ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្រិក​បានបញ្ជូន​កង​កម្លាំង​ខ្លួន​​ទៅ​​កសាង​​របង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​តួកគី


កងទ័ព​ក្រិក​​យាមល្បាត​ក្បែរ​​ព្រំដតួកគី​ក្រិក​ក្នុង​ភូមិ Kastanies តំបន់ Evros កាលពី​ថ្ងៃអង្គារ​ ទី​១០ មីនា ឆ្នាំ២០២០។
កងទ័ព​ក្រិក​​យាមល្បាត​ក្បែរ​​ព្រំដតួកគី​ក្រិក​ក្នុង​ភូមិ Kastanies តំបន់ Evros កាលពី​ថ្ងៃអង្គារ​ ទី​១០ មីនា ឆ្នាំ២០២០។

ប្រទេស​ក្រិក​បាន​​កៀរគរ​​កងកម្លាំង​ខ្លួន​​ដើម្បី​បង្កើន​កិច្ច​ការពារ​នៅ​តាមបណ្តោយ​​​ព្រំដែន​គោក​របស់​ខ្លួន​ជា​មួយ​ប្រទេស​​តួកគី។​ ចំណាត់​ការ​នេះ​មានឡើង​នៅ​ពេល​​តួកគី គំរាម​កំហែង​ថា​នឹង​​បើកឲ្យ​​ពួក​ជន​ចំណាក​ស្រុក​​រាប់​ម៉ឺន​នាក់​​ទៅ​កាន់​ទ្វីប​អឺរ៉ុប​​ដោយ​កាត់​តាម​ប្រទេស​ក្រិក។

មន្ត្រី​នៅ​ក្នុង​ក្រុងអាថែន​និយាយ​ថា​ពួក​គេបញ្ជូន​ទាហាននិងប៉ូលិសជាង​៤០០​នាក់​ដែល​បានត្រូវ​ហ្វឹក​ហ្វឺនជា​ពិសេស​ដោយ​មាន​រួម​បញ្ចូល​ទាំង​ពួក​ប៉ូលិស​ទប់​ទល់​នឹង​កុបកម្ម​ផង​ទៅ​កាន់តំបន់​Evros ក្នុងភាគឦសាន​ប្រទេស។​

ការ​បញ្ជូន​កង​កម្លាំង​ទាំង​នេះ​កាលពី​ថ្ងៃ​ពុធទី២៧​ខែ​ឧសភា​មាន​បន្ថែម​លើពួក​ទាហាននិង​ប៉ូលិស​១ពាន់​១រយ​នាក់​ដែល​មានរួចស្រេច​ហើយ​នៅ​នឹងកន្លែង​នោះ។​កងកម្លាំង​បន្ថែម៨០០​នាក់​ទៀតត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ទី​នោះក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​នៅ​ពេល​ដែល​ប្រទេស​ក្រិកបង្កើន​ផែនការដូចដែល​លោក​រដ្ឋមន្ត្រី​ការពារប្រទេស​ក្រិក Nikos Papagiotopoulos និយាយ​ថាដើម្បី​ការពារ​ខ្លួន​ឯងប្រឆាំង​នឹង​សកម្មភាព​របស់​ប្រទេស​តួកគី ដោយពង្រីករបង​ព្រំដែន​ដែល​មានរួច​ស្រេច​ហើយ។

លោក​និយាយ​ថា​ពួក​ទាហាន​និង​ប៉ូលិស​នៅ​ក្នុង​តំបន់​នោះ​កំពុង​ឋិត​ក្នុង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។​

ពួកមន្ត្រី​ក្រិក​បាន​និយាយ​ថា​ប្រទេស​ក្រិកពង្រឹងកិច្ចការពារ​របស់​ផង​ខ្លួន​ដោយ​ពង្រីក​របង​នេះពី​ព្រោះ​ក្រិក​មិន​ចង់ភ្ញាក់​ផ្អើលប្រសិន​បើ​ប្រទេស​តួកគី ធ្វើ​សកម្មភាព​ជា​បន្ទាន់​ណា​មួយ។​

