៉ុប​ ធនាគារកណ្តាលអឺរ៉ុប​ និង​អង្គការ​មូលនិធិ​រូបិយវត្ថុអន្តជាតិ៕

XS
SM
MD
LG