ទោះ​ណា​ជា​ប្រទេសទាំង​ពីរ​នេះជា​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់​ក៏​ដោយ​ក៏​ទំនាក់​ទំនងរវាង​រដ្ឋ​ជិត​ខាងគ្នា​ទាំង​ពីរ​នេះបាន​ធ្លាក់​ចុះដល់ចំណុចទាបមួយ​ចាប់​តាំង​ពីប្រធានាធិបតី Recep Tayyip Erdogan នៃ​ប្រទេស​តួកគី បានបើក​ព្រំដែន​ហើយ​អនុញ្ញាត​ឱ្យ​ជន​ភៀស​ខ្លួន​រាប់​លាននាក់​ដែលជាប់គាំងនៅ​ក្នុង​ប្រទេស​លោក​ចេញទៅ​កាន់​ទ្វីបអឺរ៉ុប​ដោយ​ឆ្លង​កាត់​ប្រទេស​ក្រិក។​

ចំណាត់​ការ​នេះបាន​ប្រែក្លាយ​តំបន់ Evros ឱ្យ​ទៅ​ជា​កន្លែងមានគ្រោះ​ថ្នាក់​មួយ​ពី​ព្រោះ​ប្រទេស​ក្រិក​ដែល​មានជនភៀស​ខ្លួន​ជាង១​សែន​នាក់​ហើយនោះបានរុញ​ថយ​ក្រោយ​អ្វី​ដែល​ពួក​មេដឹកនាំ​ក្រិក​ហៅ​ថា​ការ​លុកលុយ​ធំ​មួយ​ដោយពួក​ជន​ចំណាក​ស្រុកកាលពី​ខែ​កុម្ភៈ។​

ដោយសារ​មានការរាត​ត្បាតជា​សាកល​នៃជំងឺ​កូវីដ១៩​ប្រទេស​តួកគី​បាន​បិទ​ព្រំដែន​ខ្លួន​ហើយ​បានបញ្ជា​ពួក​ជន​ចំណាក​ស្រុក​ឱ្យចូល​ទៅ​ក្នុង​មជ្ឈមណ្ឌលទទួល​ពួក​ជន​ចំណាក​ស្រុក​ដែល​បិទ​មិនឱ្យ​មនុស្ស​ចេញ​ចូល​ទេ។​

ក៏​ប៉ុន្តែ​នៅពេលនេះដែលវិធានការបិទប្រទេស​បាន​ត្រូវបន្ធូរបន្ថយ​នៅទូទាំង​ទ្វីប​អឺរ៉ុប​និង​នៅ​កន្លែង​ផ្សេង​ទៀត​រដ្ឋមន្ត្រី​ការ​បរទេស​នៃប្រទេស​តួកគី​បាន​និយាយកាល​ពី​ថ្ងៃទី​២៦​ឧសភា​ថាពួក​ជនចំណាក​ស្រុក​និង​ជន​ភៀស​ខ្លួននៅ​ក្នុងប្រទេស​លោក​គួរ​ប្រុង​ប្រៀប​ខ្លួន​ដើម្បីធ្វើ​ដំណើរ​ជា​ថ្មី​ទៅ​កាន់​អឺរ៉ុប​ហើយ​ការ​ថ្លែង​នេះបាន​នាំ​ឱ្យ​ពួក​មន្ត្រី​នៅក្នុង​ក្រុង​អាថែន​ភ្ញាក់ផ្អើល។​

នៅ​ពេល​នេះប្រទេស​ក្រិកប្រ​ញាប់ប្រញាល់បិទព្រំដែន​គោករបស់​ខ្លួន​ក្នុង​តំបន់ Evros ដោយ​បង្កើន​បី​ដង​ទំហំ​របង​ខ្លួន​ដែល​មាន​រួចហើយចម្ងាយ​១២គ.ម.​ដែល​ជា​ចំណាត់ការមួយ​នាំ​ឱ្យ​រំខាន​ដល់​រដ្ឋាភិបាលក្រុងអង់ការ៉ា។​

លោក Tassos Hadjivassiliou ដែល​ជា​សមាជិក​សភា​អភិរក្ស​និយម​ពន្យល់ថា​ហេតុ​ដូច​ម្តេច​បាន​ជា​វិធានការ​នេះ​របស់​ក្រិក​នាំ​ឱ្យ​មានការ​រំខាន។

លោក​និយាយ​ថា​ការណ៍​នេះ​ជា​ការ​ងាយ​យល់​ណាស់។​លោក​ថ្លែង​ថា​នៅ​ពេល​ណារបង​នេះត្រូវ​ស្ថាបនា​ហើយ ប្រទេសតួកគី​នឹង​មិន​មាន​លទ្ធភាពក្នុង​ការ​រុញច្រាន​ពួក​ជន​ចំណាក​ស្រុកបាន​ទេ។​ហើយ​ប្រសិន​បើ​ការណ៍​នេះ​កើត​មានឡើង​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​នឹង​បាត់បង់​ឥទ្ធិពលខ្លាំង​បំផុត​របស់​ខ្លួន​ប្រឆាំង​នឹង​អឺរ៉ុប...និង​ឱកាស​ខ្លួនក្នុង​ការ​ធ្វើឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​សហភាពអឺរ៉ុប​ហើយ​ក៏​នឹងគ្មាន​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ថែម​ទៀត​ផង។​

សេដ្ឋកិច្ចចុះ​ថមថយ​នៅ​ក្នុង​ប្រទេស​តួកគី និងសម្ពាធខាង​នយោបាយ​លើ​ភាពដឹក​នាំ​របស់លោក Erdogan បង្កើនការ​ព្រួយ​បារម្ភ​អំពី​វិបត្តិ​នេះថែម​ទៀត។​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​អារិភាពរវាងប្រទេសក្រិក​និង​ប្រទេស​តួកគី បាន​កើន​ឡើង​នៅ​ក្នុងតំបន់ Aegean។

កាល​ពី​ដំណាច់​សប្តាហ៍ទី​បីនៃខែឧសភាទាហានតួកគី​រាប់សិបនាក់​បានរារាំង​ពួក​ទាហានក្រិក​មិន​ឱ្យ​ពិនិត្យ​មើលតំបន់វាល​ភក់​នៅ​តាម​បណ្តោយទន្លេ Evros ដើម្បី​ពង្រីក​របង​ព្រំដែន។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​មូល​ដ្ឋាន​និង​ពួកអ្នក​ស្រុក​បាន​និយាយ​ថាពួកគេ​បានឃើញ​ពួក​ទាហានចូល​ទៅ​ក្នុង​ដែនដី​ក្រិកនិង​បោះ​ជំរំ​នៅលើ​ដី​ក្រិក​ដែល​ជា​វីធានការ​មួយ​នាំឱ្យ​រដ្ឋាភិបាលក្រុង​អាថែន ខឹង​សម្បារ​ហើយ​បានដាក់​ពាក្យ​តវ៉ា​ជា​មួយ​រដ្ឋាភិបាលក្រុងអង់ការ៉ា​ក៏​ប៉ុន្តែ​បន្ទាប់​មក​បានបដិសេធ​ថា​គ្មាន​ទាហាន​តួកគីចូល​ក្នុង​ដែនដី​ក្រិក​ទេ។​

លោករដ្ឋមន្ត្រី​ការពារប្រទេស​ក្រិក Nikos Papagiotopoulos បាននិយាយ​ប្រាប់វិទ្យុ​និង​ទូរទស្សន៍​ក្នុង​ស្រុកមួយកាល​ពី​យប់​ថ្ងៃពុធទី​២៧​ឧសភា​ថា​មានចលនានាំ​ឱ្យ​សង្ស័យ​ជា​ច្រើន​នៅ​ពេល​នោះ។

លោក​បានប្រកែក​មិន​ព្រម​ថ្លែង​ឱ្យ​បានក្បោះក្បាយ​ទេ។

ពួក​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ក្រិក​បានព្រមាន​ថា​ជន​ចំណាក​ស្រុក​ជា​អ្នក​រង​គ្រោះ​នៅ​ក្នុងជម្លោះ​ថ្មីៗ​បំផុត​រវាងប្រទេស​ក្រិក​និង​ប្រទេសតួកគី។ជន​ទាំង​នេះនៅ​តែ​ជាប់​គាំង​នៅ​ក្នុងជំរំ​មានមនុស្ស​ណែន​ក្តន់​និង​នៅ​ក្នុង​ស្ថានការណ៍បិទ​ប្រទេស​ដែល​មាន​តទៅ​ទៀត៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ​

XS
SM
MD
LG